ភ្នំពេញ ៖ បន្ទាប់ពីលោកនាយឧត្តមសេនីយ៍នេត សាវឿន ប្រកាសដាក់ពិន័យ លើមន្ត្រីនគរបាលម្នាក់ ដែលបាញ់គំរាមប្រជាពលរដ្ឋនោះ ត្រូវបានលោកវីល្លាម បានអះអាងថា រឿងបាញ់បោះប៉ុនប៉ងមនុស្សឃាត ដល់ថ្នាក់នេះ បែរជាថ្នាក់ដឹកនាំនគរបាលជាតិ ចេញបញ្ជា បានត្រឹមតែដាក់ពិន័យ ហើយបែរជាទៅសុំរកសម្រួល ជាមួយជនរងគ្រោះទៅវិញ លោកបានស្នើឲ្យមានកាត់ទោស នគរបាលនោះតាមច្បាប់ ទោះជាសមត្ថកិច្ចប៉ូលិស ឬក៏ប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានស្មើគ្នា។
លោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិក ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ នៅថ្ងៃទី 2 ខែឧសភានេះឡើងនៅក្នុងផេកហ្វេសប៊ុកផ្លូវការថា ប្រសិនជាជនរងគ្រោះប្ដឹងវាជាសិទ្ធិរបស់ជនរងគ្រោះ ហើយជនល្មេីស ត្រូវទទួលខុសត្រូវចំពោះ បណ្ដឹងព្រហ្មទណ្ឌរបស់ជនរងគ្រោះ ជាពិសេសបទប៉ុនប៉ងមនុស្សឃាត ! រឿងអីបានថ្នាក់លេីបែរជា ព្យាយាមសម្របសម្រួល ជាមួយជនរងគ្រោះទៅវិញ ?
លោកបានបន្ថែមទៀតថា ច្បាប់ត្រូវអនុវត្តន៍ដោយស្មេីភាព ចំពោះមន្ត្រី និងពលរដ្ឋ បើច្បាប់អនុវត្តន៍តែជាមួយពលរដ្ឋ ហើយលំអៀងជាមួយមន្ត្រី តើបង្កេីតច្បាប់មកធ្វេីអ្វី ? ដើម្បីកុំអោយមានការរិះគន់ សូមអនុវត្តន៍ដោយស្មេីភាព ! ក្នុងនាមជាមន្ត្រីដែលមានតួនាទីបម្រើពលរដ្ឋបែរជាយកអំណាចទៅធ្វេីបាបពលរដ្ឋរហូតដល់ថ្នាក់យកអាវុធទៅបាញ់រះលើពលរដ្ឋធ្វេីដូចសង្គមគ្មានច្បាប់ទៅហើយ។ សំណូមពរអាជ្ញាធរ ចាត់វិធានការម៉ឺងម៉ាត់ចំពោះជននេះ ដើម្បីការពារមុខមាត់ តម្លៃកិត្តិយសនគបាលជាតិជាពិសេស ទប់ស្កាត់អោយបានចំពោះវប្បធម៌អន្តរាគមន៍ឆ្វេចឆ្វាច ។
ជនបាញ់បោះសេរីនោះគឺ ឧត្តមសេនីយ៍ផ្កាយ១ ដួង ណាគ្រី មន្ត្រីនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ស្រវឹងស្រា ហើយបើករថយន្តដេញតាមរករឿង រហូតបាញ់ទៅលើរថយន្តជនរងគ្រោះ ២នាក់ប្តី-ប្រពន្ធចំនួន ៥គ្រាប់ យ៉ាងអាណធិបតេយ្យ នៅព្រឹកថ្ងៃទី ២ ឧសភា នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យចាត់ការតាម វិន័យកងកម្លាំងយ៉ាងម៉ឺងម៉ាត់ ហើយនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានឲ្យធ្វើការសម្របសម្រួល ជាមួយភាគីជនរងគ្រោះផងដែរ ចំពោះករណីនេះ។
យ៉ាងណាមិញចំពោះលោក វិល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់បានលើកឡើងថា ការបាញ់បោះយ៉ាងអាណាធិបតេយ្យ ត្រឹមទទួលវិន័យកងកម្លាំង និងសម្របសម្រួលវាមិនយុត្តិធម៌ទេ ដោយលោកទាមទារឲ្យមានការទទួលទោសព្រហ្មទណ្ឌ ។ ហើយលោកបានងឿងឆ្ងល់ ដោយលើកជាសំណួរបន្ថែមទៀតថា ៖ ស្អីគេ ? ដកកាំភ្លេីងបាញ់គេ យ៉ាងអាណាធិបតេយ្យ ត្រឹមតែអនុវត្តន៍វិន័យកងកម្លាំង ហើយព្យាយាមជួយ សម្របសម្រួល ? ចុះទោសព្រហ្មទណ្ឌមានទទួលខុសត្រូវទេ ?៕ ដោយ ៖ កូឡាប