ភ្នំពេញ ៖ បុរសនិងស្ត្រីប្ដីប្រពន្ធ២នាក់ ត្រូវបានមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃម្នាក់ និងបក្សពួក បានដកកាំភ្លើងបាញ់រះ៥គ្រាប់សំដៅមកលើរថយន្ត RANGE ROVER របស់ពួកគាត់នៅក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅយ៉ាងសាហាវ បណ្ដាលឲ្យបែកធ្លុះកញ្ចក់រថយន្ត និងបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់សមត្ថកិច្ច កាលពីវេលាម៉ោង១រំលងអាធ្រាត ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែរអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវ៣៦៣ កែងនិងផ្លូវលេខ៦២៨ ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
បុរសរងគ្រោះដែលត្រូវជនបង្កដកកាំភ្លើងបាញ់ប្រហា៥គ្រាប់ខាងលើមានឈ្មោះ ភូរីស្ស ស្តូរ៉ាន់ អាយុ៣៤ឆ្នាំ មុខរបបរកស៊ី ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ និងប្រពន្ធមានឈ្មោះ តាំង សុខឡេង អាយុ៣១ឆ្នាំ មុខរបរបុគ្គលិក ណាកាវើល ស្នាក់នៅជាមួយគ្នា។
ចំណែកជនបង្កមានឈ្មោះ ដួង ណាគ្រី អាយុ៤៧ឆ្នាំ មានមុខងារជាមន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្នាក់នៅផ្ទះលេខ943 ផ្លូវលេខ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងបក្សពួកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនទាំង២នាក់មកអធិការខណ្ឌច្បារអំពៅ ភ្លាមៗ ។
យោងតាមសម្ដីបុរសរងគ្រោះខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់និងប្រពន្ធ បានបើករថយន្តម៉ាក RANGE ROVER ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2U- 4448 ចេញពីហូបអីនៅម្ដុំផ្សារដើមគរ ហើយក៏ត្រឡប់មកផ្ទះវិញនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ខណៈរូបគាត់បើករថយន្តមកដល់មុខអតីតក្លឹបកម្សាន្ត រ៉ុក ក៏ស្រាប់តែមានជនបង្ក២នាក់ បើករថយន្តមួយគ្រឿងម៉ាក LEXLIS RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2B-5153 មកពីក្រោយ ហើយចុចស៊ីផ្លេយ៉ាងសម្បើមដាក់រូបគាត់ ទើបរូបគាត់បន្ថយល្បឿនឈប់សួរថា មានរឿងអី ? រីឯជនបង្កឆ្លើយថា អាញ់ចាប់ហែង..! រួចជនរងគ្រោះក៏ឆ្លើយតបវិញថា ខ្ញុំខុសអី…។
បន្ទាប់មក ជនបង្កបានឲ្យជនរងគ្រោះបើករថយន្តមកអធិការខណ្ឌច្បារអំពៅ រីឯជនរងគ្រោះក៏សុខចិត្តបើករថយន្តមកមុន ខណៈជិតដល់របងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅទៅហើយ ស្រាប់តែជនបង្កម្នាក់ចុះមកបាញ់ប្រហារទៅលើជនរងគ្រោះទាំងមិនទាន់ឈប់រថយន្ត ចំកញ្ចក់ពីក្រោយរថយន្ត RANGE ROVER ចំនួន5គ្រាប់ ធ្វើឲ្យកញ្ចក់រថយន្តបែកធ្លុះធ្លាយ និងបណ្ដាលឲ្យស្ត្រីជាប្រពន្ធភ័យស្លន់ស្លោរហូតដល់សន្លប់បាត់ស្មារតី ។ រួចហើយជនបង្កក៏បានបើករថយន្តចេញពីកន្លែងកើតហេតុមួយភ្លែតក៏ត្រឡប់មកវិញ ។ ភ្លាមៗនោះដែរ ដោយទីតាំងកើតហេតុក្បែរនិងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ទើបធ្វើឲ្យសមត្ថកិច្ចចេញមកអន្តរាគមន៍នាំខ្លួនជនបង្កទាំង២នាក់ចូលទៅក្នុងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសួរនាំតែម្ដង ។ ចំណែកស្ត្រីរងគ្រោះដែលសន្លប់ស្មារតី ត្រូវបានក្រុមគ្រួសារដឹកបញ្ចូនទៅមន្ទីពេទ្យឯកជន ។ រីឯបុរសរងគ្រោះក៏បានមកដាក់ពា្យបណ្ដឹងទៅលើជនបង្កទាំង២នាក់នៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឲ្យសមត្ថកិច្ចជំនាញចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ កូឡាប