Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ប្រកាសអាសន្ន​ថា ផ្លូវ​ភាគច្រើន​ក្នុង​ក្រុង​នេះ​ស្ទះចរាចរណ៍​រាល់ថ្ងៃ​!

​ខេត្ត​ព្រះសីហនុ​៖ អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ខេត្ត​ព្រះសីហនុ បាន​ជួបប្រជុំ​គ្នា​ជាបន្ទាន់ ដើម្បី​រួម​គ្នា​រក​វិធី​ដោយ​ស្រាយ​បញ្ហា​កកស្ទះ​ចរាច​រណ៍ ក្នុង​ក្រុង​ព្រះសីហនុ​រាល់ថ្ងៃ​នេះ​ឲ្យបាន​ប្រសើរឡើង​។​

​កិច្ចប្រជុំ​នេះ ទាំង​មន្ត្រី​នគរបាល និង​មន្ទី​សារ​ធា​រណការ​ខេត្ត​ព្រះសីហនុ បាន​ប្រកាស​អាសន្ន​ពី​បញ្ហា​កកស្ទះ​ចរាច​រណ៍ ព្រោះថា នា​ទីប្រជុំជន ក្នុង​ក្រុង​ព្រះសីហនុ​រាល់ថ្ងៃនេះ គឺ​នៅ​គ្រប់​ផ្លូវ​ទាំង​តូច​ទាំង​ធំ ត្រូវ​កក​ស្ទុះ​ចរាច​រណ៍​។​

​តាម​របាយការណ៍​ស្នើសុំ​កិច្ច​អន្តរាគមន៍​ជាបន្ទាន់​ពី​ថ្នាក់​ក្រសួង​
របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បង្ហាញថា ការកកស្ទះ មាន​ចាប់ពី Km ២១៧-២២៣ ឬ​ស្មើ ៦km នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្រុងព្រះសីហនុ​។​

​ផ្តើម​ពី​បញ្ហា​នេះ មន្ត្រី​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ ស្នើរ​ជួយ​ដោះស្រាយ បញ្ហា​ចរាចរណ៍​កកស្ទះ នៅលើ​ផ្លូវជាតិ​លេខ​៤ ក្នុង​សង្កាត់​លេខ​១ ដោយ​ស្នើ​សុំឲ្យ​ជួយ​ផ្តល់​ខឿន របាំង​ពុះ​ទ្រូងផ្លូវ សម្រាប់​ដាក់​ជា​របាំង ក្នុង​ចម្ងាយ​ផ្លូវ ៦ km ដែល​តែង​កកស្ទះ ជា​រៀងរាល់ថ្ងៃ នៅ​តាម​ផ្លូវជាតិ​លេខ​៤​។​

​មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ បន្តថា ចំណុច​កកស្ទះ​ខាងលើនេះ ប្រសិនបើ​មិន​អាច​ដោះស្រាយ​ឲ្យ​ជា​បន្ទាន់ទេ ចាប់ពី​ពេលនេះ​តទៅ​ថ្ងៃ​ខាង​មុខ ចរាចរណ៍​នឹង​កកស្ទះ​រាល់ថ្ងៃ​។ ហើយ​ថា ការកកស្ទះ​នេះ គឺ​បាន​កើតឡើង​ខ្លាំង​នៅពេល​ល្ងាច ជាពិសេស​ជាប់គាំង​ខ្លាំង នៅ​ថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ ។​

​មន្ត្រី​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ បន្តថា ចរាចរណ៍​ដែល​កកស្ទះ​រាល់ថ្ងៃ តាម​ផ្លូវជាតិ​លេខ​៤ គឺ​មាន​ចម្ងាយ​ផ្លូវ ៦km និង ធ្វើ​ឲ្យ​ស្ទះ​ដល់​ការដឹក​ទំនិញ​ចេញ ចូល​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​, ខាតបង់​បង់​ពេលវេលា​អ្នកធ្វើដំណើរ​គ្រប់​ប្រភេទ​។ ក្នុង​នោះ​សម្រាប់​យានយន្ត​ដឹក​អ្នក​ដំណើរ​ទៅ​ព្រលានយន្តហោះ ក៏​ត្រូវ​ប៉ះពាល់ និង​ជា​ពិសេស​បាន​ប៉ះពាល់​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ មាន​លំនៅដ្ឋាន​នៅ​អម​សងខាង​ផ្លូវ​ជាតិ​លេខ ​៤ ​តែម្តង​។​

​របាយការណ៍​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ បញ្ជាក់ថា ចរាចរណ៍​កកស្ទះ​តាម​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​រាល់ថ្ងៃនេះ ក៏​បណ្តាលមកពី​អ្នកបើកបរ​យានយន្ត​មួយចំនួន មិន​គោរព​ច្បាប់ ឬ​មិន​ស្តាប់​តាម​ការណែនាំ របស់​កម្លាំង​នគរបាល​ចរាចរណ៍ ដែល​បាន​ចុះ​ជួយ​សម្រួល​ចរាចរណ៍​នោះទេ​។ ក្នុងនោះ អ្នកបើកបរ​ភាគច្រើន បាន​បញ្ជា​យានយន្ត របស់​ពួកគេ បើក​វ៉ា​ជែង​គ្នា មិន​ប្រកាន់​គន្លង​ផ្លូវ​ជា​ដើម​។​

​ចំណុច​ដែល​តែង​កកស្ទះ​ចរាច​រណ៍​រាល់ថ្ងៃ នាទី​ប្រជុំជន​ក្រុង​ព្រះសីហនុ គឺ ក្រៅ​ពី​ផ្លូវ​ជា​លេខ​៤ នៅមុខ​ផ្សារ​ឃ្លាំង​លើ ក៏​មាន​ការកកស្ទះ​នៅ​ផ្លូវ​ឯករាជ្យ​, ផ្លូវអឹល​វី​, ផ្លូវ​មុខ​ផ្សារលើ​, ផ្លូវ​មហោស្រព​ចាស់​, ផ្លូវ​ជាប់​ផ្សារ​ពាណិជ្ជកម្ម​, ផ្លូវ​ចាប់ពី​អូរ​១ ដល់​អូរ​៣ ក៏​ត្រូវ​កកស្ទះ​ចរាច​រណ៍​រាល់ថ្ងៃ​ដែរ​។ ហើយ​ថា ការកកស្ទះ​នេះ ក៏​បាន​កើតមាន​នៅ​តាម​បណ្តា​យ​ផ្លូវ​ជា​ច្រើន​ខ្សែ​ទៀត ក្នុង​ទីប្រជុំជន​ក្រុងព្រះសីហនុ ទាំង​ផ្លូវ​តូច និង​ផ្លូវធំ គឺ​កកស្ទះ​ដូចគ្នា​៕ ដែន សីមា​

×