ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក អ៊ុក សុវណ្ណរិទ្ធ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា ដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ រឿងបើករថយន្តបុកនិស្សិតស្រីម្នាក់ស្លាប់។
បើទោះបី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល ១ឆ្នាំ ប៉ុន្តែប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាធានីភ្នំពេញ បានសម្រេចឲ្យអនុវត្តទោសចំនួន ២ខែ ប៉ុណ្ណោះ ហើយទោសដែលនៅសល់ត្រូវព្យួរ។
សូមរំលឹកថា មានករណីគ្រោះថ្នាក់ចរាចរបង្កដោយ ឈ្មោះ យិន ឃុនម៉ី ហៅ យិន ម៉ាណា បានបើករថយន្ត ម៉ាក Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7777 បុកជនរងគ្រោះឈ្មោះ ឌុំ រីដា ស្លាប់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ បន្ទាប់ពីឃាត់ខ្លួនបញ្ជូនទៅកាន់តុលាការ លោក ប៊ុន ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ចេញដីការឱ្យឃុំខ្លួនជនជាប់ចោទឈ្មោះ យិន ម៉ាណាជាបណ្តោះអាសន្ននៅពន្ធនាគារ រាជធានីភ្នំពេញ(PJ) ៕ ដោយ ៖ បញ្ញាស័ក្តិ