Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ ចេញសេចក្តីជូនដំណឹងស្តីពីការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២១ ខែ តុលាឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯកចៅ ភិរិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ បានឲ្យដឹងថា យោងតាមបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។

អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់បណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តាប្រភេទទ័ព និង ទ័ពជំនាញទាំងអស់ឱ្យបានជ្រាបថា ដើម្បីធានាឱ្យបានកាន់តែល្អប្រសើរនូវវិន័យសណ្តាប់ធ្នាប់ ការគារព ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ពង្រឹងទប់ស្កាត់ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទដែលបណ្តាល ឱ្យប៉ះពាល់ដល់សង្គមសាធារណៈដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បុគ្គលអ្នកប្រើប្រាស់មួយចំនួនមាន ភាពក្រអឺតក្រទមមិនសក្តិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ ។ អគ្គនាយកដ្ឋាន សម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ សូមដាក់ចេញនូវវិធានការកំណត់ក្នុងការប្រើប្រាស់ផ្លាកលេខ ចរាចរណ៍ខេមរភូមិន្ទ សម្រាប់កងយោធពលខេមរភូមិន្ទដូចខាងក្រោម៖

១- យានយន្តដែលអាចបំពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ រួមមានៈ

  • យានយន្តដែលរដ្ឋបំពាក់
  • យានយន្តជាជំនួយពីបណ្តាប្រទេសនានា សម្រាប់អង្គភាពកងទ័ព
  • យានយន្តជាអំណោយពីសប្បុរសជននានា សម្រាប់អង្គភាពកងទ័ព
  • យានយន្តជាកម្មសិទ្ធិរបស់រដ្ឋដែលអស់ប្រសិទ្ធភាពប្រើប្រាស់ ហើយត្រូវកែច្នៃរៀបដំឡើងសារជាថ្មី
  • យានយន្តដែលទទួលបានពីការសម្រេចរបស់តុលាការ
  • យានយន្តដែលបានបំពេញកាតព្វកិច្ចបង់ពន្ធនាំចូល និងអាករផ្សេងៗរួចរាល់ ។
    ២- នាយទាហានដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវគោរព តាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាកំណត់ ។ ក្នុងករណីរំលោភបំពាន ការប្រើប្រាស់ផ្លាកលេខចរាចរណ៍ ខេមរភូមិន្ទត្រូវបានដកហូតមករក្សាទុកនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិវិញ ។

៣- នាយទាហានដែលបានចូលនិវត្តន៍ ពលី មរណៈ និងពិការ ត្រូវអស់កាតព្វកិច្ចប្រើប្រាស់ផ្លាក លេខចរាចរណ៍ខេមរភូមិន្ទ ក្រសួងការពារជាតិវិញ ។ និងត្រូវបានដកហូតមករក្សាទុកនៅអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស

៤- នាយទាហានដែលបានប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបម្រាមកំណត់ដូចខាងក្រោមៈ

  • ហាមយកយានយន្តដែលពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅធ្វើការជួលបន្តឱ្យបណ្តា ក្រុមហ៊ុន ស្ថាប័ន ឬរូបវន្តបុគ្គលនានាប្រើប្រាស់ឡើយ ។
  • ហាមយកផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ទៅបំពាក់លើយានយន្តផ្សេងទៀត ដែលខុសពី ប្រភេទយានយន្តដែលបានស្នើសុំ ។
  • អ្នកប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ ត្រូវតែជានាយទាហានជាយោធិន នៃកងយោធពលខេមរភូមិន្ទ និងអាស្រ័យមេបញ្ជាការអង្គភាពបញ្ជាក់ស្នើសុំបំពេញបែបបទ តាមឋានានុក្រម ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ ។ ចំពោះក្រុមហ៊ុនសហការវិនិយោគជាមួយវិស័យការពារជាតិ ក៏ត្រូវបានអនុវត្តដូចគ្នា ។ ក្នុងករណីដែលអនុវត្តខុសពីបម្រាមកំណត់ខាងលើ អគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួង ការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន ។

ខ្លឹមសារខាងលើ ត្រូវបានអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ អាស្រ័យហេតុនេះ សូមបណ្តា ស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន គ្រប់បណ្តាប្រភេទទ័ព និងទ័ពជំនាញ ទាំងអស់ដែលប្រើប្រាស់ផ្លាកលេខចរាចរណ៍ខេមរភូមិន្ទ មេត្តាជ្រាប និងអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×