ភ្នំពេញ៖ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច នៅតំបន់ទន្លេសាប (TSSD) បានចំណាយ ពេលអនុវត្តអស់ ៩៨% នៃពេលវេលាសរុប ហើយសម្រេចបានវឌ្ឍនភាពជារូមប្រមាណជា៩៩%។ ម្យ៉ាងទៀត គម្រោងបានចំណាយថវិកាអស់ ៤៧,៣៤ លានដុល្លារសហរដ្ឋអាមេរិក ពោលគឺ៩៣,១% នៃថវិកាគ្រោងសរុប។
ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការបូកសរុបលទ្ធផលបញ្ចប់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូច នៅតំបន់ទន្លេសាប (TSSD) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញនៅព្រឹកថ្ងៃពុធ ទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាគណៈអធិបតី។
យោងតាមការរាយការណ៍របស់លោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខារងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកប្រតិបត្តិការគម្រោង (TSSD) បានឲ្យដឹងថា គម្រោងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនផលិតភាពកសិកម្ម និងកែលម្អលទ្ធភាពទីផ្សារលក់ផលិតផលរបស់កសិករតាមឃុំសង្កាត់គោលដៅ ចំនួន១៩៦ ក្នុង ២៨ស្រុក ក្នុងខេត្តបន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងត្បូងឃ្មុំ ក្រោមជំនួយហិរញ្ញប្បទានកម្ចីពីដៃគូអភិវឌ្ឍន៍ដែលមានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍកសិកម្ម (IFAD) ដោយមានថវិកាសរុប ៥០,៨៥ លានដុល្លាសហរដ្ឋអាមេរិក បានចាប់ផ្តើមអនុវត្តពីខែមីនា ឆ្នាំ២០១០ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៧ នេះផងដែរ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៧ គម្រោងបានចំណាយ ពេលអនុវត្តអស់ ៩៨% នៃពេលវេលាសរុប ហើយសម្រេចបានវឌ្ឍនភាពជារូមប្រមាណជា៩៩%។ ម្យ៉ាងទៀត គម្រោងបានចំណាយថវិកាអស់ ៤៧,៣៤ លានដុល្លាសហរដ្ឋអាមេរិក ពោលគឺ៩៣,១% នៃថវិកាគ្រោងសរុប។ ទន្ទឹមនឹងនេះ គម្រោងបានអនុវត្តសកម្មភាពជាមួយគ្រសារកសិករខ្នាតតូច សរុបប្រមាណជាង ៦ម៉ឺនគ្រួសារ ក្នុងនោះមានគ្រួសារក្រីក្រជិត ៣ម៉ឺនគ្រួសារ ដោយផ្តល់ទុនបង្វិលដល់ កសិករក្រីក្រខ្នាតតូចជាង ១,២០០ក្រុម ដែលក្រុមនីមួយៗមានសមាជិក ២០-២៥នាក់។
កសាងឬស្តារហេដ្ឋារចនា សម្ព័ន្ធជនបទគាំទ្រផលិតភាពកសិកម្ម ៦៨៥ អនុគម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មចំនួន ៦១៤២ វគ្គ ព្រមទាំងផ្សព្វផ្សាយ បច្ចេកទេសពីកសិករទៅកសិករចំនួន ៣២៦៧ ដង។ កសាងពង្រឹងសមត្ថភាពបច្ចេកទេសស្ថានីយ កសិកម្មចំនួន ២ និងក្រុមកសិករផលិតពូជស្រូវចំនួន ៣៥ ក្រុមដែលមានសមាជិក ៨៦៨នាក់ និងស្រី ៣៩២នាក់ឲ្យផលិតចែកចាយពូជស្រូវមានគុណភាពសរុបប្រមាណ ៤០៧០ តោន។ បង្កើនសមត្ថភាពមន្ត្រី និងកសិករផ្នែកបច្ចេកទេសកសិកម្ម គ្រប់គ្រងគម្រោង និងប្រព័ន្ធព័ត៌មានវិទ្យាតាមរយះផលិត ផ្សព្វផ្សាយ និងចែកចាយឯកសារបច្ចេកទេសដល់មន្ត្រីកសិកម្ម អ្នកផ្សព្វផ្សាយ និងផ្សព្វផ្សាយជាសាធារណៈ។
ឆ្លៀតក្នុងឱកាសនេះលោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះវឌ្ឍនភាពរបស់គម្រោង ព្រមទាំងមន្ត្រីក្រុមការងារអនុវត្តគម្រោងទាំងអស់ដែលបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធិផលជាផ្លែផ្កាគួរជាទីមោទនៈ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងម្ចាស់ហិរញ្ញប្បទានទាំងអស់ដែលបានចូលរួមចំណែកគាំទ្រដល់ការវិនិយោគ និងអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍មួយចំនួន ដល់ថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេសក្រសួង ជាពិសេស មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានពិនិត្យលទ្ធភាពក្នុងការជំរុញឲ្យប្រជាជនរស់នៅតាមតំបន់ជុំវិញបឹងទន្លេសាបធ្វើការវិនិយោគលើវារីវប្បកម្ម ដើម្បីកាត់បន្ថយការបំផ្លិចបំផ្លាញធនធានធម្មជាតិ ការប៉ះពាល់ដល់បរិស្ថាន និងការបង្កើនកម្រិតជីវភាពផងដែរ។ លើសពីនេះ លោករដ្ឋមន្ត្រី ក៏បានស្នើឲ្យមន្ត្រីបច្ចេកទេសផ្សព្វផ្សាយកសិកម្មបង្កើន និងជម្រុញការផ្សព្វផ្សាយអោយប្រជាកសិករធ្វើពិពិធកម្មកសិកម្មដោយកែប្រែពីដាំដុះស្រូវទៅជាការដាំដំ ណាំដែលមានសក្តានុពល ធន់នឹងការប្រែប្រួល អាកាសធាតុ និងមានសក្តានុពលទីផ្សារ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ីបោះទុនវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ប្រព័ន្ធធារាសាស្ដ្រដែលមានភាពប្រទាក់ក្រឡាទៅស្ថានភាពនៃការដាំដុះតាមតំបន់ ហើយការសាងសង់ឃ្លាំងស្តុកនិងសម្ងួត គួរពិនិត្យពិចារណាក្នុងការសាងសង់ឃ្លាំងខ្នាតតូច និងមធ្យមនៅតាមតំបន់ដែលមានការដាំដុះស្រូវច្រើនហើយបញ្ជូលនូវបច្ចេកវិទ្យាទំនើប មានស្តង់ដារ និងជៀសវាងការប្រើប្រាស់ គ្រឿងចក្រដែលបង្កហានិភ័យខ្ពស់ដល់ការបន្សាយជាតិពុល។
ជាងនេះទៅទៀត គម្រោងជំហានបន្ទាប់ត្រូវ ជម្រុញការធ្វើកសិកម្មជម្រុះ និងមានយន្តការច្បាស់លាស់ ក្នុងការបង្កើតក្រុមធ្វើឲ្យប្រសើរ ឡើងនៃទីផ្សារកសិផលដោយរៀបចំចងក្រងកសិកម្មតាមកិច្ចសន្យារវាងសហគមន៍កសិកម្មជាមួយវិស័យឯកជនឲ្យបានកាន់តែច្រើនឡើង៕ ដោយ៖បញ្ញាស័ក្តិ