ភ្នំពេញ ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាផ្សេងៗ ដែលជាក្តីកង្វល់របស់វិស័យឯកជនស្នើឡើង តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈរហូតដល់៦៩% ក្នុងចំណោមបញ្ហាសរុបចំនួន១១៥។
ក្នុងកម្មពិធីសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤
ដែលត្រូវបានធ្វើឡើង នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ Shangri-La ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, អ្នកឧកញ៉ា គិត ម៉េង ក៏ជាប្រធានគណៈកម្មាធិការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជន តំណាងផ្នែកឯកជន ផងដែរនោះ បានថ្លែងថា វេទិការរាជរដ្ឋាភិបាល-វិស័យឯកជន (G-PSF) បានក្លាយជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ចាប់តាំងពីវេទិការដ៏សំខាន់នេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី, ចាប់តាំងពីពេលនោះមក យន្តការនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុញ្ញាតឱ្យផ្នែកឯកជន លើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងអន្តរាគមន៍ពីផ្នែករាជរដ្ឋាភិបាល ក្នុងសម័យកាលបន្តវេនដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។
ចំណុចនៃការសាទររបស់ អ្នកឧកញ៉ា គិត ម៉េង នេះ គឺត្រង់ថា អ្នកឧកញ៉ា បានគូសបញ្ជាក់ថា គិតចាប់ពីក្រោយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤ បញ្ហាចំនួន១១៥ ដែលលើកឡើងដោយក្រុមការងារផ្នែកឯកជនទាំង១៦ ត្រូវបានរាជរដ្ឋាភិបាល ធ្វើការដោះស្រាយបានបញ្ហា ចំនួន ៧៩ ស្មើនឹងប្រមាណ ៦៩% រីឯបញ្ហា ចំនួន ៣៦ ស្មើនឹងប្រមាណ ៣១% កំពុងត្រូវបានបន្តដោះស្រាយ, អ្នកឧកញ៉ា មានជំនឿយ៉ាងមុតមាំថា បញ្ហាដែលនៅសេសសល់ រាជរដ្ឋាភិបាល នឹងមានដំណោះស្រាយចំពោះបញ្ហាទំាងនេះប្រកបដោយគណនេយ្យភាព និងប្រសិទ្ធភាព។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល លើការងារវិនិយោគ បានបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្តីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្ម សម្រាប់ការផ្តល់សេវាសាធារណៈ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN















