ភ្នំពេញ៖ មន្ត្រីសាលាខណ្ឌពោធិ៍សែនជ័យ ទំនើង២នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌតាមចាប់ខ្លួន ក្រោយពួកគេបានបើករថយន្តទៅបុកស្ត្រីម្នាក់ ហើយខឹងស្ត្រីរងគ្រោះជេរបន្តិចបន្តួច ក៏បើករថយន្តមកតាម ហើយឈប់រថយន្តបើកទ្វារចុះមកលោតធាក់ រហូតដួលម៉ូតូរងរបួសទៀតផង នៅល្ងាចថ្ងៃទី២៣ខែធ្នូឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២០០៤ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង២ នាក់ មានម្នាក់ឈ្មោះ ស៊ី សុវណ្ណរិទ្ធ អាយុជាង៣០ឆ្នាំ ជាមន្ត្រីនៅសាលាខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានកម្លាំងនគរបាលតាមចាប់ខ្លួន នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧នេះក្រោយស្ត្រីរងគ្រោះដាក់ពាក្យប្តឹង បន្ទាប់ពីកើតហេតុភ្លាមៗ ហើយម្យ៉ាងទៀត តាមរយៈកាំមេរ៉ាសុវត្ថិភាព នៅមុខផ្ទះប្រជាពលរដ្ឋបានចាប់យ៉ាងច្បាស់ អំពីសកម្មភាពក្រុមមន្ត្រីទំនើងម្នាក់ បានចុះពីលើរថយន្ត មកធាក់នារីរងគ្រោះបន្ថែមទៀត បន្ទាប់ពីកើតហេតុរួចមក។
ស្ត្រីរងគ្រោះឈ្មោះ ឆែ សុផល អាយុជាង២០ឆ្នាំ បាននិយាយថា មុនពេលកើតហេតុ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការនៅទួលគោក លុះមកដល់ផ្លូវ២០០៤ ត្រង់ស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។ បន្ទាប់មក នាងក៏លាន់មាត់ជេរ ហើយបន្តដំណើរមកមុខស្រាប់តែពួកគេទាំង២នាក់ បើករថយន្តតាមទាន់ ហើយមានជនម្នាក់បានបើកទ្វាររថយន្តចុះរត់មកទាត់ធាក់នាងបណ្តាលឲ្យដួលរងបួសតែម្តង ហើយជនបង្កនោះក៏រត់ឡើងជិះរថយន្តគេចបាត់។
បន្ទាប់កើតហេតុ និងមានវីដេអូចែកចាយលើបណ្តាញសង្គមរួចមក អ្នកលេងហ្វេសប៊ុកម្នាក់ បាននិយាយក្នុងផេករបស់ខ្លួនថា បើអភិបាល អភិបាលរង និងមន្ត្រីល្អៗមួយចំនួនទៀត គេខិតខំកសាងកេរ្តិ៍ឈ្មោះ មិនគួរមករងគ្រោះ ព្រោះតែអ្នកឯង២រូបនេះសោះ នេះបើធ្វើការធំទៀត ម្ល៉េះប្រជាពលរដ្ឋនឹងទៅជាយ៉ាងណា ???។ មូលហេតុ ពួកគេបើករថយន្តទៅបុកស្ត្រីម្នាក់ ហើយខឹងស្ត្រីរងគ្រោះជេរបន្តិចបន្តួច ក៏បើករថយន្តមកតាម ហើយឈប់រថយន្តបើកទ្វារចុះមកធាក់ រហូតដួលម៉ូតូរងរបួសស្រាល។ នៅពេលនេះ ជនសង្ស័យទាំង២នាក់ ស្ថិតក្រោមការសួរនាំ នៅអធិការខណ្ឌ ដើម្បីចាត់ការបន្ត។ ទោះបីរបួសស្រាល ក៏ប៉ុន្តែប្រុសវ៉ៃស្រីវាថោក ដឹងអត់?៕ ដោយ៖កូឡាប