ភ្នំពេញ ៖ ប្រជាពលរដ្ឋបានចោទប្រកាន់លោកប៉េអឹមម្នាក់ ពាក់ផ្កាយ ១ ថា បានសាងសង់សំណង់រឹងមាំ រំលោភលើដីរបស់ពួកគាត់ ហើយពួកគាត់បានប្ដឹងទៅអាជ្ញាធរខណ្ឌសែនសុខ ដើម្បីចុះអន្តរាគមន៍។ ជាពលរដ្ឋបានលើកឡើងថា ម្ចាស់សំណង់នោះ ជាមន្ត្រីប៉េអឹម មានមុខមាត់ម្នាក់ ដែលជាមន្ត្រីអនុវត្តច្បាប់ច្បាប់ ប៉ុន្តែមកសង់សំណង់រំលោភលើដីប្រជាពលរដ្ឋ ក៏ដូចជារំលោភច្បាប់ផងដែរ។ តើឲ្យប្រជាពលរដ្ឋសង្ឃឹមអ្វី បើសមត្ថកិច្ចមិនគោរពច្បាប់ទៅហើយ ។
ការចុះផ្អាកសំណង់របស់លោកឧត្តមសេនីយ៍ត្រី មាស ដូណារ៉ា នេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អាជ្ញាធរខណ្ឌសែនសុខបានឲ្យដឹងថា បន្ទាប់ពីទទួលពាក្យបណ្តឹង របស់ពលរដ្ឋជិតខាង ពាក់ព័ន្ធករណីរំលោភយកព្រំដី និងចុះទៅពិនិត្យឃើញថា លោកឧត្តមសេនីយ៍ត្រី មាស ដូណារ៉ា ពិតជាបានសាងសង់សំណង់ លើសពីអ្វីដែលលោក បានស្នើសុំទៅអាជ្ញាធរ និងបានសាងសង់ប៉ះពាល់ ដល់ព្រំដីអ្នកជិតខាង ដូច្នេះអាជ្ញាធរ បានសម្រេចចុះផ្អាកសំណង់នេះ ជាបណ្តោះអាសន្ន ដោយរង់ចាំការដោះស្រាយគ្នា៕ ដោយ ៖ បញ្ញាស័ក្តិ