ខេត្តព្រះសីហនុ៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ផ្ញើសារអំពាវនាវដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ ប្រតិបតិ្តករទេសចរ នៅតាមឆ្នេរសមុទ្រនានា ពិសេសអាជីវករនៅឆ្នេរកោះតូច នៃសង្កាត់កោះរ៉ុង ថា នាឱកាសពិធីបុណ្យឆ្លងឆ្នាំសកល ២០១៧- ២០១៨នេះ ស្នើឲ្យចូលរួមថែរក្សាអនាម័យឆ្នេរ ឲ្យបានជាប្រចាំ ដោយមិនត្រូវបោះចោលសំរាមពាសវាលពាសកាល ពិសេសមិនត្រូវលួចបង្ហូរទឹកស្អុយចូលសមុទ្រ និងនាំយកតុកៅអី ដាក់លក់ចំណីអាហារផ្សេងនៅលើឆ្នេរកោះតូច និងឆ្នេរផ្សេងទៀត នាំឲ្យបាត់បង់សោភ័ណភាពឆ្នេរខ្សាច់នោះទេ។
សារក្រើនរំលឹក របស់ លោកអភិបាលខេត្តព្រះសីហនុពេលនេះ បានកើតមានជាថ្មីទៀត បន្ទាប់ពីមានភ្ញៀវទេសចរជាតិ ដែលបានទៅកម្សាន្តតាមឆ្នេរកោះតូច នៅចុងខែធ្នូ ឆ្នាំ២០១៧នេះ បានរិះគន់ថា ឆ្នេរកោះតូចនាពេលបច្ចុប្បន្ននេះ មានធំក្លឹនស្អុយ និងត្រូវអាជីវករមួយចំនួន បាននាំយកតុកៅអី ដាក់លក់ចំណីអាហារ នៅលើឆ្នេរខ្សាច់គ្មានសណ្តាប់ធ្នាប់ នាំឲ្យបាត់បង់សោភ័ណភាពឆ្នេរ។
ទាក់ទិនឆ្នេរកោះតូចនេះ ភ្ញៀវទេសចរជាតិភាគច្រើន ដែលបានទៅដល់ឆ្នេរកោះតូច នៃសង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ បានរិះគន់ថា បរិស្ថានឆ្នេរ និងទឹកសមុទ្រនៅឆ្នេរកោះតូចនាពេលបច្ចុប្បន្ននេះ បានជះក្លិនស្អុយ និងរមាស់ស្បែក ពេលពួកគេចុះងូតទឹកសមុទ្យ និងបាត់បង់សោភ័ណភាព។
ភ្ញៀវទេសចរជាតិ បារម្ភខ្លាចបរិស្ថានឆ្នេរខ្សាច់កោះតូច ត្រូវបំផ្លាញក្នុងពេលដ៏ឆាប់ ហើយបានសំណូមពរឲ្យលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ជួយទប់ស្កាត់ការសង់សំណង់រឹងមាំនៅតាមឆ្នេរ ជាពិសេសកម្មភាពបង្ហូរទឹកស្អុយ ចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុននោះទេ។
ភ្ញៀវទេសចរជាតិភាគច្រើន បង្ហាញការព្រួយបារម្ភខ្លាចឆ្នេរខ្សាច់កោះតូច មានទីតាំងនៅលើសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបំផ្លាញ ព្រោះពួកគេបានរអ៊ូរទាំថា ពេលធ្វើដំណើរឆ្លងកាត់ ពិសេសចុះងូតទឹកសមុទ្រនៅតាមឆ្នេរនេះ ទឹកសមុទ្រមានក្លិនស្អុយ និងរមាស់ស្បែក។
ភ្ញៀវទេសចរ ដែលបានទៅកម្សាន្តតាមឆ្នេរកោះរ៉ុងសន្លឹម ឆ្នេរសុខសាន្ត ឆ្នេរកោះឋានសួគ៌ និងឆ្នេរកោះតូច នៃសង្កាត់កោះរ៉ុង ជាដើម នៅចុងខែធ្នូ ឆ្នាំ២០១៧នេះ បានអះអាងថា បរិស្ថានឆ្នេរកោះតូចពេលនេះ បានបំពុលបរិស្ថានធ្ងន់ធ្ងរ ដែលទាមទារឲ្យរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធជួយមានវិធានការទប់ស្កាត់ជាបន្ទាន់។
