Monday, January 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់ថតសម្តែង «រៀបអាពាហ៍ពិពាហ៍» តាំងថ្នាក់មេត្តេយ្យ ហើយក៏មិនដែលមានទំនាក់ទំនងគ្នាសោះ តែ២០ឆ្នាំក្រោយ ក្លាយប្តីប្រពន្ធមិនគួរឲ្យជឿ

ប៉ុន្មានថ្ងៃមកនេះ បណ្តាញសង្គមរបស់ចិន បានចែករំលែករូបភាព និងរឿងរ៉ាវដ៏អស្ចារ្យមួយ នៅពេលដែលគូស្នេហ៍ថ្មីថ្មោងមួយគូ បានរៀបចំពិធីមង្គលការ ហើយបានបង្ហាញពី «រូបថតអាពាហ៍ពិពាហ៍» ដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយសារតែរូបថតទាំងនោះ ថតកាលពីពួកគេនៅក្មេង នៅថ្នាក់មត្តេយ្យ ហើយពួកគេមិនដែលដឹងថា ២០ ឆ្នាំក្រោយ ពួកគេនឹងរៀបការជាមួយគ្នានោះទេ។

យោងតាមសារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ពិធីមង្គលការនេះត្រូវបានប្រារព្ធឡើងនៅទីក្រុង Chaozhou ខេត្ត Guangdong ប្រទេសចិន។

លោក Zheng ជាកូនកំលោះបាននិយាយលេងសើចនៅក្នុងពិធីមង្គលការរបស់គាត់ថា «គាត់និងអនាគតភរិយារបស់គាត់ បានរៀបការតាំងពីថ្នាក់មត្តេយ្យមកម្ល៉េះ» ធ្វើឱ្យភ្ញៀវទាំងអស់ មិត្តភក្តិ និងសាច់ញាតិ នាំគ្នាភ្ញាក់ផ្អើលខ្លាំងតែម្តង។ បន្ទាប់មក គាត់ក៏បានបញ្ចេញរូបថតដែលបង្ហាញថា គាត់និងអនាគតភរិយារបស់គាត់ ពិតជានៅក្នុងឈុតអាពាហ៍ពិពាហ៍កុមារភាពទាំងពីរនាក់ពិតមែន។

លោក Zheng បាន​បង្ហើប​ថា ​នៅ​ពេល​នោះ​គឺ​ជា​ការ​សម្តែង​នៅ​មត្តេយ្យ​។ គ្រូ​របស់​ពួកគេ​បាន​រៀបចំ​ឲ្យ​អ្នក​ទាំង​ពីរ​ឡើង​លើ​ឆាក​ជាមួយ​គ្នា ​ក្នុង​នាម​ជា​កូន​កំលោះ។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​ទាំង​ពីរ​មិន​ធ្លាប់​បាន​ជួប​គ្នា​ពី​មុន​មកទេ ហើយ​ក៏​មិន​ធ្លាប់រៀន​នៅ​​ថ្នាក់ជាមួយគ្នា​ដែរ។ ក្រោយ​ពី​រៀន​ចប់​ថ្នាក់​មត្តេយ្យ អ្នក​ទាំង​ពីរ​បាន​ដើរ​ផ្លូវ​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​មិន​មាន​អនុស្សាវរីយ៍​រួម​គ្នា​ក្រៅពីនេះទៀតសោះឡើយ។

រហូតមកដល់ថ្ងៃមួយ ក្នុងឆ្នាំ ២០២២ លោក Zheng បានមើលការសម្តែងនៅសាលាចាស់ និងវីដេអូសម្តែងនៅសាលានៅក្នុងក្រុមជជែកកំសាន្តរបស់មិត្តភ័ក្តិកុមារភាពរបស់គាត់ ហើយ «កូនក្រមុំតូច» របស់គាត់ បានធ្វើឲ្យគាត់ចាប់ចិត្តយ៉ាងខ្លាំង។ បន្ទាប់មក គាត់បានស្វែងរកនាងដោយសង្ឃឹមថា ពួកគេនឹងអាចមានទំនាក់ទំនងនឹងគ្នា។ ដោយមានជំនួយពីអតីតគ្រូមត្តេយ្យរបស់គាត់ ទីបំផុត គាត់បានទាក់ទងនាង។ ហើយអ្វី​ដែលមិននឹកស្មានដល់នោះ គឺនាង​ក៏​នៅ​លីវ​ដែរ​នា​ពេល​នោះ។

អ្នកទាំងពីរបានបង្កើតទំនាក់ទំនងស្នេហា និងបានរៀបការយ៉ាងធំនៅថ្ងៃទី៧ ខែមករា។ នៅលើឆាកអាពាហ៍ពិពាហ៍ Zheng បាននិយាយយ៉ាងសប្បាយរីករាយថា «នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ពួកយើងបានឡើងឆាកជាមួយគ្នាម្តងទៀត ដោយនឹកស្មានមិនដល់។ ចាប់ដៃគ្នាជាអព្ភូតហេតុ! មិនគួរឱ្យជឿ»។

រឿង​ស្នេហា​នេះ​បាន​សាយភាយ​យ៉ាង​រហ័ស​នៅលើ​បណ្តាញ​សង្គម ហើយ​​កំពុង​ទទួលការចាប់អារម្មណ៍ខ្លាំងនៅលើ​នៅលើ Weibo ។ អ្នក​និយម​លេង​អ៊ីនធឺណិត​ជា​ច្រើន​បាន​បញ្ចេញ​មតិ​សម្តែងការកោតសរសើរ​ថា «ពិតជាវាសនា​អស្ចារ្យ​ណាស់!, នេះគួរតែត្រូវបានគេហៅថាមិត្តរួមព្រលឹង, វាសនា​ត្រូវ​បានចារ​តាំង​ពី​ថ្នាក់​មត្តេយ្យ​មិន​គួរ​ឱ្យ​ជឿ, វាពិតជាអស្ចារ្យណាស់ដែលបាននៅជាមួយគ្នាក្នុងអតីតកាល ហើយបច្ចុប្បន្នកាល និងអនាគតកាល»៕

×