ក្រុមអ្នកអភិរក្សសត្វ ទើបជ្រើសរើសបានបន្ថែមនូវសមាជិកពិសេសថ្មី។ នោះគឺក្រុមសុនក ដែលមានឯកទេសជួយពួកគេរុករកឃើញនូវជនលួចសម្លាប់ដំរីកាត់យកភ្លុក។
ជាមួយការបំពាក់បរិក្ខារជាអាទិ៍ វ៉ែនតាការពារ ខ្សែក្រវ៉ាត់ ឧបករណ៍បិទត្រចៀក នោះពួកសុនកជំនាញទាំងនេះ កំពុងត្រូវបានហ្វឹកហ្វឺន ដើម្បីលោតពីរយៈកម្ពស់ជាង ២.០០០ម៉ែត្រ ចុះទៅកាន់តំបន់គ្រោះថ្នាក់ រុករកពពួកជនទុច្ចរិក។
Giant, Killer, Venom, Arrow និង Alpha គឺជាសមាជិកជើងបួនដ៏ពូកែ និងក្លាហានរបស់វិទ្យាស្ថានហ្វឹកហ្វឺនសុនក និងការលួចប្រមាញ់ Paramount នៅអាហ្វ្រិកខាងត្បូង។
ពួកវាត្រូវបានអ្នកហ្វឹកហ្វឺនពណ៌នាថា “សុនកឆ្នើមក្នុងអង្គភាព K9” Arrow, ជាពូជឆ្កែ Shepherd របស់អាល្លឺម៉ង់ ហើយវាជាសុនកលោតឆ័ត្រលើកដំបូងលើពិភពលោក ត្រូវបានកត់ត្រាឈ្មោះចូលក្នុងសៀវភៅឯកត្តទកម្មពិភពលោក។
ស្របពេលជាមួយគ្នានោះដែរ សុនក Killer ជាពូជ Malinois របស់ប៊ែលហ្សិក ដែលល្បីល្បាញដោយបានវាយខ្ចាត់ខ្ចាយក្រុមទុច្ចរិក ១១៥នាក់ និងទទួលបានគ្រឿងឥស្សរយសមាស ពីព្រះអង្គម្ចាស់ Harry។
បណ្តាចំណុចក្តៅដែលពួកជនទុច្ចរិកច្រើនសម្ងំពួន ស្ថិតនៅទីតាំងទាំងឡាយដែលដាច់ស្រយាល ឬមានព្រៃក្រាស។ ដូច្នេះតាមរយៈសមត្ថភាពលោតឆ័ត្រនោះពួកសុនកនឹងជួយឲ្យពួកគេរុករក តាមដាន និងបង្ក្រាបជនទុច្ចរិក ដោយប្រើបច្ចេកវិទ្យាទំនើប។
អង្គភាព K9 ត្រូវបានបញ្ចូលទៅក្នុងឧទ្យានជាតិ Krugerនៅអាហ្វ្រិកខាងត្បូងជាលើកទី១ នៅថ្ងៃទី១២/២០១០ បន្ទាប់ពីជំនះបាននូវគំនិតរារាំងរបស់មនុស្សមួយចំនួន ។ ឥឡូវនៅក្នុងតំបន់ឧទ្យានជាតិនេះ ក្រោមការគាំទ្រពីអង្គភាព K9 គេបានបង្រាបការលួចប្រមាញ់ដំរី គឺការសម្លាប់ដំរីយកភ្លុកតែម្តង។