ភ្ញៀវទេសចរជាតិ ស្នើដល់អាជ្ញាធរខេត្តព្រះសីហនុ ត្រូវទប់ស្កាត់កុំឲ្យអាជីវករ និងពលរដ្ឋរស់នៅតាមឆ្នេរនេះ បង្ហូរទឹកស្អុយចូលសមុទ្រ និងសង់សំណង់រឹងមាំក្នុងទឹកសមុទ្រជាបន្តទៀត ព្រោះនាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរ និងបាត់បង់សោភ័ណភាពឆ្នេរខ្សាច់កោះតូចធ្ងន់ធ្ងរនាថ្ងៃអនាគត។ ភ្ញៀវទេសចរភាគច្រើន បានអះអាងថា បើអាជ្ញាធរ ឬរដ្ឋបាលខេត្តព្រះសីហនុ មិនទប់ស្កាត់ការបង្ហូរទឹកស្អុយចូលសមុទ្រ នៅឆ្នេរកោះតូច ឲ្យបានទាន់ពេលទេ បរិស្ថានឆ្នេរកោះតូច នឹងត្រូវបំផ្លាញក្នុងពេលដ៏ឆាប់។
បញ្ហានេះ ភ្ញៀវទេសចរជាតិ បានសំណូមពរឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវលុបបំបាត់រាល់សំណង់រឹងមាំដែលបានសង់នៅលើឆ្នេរខ្សាច់ និងក្នុងទឹកសមុទ្រ ជាពិសេសនៅមានអាជីវករខ្លះនៅតាមឆ្នេរនេះ បានបង្ហូរទឹកស្អុយចូលសមុទ្រដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាដើម ឲ្យបានជាស្ថាពរ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី បានកត់សម្គាល់ថា ឆ្នេរខ្សាច់កោះតូច ស្ថិតនៅលើសង្កាត់កោះរ៉ុង ពិតជាត្រូវបំពុលបរិស្ថានធ្ងន់ធ្ងរ ដោយការបង្ហូទឹកស្អុយចូលសមុទ្រ ការសង់សំណង់រឹងមាំតាមឆ្នេរ និងក្នុងទឹកសមុទ្រ ក្នុងនោះក៏មានការដាក់តុកៅអីលក់ដូរចំណីអាហារ គ្មានសណ្តាប់ធ្នាប់នៅលើឆ្នេរខ្សាច់ជាដើម។
មន្ត្រីសង្គមស៊ីវិលរូបនេះ បានទទូចដល់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ឲ្យជួយពិនិត្យបរិស្ថានឆ្នេរកោះតូច និងផ្សេងៗទៀត នៅលើកោះរ៉ុង ឲ្យបានត្រឹមត្រូវឡើងវិញ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរជាតិអន្តរជាតិ បង្កើនប្រាក់ចំណូល និងរក្សាកិត្តិយសខេត្តជាប់ឆ្នេរសមុទ្រមួយនេះនៅលើឆាកអន្តរជាតិឲ្យបានប្រសើរថែមទៀតនាថ្ងៃអនាគត។
ឆ្លើយតបកង្វល់នេះ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ផ្តល់សម្ភាសដល់អ្នកកាសែត កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ថា រដ្ឋបាលខេត្តនេះ ធ្លាប់ចុះណែនាំដល់ប្រជាពលរដ្ឋ ពិសេសប្រតិបត្តិករទេសចរ នៅតាមឆ្នេរកោះតូច មិនឲ្យសាងសង់សំណង់រឹងមាំថ្មី នៅតាមឆ្នេរកោះតូចទៀតទេ ហើយសំណង់រឹងមាំដែលបានសង់រួច ត្រូវឲ្យម្ចាស់ទីតាំងនីមួយៗរក្សានៅសភាពដើម និងរង់ចាំដោះស្រាយនៅពេលក្រោយទៀត។
លោក យន្ត មីន បញ្ជាក់ កន្លងទៅ បញ្ហាបរិស្ថានឆ្នេរកោះតូចនេះ មានមន្ត្រីជំនាញក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ រដ្ឋបាលក្រុងខេត្តព្រះសីហនុ និងអាជ្ញាធរសង្កាត់កោះរ៉ុង បានចុះណែនាំប្រតិបត្តិករទេសចរនៅតាមឆ្នេរកោះតូចនេះ ឲ្យរួមគ្នាការពារបរិស្ថានឆ្នេរនេះឲ្យបានជាប្រចាំ និងបានហាមមិនឲ្យបង្ហូតទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតជាមុននោះទេ។ ជាងនេះ ក៏ហាមមិនឲ្យយកតុកៅអីទៅដាក់តាំងលក់ចំណីអាហារ ជូនភ្ញៀវ នៅលើឆ្នេរខ្សាច់នាំឲ្យបាត់បង់សោភ័ណភាពឆ្នេរកោះតូចទៀតទេ។
