តាកែវ ៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តតាកែវ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦នេះ បានបន្តចុះអប់ណែនាំ និងផ្សព្វផ្សាយអំពីសុវត្ថិភាព ចំណីអាហារ ទៅដល់ក្រុមអាជីវករ នៅផ្សារអង្គរបូរី ដែលស្ថិតនៅស្រុកអង្គរបូរី ជាប់ព្រំដែនប្រទេសវៀតណាម ដោយផ្តោតសំខាន់លើដាក់លក់ទំនិញប្រកបដោយគុណភាព មានអនាម័យល្អត្រឹមត្រូវ និងមិនហួសកាលបរិច្ឆេទប្រើប្រាស់ ។
លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត ដែលបានដឹកនាំមន្ត្រីជំនាញរបស់ខ្លួន សហការនឹងមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យទំនិញដែលដាក់លក់នៅក្នុងផ្សារអង្គរបូរី បានមានប្រសាសន៍ថា ការបន្តចុះត្រួតពិនិត្យនេះ គឺយើងសង្កេតឃើញថា ក្រុមអាជីវករភាគច្រើន គឺពួកគាត់បានយល់ដឹងកាន់តែច្រើនអំពីសុវត្ថិភាពចំណីអាហារ ដោយដាក់លក់ទំនិញ និងចំណីអាហារដែលមានអនាម័យត្រឹមត្រូវ ។
លោកប្រធានសាខាកាំកុងត្រូលខេត្ត បញ្ជាក់ទៀតថា ក្រោយពីបានពិនិត្យទៅលើទំនិញជាគ្រឿងកំប៉ុង និងធ្វើតេស្តបឋមទៅលើបន្លែជាច្រើនមុខ នឹងគ្រឿងសមុទ្រ ក៏ដូចជាបង្អែមលត និងគុណទាវបាញ់កាញ់ឃើញថា មានសភាពល្អត្រឹមត្រូវច្រើន ពោលគឺក្រុមអាជីវករ ពួកគាត់មានការយល់ដឹងច្រើនអំពីសុវត្ថិភាព និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងតាមរយៈការចុះមកត្រួតពិនិត្យជាប់ជាប្រចាំ ក៏ដូចជាការអប់រំណែនាំបន្ថែមពីមន្ត្រីជំនាញកាំកុងត្រូល ។
លោកបន្ថែមថា សុវត្ថិភាពចំណីអាហារនេះ វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សទូទៅ ព្រោះបើកាលក្រុមអាជីវករ លក់ទំនិញ និងចំណីអាហារដែលមានអនាម័យល្អត្រឹមត្រូវ និងគ្មានសារធាតុគីមី វានឹងឲ្យយើងមានសុខភាពល្អរឹងមាំ ជៀសផុតពីជម្ងឺផ្សេងៗ ដូច្នេះបញ្ហាសុវត្ថិភាពចំណីអាហារនេះ ក្នុងនាមយើងជាមន្ត្រីជំនាញកាំកុងត្រូល គឺនៅតែចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារជាប់ជាប្រចាំ ពោលគឺមិនឲ្យទីផ្សាររបស់យើងពោរពេញទៅដោយអាហារគីមី និងទំនិញមិនស្អាតល្អនោះទេ ។
ជាចុងក្រោយលោកបញ្ជាក់ថា ការយល់ដឹងច្រើនរបស់បងប្អូនអាជីវករចំពោះសុវត្ថិភាពចំណីអាហារ វានឹងនាំឲ្យទីផ្សាររបស់យើង ក្លាយជាទីផ្សារដែលមានសុវត្ថិភាព មានអនាម័យ និងគ្មានការប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគ ៕ ដោយ ៖ តាកែវ