ក្រុមការងារបច្ចេកទេសនៃក្រសួងរ៉ែនិងថាមពល និងក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជន និងអ្នកប្រើប្រាស់ទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ មានការផ្សព្វផ្សាយបញ្ចេញមតិមួយចំនួនពាក់ព័ន្ធនឹង បញ្ហាគុណភាពប្រេងឥន្ធនៈ ដែលត្រូវបានកត់សម្គាល់ថា “សាំងពណ៌ក្រហម” បង្ករឱ្យមានការចាប់អារម្មណ៍និងចម្ងល់ ពីសំណាក់សាធារណៈជននិងអ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងករណីនេះក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ និងអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែង(ក.ប.ប.) បានសហការគ្នាត្រួតពិនិត្យ ស្រាវជ្រាវ និងតាមដានករណីខាងលើដោយបានធ្វើការជាមួយក្រុមហ៊ុនប្រេងឥន្ធនៈ ពាក់ព័ន្ធ ដើម្បីស្វែងយល់អំពីដំណើរការគ្រប់គ្រង និងការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈក្នុងការនាំចូល សន្និធិ ការដឹកជញ្ជូន និងការចែកចាយនៅតាមស្ថានីយលក់រាយ។
ដែលរួមមានអគ្គនាយកដ្ឋានប្រេងកាត
តាមរយៈការស្រាវជ្រាវបឋម និងការផ្ដល់ព័ត៌មានពីអ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធ ក្រុមការងារនៃ អគ្គនាយកដ្ឋាន ក.ប.ប. បានចុះត្រួតពិនិត្យគុណភាពប្រេងសាំងនៅតាមស្ថានីយមួយចំនួន ដោយមានទីតាំង ស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តកណ្តាល។ តាមលទ្ធផលនៃការត្រួតពិនិត្យស្ថានីយប្រេងឥន្ធនៈ ទាំងនោះ បានបង្ហាញថា គុណភាពប្រេងឥន្ធនៈមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវ។ ជាមួយគ្នានេះ ក្រុមហ៊ុន នាំចូលប្រេងឥន្ធនៈពាក់ព័ន្ធបានរាយការណ៍អំពីវិធានការគ្រប់គ្រង និងត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈរបស់ខ្លួន រួមមានការត្រួតពិនិត្យគុណភាពមុននិងក្រោយការនាំចូល ការធ្វើតេស្តសំណាកគំរូនៅឃ្លាំងស្តុក ការបញ្ចូន សំណាកទៅមន្ទីរពិសោធន៍ឯករាជ្យ និងការតាមដានការដឹកជញ្ជូន និងការចែកចាយតាមប្រព័ន្ធបច្ចេកវិទ្យា។
ទោះជាយ៉ាងនេះក្តី ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរនឹងបន្តយកចិត្តទុកដាក់លើករណីនេះ និង បានដាក់ចេញនូវយន្តការសហការបន្តក្នុងការស្រាវជ្រាវ តាមដាន និងប្រមូលព័ត៌មានពាក់ព័ន្ធបន្ថែមទៀត ជា ពិសេសការស្វែងរកទីតាំងដែលអាចមានបញ្ហាគុណភាពប្រេងឥន្ធនៈ ក៏ដូចជាប្រភពនៃការចែកចាយ ដើម្បីធានា ឱ្យការគ្រប់គ្រងគុណភាពប្រេងឥន្ធនៈនៅលើទីផ្សារប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព និងស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។រក្សាសិទ្ធដោយ៖សុទ្ធលី







