ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្ដន្ទាទោសកូនប្រុសនាយហុងដា ដាក់ពន្ធនាគារ៧ឆ្នាំ និងសង្សារត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ៥ឆ្នាំ ពីបទឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ សំណុំរឿង កូនប្រុសនាយហុងដា និងសង្សារ ដែលប្រកាសនៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ធ្វើឡើងជាអសាធារណៈ។
ជនជាប់ចោទឈ្មោះ ខា សុខេន ហៅនិច ភេទប្រុស អាយុ១៨ឆ្នាំ ជាកូនប្រុសបង្កើតរបស់តារាកប្លែង នាយហុងដា និងឈ្មោះ នេត រស្មីកន្និកា ភេទស្រី អាយុ១៧ឆ្នាំ ជាប់ចោទពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចឈ្មោះ ខា សុខេន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព សម្លាប់ម្តាយចុងឈ្មោះ ស៊ឹម ចន្ធី អាយុ១៩ឆ្នាំ ពិតប្រាកដមែន គឺធ្វើសកម្មភាព តែម្នាក់ឯង កាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅបន្ទប់ខុនដូ របស់ឪពុក (នាយហុងដា) តែក្រោយពេលសម្លាប់រួច សង្សាររបស់ខ្លួន មកពីធ្វើការវិញទាន់ខ្លួនក៏បានអង្វរសង្សារកុំឲ្យឆោឡោ និងជួយយកភួយមករុំសាកសព អូសទៅទុកនៅបន្ទប់ទឹក ព្រមទាំងដោះយកកងដៃ២១កង ជញ្ជៀន១វង់ ទូរស័ព្ទណូគា១គ្រឿង និងម៉ូតូ១គ្រឿង ចាកចេញ តែម្តង៕ ដោយ ៖ បញ្ញាស័ក្តិ