ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់ឆ្លងទន្លេហើយបានស្លាប់ទាំងម្តាយនិងទារកនៅក្នុងផ្ទៃហើយប្តីនិងកូនស្រី បានចោទថាពេទ្យមិនយកចិត្តទុកដាក់ជួយសង្គ្រោះដោយគ្មានវេជ្ជបណ្ឌិតប្រចាំការទុកជនរងគ្រោះឲ្យស្លាប់នៅក្រៅបន្ទប់សម្រាល។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១៧ល្ងាចថ្ងៃទី២៦មេសា២០១៩នៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
បើតាមកូនស្រីឈ្មោះផាងលីឌីនអាយុ២០ឆ្នាំដែលនៅជាប់ជាមួយម្តាយបានឲ្យដឹងថា ម្តាយនាងឈ្មោះផន សាវរី អាយុ៤០ឆ្នាំ មានកូនស្រី៣នាក់រូបនាងជាកូនទី២កូនស្រីម្នាក់ទៀតស្លាប់ក្នុងផ្ទៃជាមួយម្តាយជាកូនទី៤រស់នៅភូមិត្រពាំងថ្នាឃុំរាជ្យមន្ទីរស្រុកកំពង់រោទ៌។ម្តាយនាងគ្រប់ខែឆ្លងទន្លេឳពុកនាងបានដឹកមកដល់មន្ទីរពេទ្យខេត្តស្វាយរៀងផ្នែកសម្ភប់នៅថ្ងៃទី២៥មេសា២០១៩វេលាម៉ោង១១និង០០នាទីយប់ពេលនោះគ្រូពេទ្យវាស់ឈាមនិងពិនិត្យចង្វាក់បេះដូងរួចបន្តោងសេរ៉ូម។
រហូតដល់ថ្ងៃទី២៦មេសា វេលាម៉ោង៧និង០០នាទីព្រឹកគ្រូពេទ្យឲ្យនាំម្តាយចុះទៅអេកូ ពេលទៅដល់កន្លែងអេកូ គ្រូពេទ្យប្រចាំការស្តីបន្ទោសដោយប្រើពាក្យមិនសមរម្យទៅលើអ្នកកំដរថា ថ្មើណឹងមានអ្នកអេកូឯណាទាំងព្រឹកកូនស្រីក៏គ្រាម្តាយឡើងទៅជាន់ទី២វិញ។
ប្រភពដដែលបន្តទៀតថាសូម្បីតែដែកព្យូសេរ៉ូម គ្រូពេទ្យបានប្រើកូនជនរងគ្រោះទៅរកយកដែកព្យូសេរ៉ូមខ្លួនឯងដែរ បន្តោងសេរ៉ូមហើយទៅបាត់រហូតដល់ម៉ោង៩ព្រឹកទើបបានអេកូពោះ។
នៅវេលាម៉ោង១រសៀលបុរសជាប្តីនិងកូនបានសួរគ្រូពេទ្យថា សភាពម្តាយនាងដូចជាមិនល្អទេ បើយ៉ាងណាសូមធ្វើការវះកាត់ទៅ គ្រូពេទ្យឆ្លើយថាមិនអីទេ ទុករហូតដល់ម៉ោង៤រសៀលម្តាយនាងប្រាប់ថា ៖ គាត់ធ្វើទុកក្នុងខ្លួនខ្លាំងក្តៅក្នុងខ្លួនខ្សោះទឹកប្រាប់ពេទ្យទៅបើមិនកើតទេឲ្យពេទ្យវះកាត់ទៅ នាងនិងម្តាយធំឃើញស្ត្រីរងគ្រោះធ្វើទុក្ខខ្លាំងត្រូវការជំនួយពីគ្រូពេទ្យបានរត់រកគ្រូពេទ្យឲ្យមកមើលជួយសង្គ្រោះក៏ប៉ុន្តែគ្មានគ្រូពេទ្យប្រចាំការទេរីឯគ្រូពេទ្យម្នាក់មកដល់ប្រាបថាមិនអីទេឲ្យម្តាយគាត់អង្គុយលើកន្ថោខាងមុខបន្ទប់រង់ចាំ ប្រាប់ថា រង់ចាំគ្រូពេទ្យមកសិន លុះដល់ម៉ោង៥និង០០នាទីល្ងាចថ្ងៃទី២៦មេសា ម្តាយគាត់ស្រែកថ្ងូរថាចុកខ្លាំងនិងវិលមុខនាងខំរត់ទៅរកគ្រូពេទ្យគ្មានឃើញគ្រូពេទ្យប្រចាំការម្នាក់ទេម្តាយនាងក៏ចុករហូតបែកពពុះមាត់ស្លឈាមខ្លួនឡើងខ្មៅរលប្រកាច់ដួលនៅខាងមុខបន្ទប់ទើបគ្រូពេទ្យមកសែងចូលក្នុងបន្ទប់ដើម្បីសង្គ្រោះតែអ្វីវាហួសពេលទៅហើយម្តាយនាងបានដាច់ខ្យល់ស្លាប់និងស្លាប់ទាំងកូនក្នុងផ្ទៃតែម្តង។ពេទ្យមកដល់ហើយអង្អែលក្បាលថាកាត់ចិត្តទៅគ្រូពេទ្យជួយអស់លទ្ធភាពហើយតែមិនអាចជួយបាន។តាមពិតគ្មានគ្រូពេទ្យប្រចាំការទេ ម្តាយនាងស្លាប់រួមនិងកូនក្នុងផ្ទៃក៏ស្លាប់គឺដោយការទ្វេសប្រហេសនិងមិនយកចិត្តទុកដាក់របស់គ្រូពេទ្យ។