យ៉ាងនេះក្តី លោក យន្ត មីន បានអំពាវនាវដល់ប្រតិបត្តិករទាំងអស់ នៅតាមឆ្នេរកោះតូច និងឆ្នេរផ្សេងទៀតនាមូលដ្ឋានខេត្តព្រះសីហនុ ត្រូវត្រូវរួមសហការគ្នាជាមួយរដ្ឋបាលខេត្ត ជួយថែរក្សាសំអាតអនាម័យរិស្ថានឆ្នេរ ជាមួយអាជ្ញាធរឲ្យបានជាប្រចាំ។ ជាពិសេសមិនត្រូវលួចសង់សំណង់រឹងមាំនៅលើឆ្នេរខ្សាច់ ឬក្នុងទឹកសមុទ្រ និងមិនត្រូវលួចបង្ហូរទឹកស្អុយចូលសមុទ្រ ដោយមិនឆ្លងកាត់អាងចម្រោះទឹកស្អាតទៀតទេ។
យ៉ាងនេះក្តី ភ្ញៀវទេសចរជាតិ បានរិះគន់ថា បច្ចុប្បន្ននេះ បរិស្ថានឆ្នេរខ្សាច់កោះតូច មានធំក្លិនស្អុយ ហើយបរិស្ថានឆ្នេរមិនសូវមានអនាម័យ និងសោភ័ណភាពទេ ព្រោះឃើញមានការបង្ហូរទឹកស្អុយចូលសមុទ្រ និងបានដាក់តាំងតុកៅអី ព្រមទាំងសម្ភារៈផ្សេងៗ នៅលើឆ្នេរខ្សាច់ គ្មានរបៀបរៀបរយ និងមានសង់សំណង់រឹងមាំខ្លះ បានសង់ជាប់ឆ្នេរខ្សាច់ និងក្នុងទឹកសមុទ្រជាដើម ហើយបង្ហូរកាកសំណល់កខ្វក់ចូលទៅសមុទ្រអនាធិបតេយ្យ។
ផ្តើមពីបញ្ហានេះ ភ្ញៀវទេសចរជាតិ បានសំណូមពរដល់ រដ្ឋបាលក្រុង-ខេត្តព្រះសីហនុ ជួយមានវិធានការទប់ស្កាត់ការសង់សំណង់រឹងមាំថ្មីទៀត នៅលើឆ្នេរកោះតូច និងទប់ស្កាត់ការបង្ហូរទឹកស្អុយចូលសមុទ្រឲ្យបានជាស្ថាពរ និងមានប្រសិទ្ធភាព ដើម្បីថែរក្សាបរិស្ថានឆ្នេរកោះតូចឲ្យមានអនាម័យ និងសោភ័ណភាពដូចដើមវិញ។
បញ្ហាបរិស្ថានឆ្នេរកោះតូចនេះ កន្លងមក ថ្នាក់ដឹកនាំរដ្ឋបាលក្រុង-ខេត្តព្រះសីហនុ រួមជាមួយអាជ្ញាធរជំនាញក្រសួងមន្ទីរពាក់ព័ន្ធ មានមន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរមូលដ្ឋានសង្កាត់កោះរ៉ុង ជាដើម បានចុះណែនាំដល់ប្រតិបត្តិករទេសចរទាំងអស់ នៅលើឆ្នេរកោះតូច ឲ្យចូលរួមថែរក្សាអនាម័យបរិស្ថានឆ្នេរកោះតូច ឲ្យបានជាប្រចាំ។ ជាងនេះទៀត ក៏ណែនាំដល់ក្រុមអាជីវករទាំងនោះ មិនឲ្យនាំយកតុកៅអី និងសម្ភារៈផ្សេងៗដាក់លើឆ្នេរខ្សាច់ ដើម្បីលក់ដូរចំណីអាហារផ្សេងៗនោះទេ ប៉ុន្តែបម្រាមនេះត្រូវអាជីវករនៅតាមឆ្នេរកោះតូច បានចូលរួមអនុវត្តតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ហើយបច្ចុប្បន្ននេះ ភាពអនាធិបតេយ្យនៃការដាក់តុកៅអី សម្ភារៈផ្សេងៗ និងការបង្ហូរទឹកស្អុយចូលសមុទ្រ បានបន្តកើតឡើងវិញ។
ក្រសួងទេសចរណ៍បង្ហាញថា ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) និងមានកោះចំនួន ៣២ មានជីវចម្រុះធម្មជាតិស្រស់ស្អាតដែលជាសក្ដានុពលក្នុងការអភិវឌ្ឍពង្រីកវិស័យទេសចរណ៍នាមូលដ្ឋានខេត្តព្រះសីហនុ នាថ្ងៃអនាគត៕ ដែន សីមា