ភ្នំពេញ៖ បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ដោយសារតែទំនាស់ពាក្យសំដីគ្នានៅក្នុងវង់ផឹកស៊ីរហូតឈានដល់វាយតប់កាប់ចាក់គ្នាដូច្នេះ។ មនុស្សចំនួន៦នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីនេះ ដែលកើតឡើងកាលពីម៉ោង១រំលងអាធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ០១៧ នៅភូមិសែនសុខ សង្កាត់ឃ្មួញខណ្ឌសែនសុខ ។
លោកអនុសេនីយ៍ឯក ញាណ នន នាយប៉ុស្ត៍នគរបាលរដ្ឋបាលឃ្មួញ បាននិយាយថា មូលហេតុករណីទំនាស់នេះ គឺភាគីជនរងគ្រោះ មានទំនាស់ពាក្យសំដីគ្នាជាមួយភាគីខាងបង្ករហេតុនៅក្នុងវង់ផឹកស៊ីមួយ ប៉ុន្តែបានធ្វើការសម្របសម្រួល គ្នាចប់អស់ម្តងហើយរួចក៏បែកផ្លូវគ្នារៀងៗខ្លួន។
លោកបន្តថា៖ ក្រោយមកខាងភាគីខាងជនបង្ករបាននាំបក្ខពួកទៅផឹកស៊ីបន្តទៀត នៅកន្លែងផ្សេងមានគ្នា៣នាក់ ៖ ១.ឈ្មោះ ថន ចាន់ណាក់ ហៅខ្មៅ អាយុ១៧ឆ្នាំ ។ ២.ឈ្មោះឡេង សុភ័ស្ត អាយុ៣២ឆ្នាំ។ ៣. ឈ្មោះ ហេង ចន្ថា អាយុ៣៧ឆ្នាំ នាំគ្នាកាន់ដាវ ដែកទីប និងដំបងឈើ មកស្ទាក់កាប់ភាគីទី១ស្លាប់ម្នាក់នៅតាមផ្លូវ សពឈ្មោះ ហេង ដារ៉ា(ហៅចិត្រា) បន្ទាប់មកជនបង្ករនាំគ្នាទៅតាមស្រែកហៅគូទំនាស់ម្នាក់ទៀតឈ្មោះ ប្រាក់ សុខុន ដល់មុខផ្ទះស្រែកថា អញសម្លាប់គ្នាពួកឯងបានម្នាក់ហើយ ឯងខ្លាំងចេញពីក្នុងផ្ទះមក ពេលនោះជនរងគ្រោះបើកទ្វារចេញមកក៏ត្រូវក្រុមជនបង្កកាប់រងរបួសធ្ងន់តែម្តង រួចគេចខ្លួនពីកន្លែងកើតហេតុបាត់។
លោក នន បានមានប្រសាសន៍ថា៖ រឿងរ៉ាវនេះលោកបានទទួលពត៌មាននៅម៉ោង១រំលងអាធ្រាត្រទៅហើយ លោកបានបោះដៃតាមវិទ្យុទាក់ទងភ្លាមៗនាំកងកម្លាំង ទៅជួយអន្តរាគមន៍ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ តែក្រោយមកនៅវេលាម៉ោង៥ព្រឹក ជនរងគ្រោះម្នាក់ឈ្មោះ ហេង ដារ៉ា បានស្លាប់នៅមន្ទីពេទ្យព្រះកុសុមះ។
មន្ត្រីនគរបាលបានបញ្ជាក់ថា កម្លាំងព្រហ្មទណ្ឌអធិការខណ្ឌសហការជាមួយនគរបាលប៉ុស្តិ៍ឃ្មួញបានចុះធ្វើការភ្លាមៗទាំងយប់ ឃាត់ខ្លួនជនពាក់ព័ន្ឋចំនួន៦នាក់ផ្សេងទៀត នៃភាគីទាំង២នោះយកមកសាកសួរនៅអធិការដ្ឋាន ដើម្បីរកមុខជនដៃដល់មកផ្តន្ទាទោសតាមច្បាប់ ។
ជនសង្ស័យភាគីខាងបង្ករមាន៣នាក់ ១.ឈ្មោះ ថន ដាណាក់ ហៅខ្មៅ អាយុ១៧ឆ្នាំ នៅភូមិសនសុខ៥។ ២.ឈ្មោះ ឡេង សុភ័ណ្ឌ ហៅក្រូច អាយុ៣២ឆ្នាំ នៅភូមិសែនសុខ៤។ ៣.ឈ្មោះ ខេង ចន្ថា ហៅណៃ អាយុ៣៧ឆ្នាំ នៅភូមិសែនសុខ៥។
គូរកនភាគីជនរងគ្រោះ មាន ១.ឈ្មោះ ប្រាក់ សុជាតិ អាយុ១៦ឆ្នាំ នៅភូមិសែនសុខទី៤។ ២.ឈ្មោះ នង ដារ៉ា ហៅប៉ាវ អាយុ១៧ឆ្នាំ នៅភូមិសែនសុខ៦។ ៣.ឈ្មោះ សឹុម ហើយ អាយុ២៣ឆ្នាំនៅភូមិសែនសុខ៤ សង្កាត់ឃ្មួញ។ នៅកន្លែងកើតហេតុ ប៉ូលិសបានប្រមូលវត្ថុតាង មានដាវកែច្នៃ១ ដំបងដែកទីប ដំបងឈើ៕ ដោយ៖បញ្ញាស័ក្តិ