បុរសជាប្តីឈ្មោះ ផាង សំអុល អាយុ៤៥ឆ្នាំបានចោទប្រកាន់ថាមកពីគ្រូពេទ្យមិនយកចិត្តទុកដាក់ហើយទ្វេសប្រហេសធ្វើឲ្យប្រពន្ធគាត់ស្លាប់។
បុរសជាប្តីនិងកូនៗបានអំពាវនាវដល់រាជរដ្ឋាភិបាលមេត្តាជួយរកយុត្តិធម៌ឲ្យសពប្រពន្ធនិងកូនគាត់ផង។
ទាក់ទិនករណីខាងលើនេះដែរនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៩មេសា២០១៩នេះមានកិច្ចប្រជុំផ្ទៃក្នុងមួយនៅសាលប្រជុំអគារសម្តេចម៉ែនៃមន្ទីរពេទ្យខេត្តស្វាយរៀងដោយមានការអញ្ជើញជាអធិបតីពីលោកតូចប៉ូលីវ៉ា អភិបាលរងនៃគណអភិបាលខេត្តស្វាយរៀងនិងលោកចាន់ដារ៉ានាយកមន្ទីរពេទ្យខេត្តលោកវេជ្ជបណ្ឌិតនិងគ្រូពេទ្យផ្នែកសម្ភប់ជាច្រើនរូបកិច្ចប្រជុំផ្ទៃក្នុងនេះមិនអនុញ្ញាតិឲ្យអ្នកសារព័ត៌មានបានចូលស្តាប់ឡើយរហូតដល់ម៉ោង៤និង៣០នាទីរសៀលកិច្ចប្រជុំបានបញ្ចប់។
ក្រុមអ្នកសារព័ត៌មានយើងបានសុំសម្ភាសលោកចាន់ដារ៉ានាយកមន្ទីរពេទ្យខេត្ដដែរក៏ប៉ន្តែលោកសុំមិនឆ្លើយឲ្យសួរទៅលោកវេជ្ជបណ្ឌិតកែរ រដ្ឋានាយកមន្ទីរសុខាភិបាលខេត្តវិញ។
លោកវេជ្ជបណ្ឌិតកែររដ្ឋានាយកមន្ទីរសុខាភិបាលខេត្តមានប្រសាសន៍ថា ស្ត្រីរងគ្រោះស្លាប់ដោយជម្ងឺគាំបេះដូង មិនមែនស្លាប់ដោយសារពេទ្យធ្វេសប្រហេសឬពេទ្យមិនយកចិត្តទុកដាក់នោះទេ។
បើតាមការពិនិត្យតាមដានស្ថានភាពផ្ទៃពោះនិងតាមការមើលអេកូគឺសភាពធម្មតា អាចសម្រាលតាមធម្មជាតិបាន ហើយបញ្ហាកស្បូនគឺមិនទាន់បើក គ្រូពេទ្យក៏បានដាក់ថ្នាំឲ្យបើកស្បូន គឺស្បូនបើកបាន០៣សង្ទីម៉ែត្រទើបទុកឲ្យកើតតាមធម្មជាតិ មិននិកស្មានថាចៃដន្តស្ត្រីរងគ្រោះមានជម្ងឺគាំងបេះដូងកើតឡើងធ្វើឲ្យគ្រូពេទ្យមិនអាចជួយសង្គ្រោះបានដូច្នេះជនរងគ្រោះស្លាប់ដោយជម្ងឺគាំងបេះដូង។បើតាមមន្ត្រីសុខាភិបាលម្នាក់បង្ហើបឲ្យដឹងថា លោកវេជ្ជបណ្ឌិតយក់ពុទ្ធវិសាល គ្រូពេទ្យព្យាបាលផ្នែកសម្ភប់ទទួលវេនប្រចាំការ គឺមានការធ្វេសប្រហេសនិងនាំឲ្យមានកំហុសបច្ចេកទេសហើយនេះជាលើកទី២ហើយដែលលោកវេជ្ជបណ្ឌិតរូបនេះមានកំហុសបច្ចេកទេសនៅក្នុងឆ្នាំ២០១៨។
មានការទ្វេសប្រហេសបណ្តាលឲ្យមានអ្នកជម្ងឺស្លាប់ម្នាក់ដែរដោយមហាជនសង្កេតឃើញថាបើមានអ្នកជម្ងឺឬអ្នកឆ្លងទន្លេចំវេនល្ងាចថ្ងៃសុក្រនិងថ្ងៃសៅរ៍អាទិត្យគឺច្រើនតែខ្វះលោកវេជ្ជបណ្ឌិតប្រចាំការ។
ទាក់ទិនករណីខាងលើនេះមិនអាចសុំការបំភ្លឺពីលោកវេជ្ជបណ្ឌិតយក់ពុទ្ធវិសាលបានទេមកដល់ល្ងាចថ្ងៃទី៣០មេសា២០១៩នេះ៕ ដោយ ៖ វ៉ៃកូ