ភ្នំពេញ៖ គេដឹងថា ប្រទេសវៀតណាមនិងប្រទេសចិន មិនមែនជារដ្ឋភាគីនៃអនុសញ្ញាអន្តរជាតិអូតាវ៉ាទេ តែបានរួមគ្នាដោះគ្រាប់មីនតាមព្រំដែនចិន-វៀតណាម ដើម្បីជំរុញប្រជាជននៃជាតិសាស្ត្រទាំង២ អស់ការភ័យខ្លាចជាមួយចំការមីនតាមព្រំដែន។នេះបើតាមការថ្លែងរបស់លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ក្នុងផេកហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៨ខែធ្នូនេះ។
លោកបន្តថា ដោយសារជំលោះព្រំដែនក្នុងដើមទសវត្សរ៍១៩៨០នោះ ប្រទេសទាំង២ បានដាក់គ្រាប់មីនការពារព្រំដែនរៀងៗខ្លួនមានចំនួនប្រមាណ៤៥០.០០០គ្រាប់ ហើយការបោសសំអាតមីននៅព្រំដែនតាមតំបន់ភ្នំនេះ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនប្រមាណ៥០.០០០នាក់។
ដោយឡែកតំបន់ព្រំដែនកម្ពុជា-ថៃ ដែលមានផ្ទៃដីតាមបណ្តោយព្រំដែនប្រមាណ៨០០គីឡូម៉ែត្រ ជាតំបន់ចំការមីនដោយសារជំលោះផ្ទៃក្នុងរវាងខែ្មរនិងខែ្មរ និងជំលោះព្រំដែនខែ្មរ-ថៃ មានចំការមីនខ្លះតាំងពីឆ្នាំ១៩៦២ និងចំការមីនខ្លះចាប់ពីឆ្នាំ១៩៧៥តមកឆ្នាំ១៩៩៨។ រាជរដ្ឋាភិបាលកម្ពុជានិងរាជរដ្ឋាភិបាលថៃ បានផ្តល់ភារកិច្ចឱ្យអង្គភាពស៊ីម៉ាក់និងអង្គភាពដោះមីនជាតិថៃ ធីម៉ាក់ (TMAC) សហការគ្នាដោះមីនតាមព្រំដែនកម្ពុជា-ថៃ ដើម្បីបង្កើនសុខសុវតិ្ថភាពនិងកិច្ចសហប្រតិបតិ្តការសន្តិសុខ ការអភិវឌ្ឍន៍នៃប្រជាជននិងប្រទេសទាំង២។ ស៊ីម៉ាក់នឹងចាប់ផ្តើមពង្រឹងកំលាំងប្រតិបតិ្តការតាមព្រំដែននេះចាប់ពីឆ្នាំ២០១៨នេះតទៅ។
សូមបញ្ជាក់ថា ទាំងប្រទេសថៃនិងប្រទេសកម្ពុជា ជាសមាជិកនៃអនុសញ្ញាអន្តរជាតិអូតាវ៉ាដូចគ្នាដែលមាន កាតព្វកិច្ចសំរេចឱយបានជោគជ័យតាមស្មារតីអនុសញ្ញាអន្តរជាតិនេះ ។ ប្រទេសថៃទើបតែស្នើសុំអន្តរជាតិនៅកិច្ចប្រជុំឯប្រទេសអូទ្រីសក្នុងខែធ្នូ២០១៧នេះ បន្តអនុវត្តអនុសញ្ញានេះ៥ឆ្នាំទៀត ពោលគឺ២០១៨-២០២២ រីឯកម្ពុជាយើងត្រៀមស្នើសុំនៅចុងឆ្នាំ២០១៨ដើម្បីសុំបញ្ចប់កាតព្វកិច្ចរបស់ខ្លួនដល់ឆ្នាំ២០២៥៕ ដោយ៖បញ្ញាស័ក្តិ