ភ្នំពេញ៖ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីរង្កៀសចិត្ត និងសោកស្តាយចំពោះវោហារសាសន៍របស់លោកស្រី ធីតា ឃិះ ដែលប្រាប់ដល់សាធារណៈថា លោកស្រី ដែលជានាយិកាប្រតិបត្តិ នៃអង្គការសីលការ “មិនយល់ស្របនឹងការលើកឡើងបែបនេះទេ”អំពីបដិវត្តន៍ពណ៌។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៧នេះ បានសរសេរសារក្នុងផេកផ្លូវការថា “គោរពជម្រាបជូនបណ្តាញសារព័ត៌មាន និងប្រិយមិត្តហ្វេសប៊ុក ចម្លើយរបស់ខ្ញុំជូនអ្នកសារព័ត៌មាន៖ឆ្លើយតបជាបឋម ចំពោះលោកស្រី ធីតា ឃិះ នៅក្នុងការលើកឡើងតាមសារព័ត៌មានភ្នំពេញប៉ុស្តិ៍ថ្ងៃសុក្រ ទី២៩ ខែធ្នូ ឆ្នាំ២០១៧ ក្រោមចំណងជើងថា “ លោកស្រី ធីតា ឃិះ ចង់ហៅបណ្ឌិតពីររូបរបស់ រាជរដ្ឋាភិបាលមកជជែកអំពីបដិវត្តន៍ពណ៌”ខ្ញុំមានសេចក្តីរង្កៀសចិត្ត និងសោកស្តាយចំពោះវោហារសាសន៍របស់លោកស្រី ដែលប្រាប់ដល់សាធារណៈថា៖ លោកស្រី ដែលជានាយិកាប្រតិបត្តិ នៃអង្គការសីលការ “មិនយល់ស្របនឹងការលើកឡើងបែបនេះទេ”។
បើតាមលោក ផៃ ស៊ីផាន ខ្ញុំប្រហាក់ប្រហែលជាមួយ និងការប៉ាន់ស្មានរបស់ខ្ញុំ ពិតប្រាកដណាស់ថា លោកស្រីពុំបានយកចិត្តទុកដាក់និងការផ្សព្វផ្សាយ របស់បណ្តាញទូរស្សន៍ក្នុងស្រុក ដែលបានចាក់ផ្សាយជាសាធារណៈ និងបន្តបន្ទាប់ នូវភស្តុតាងមួយចំនួនតូច និងការពន្យល់យ៉ាងសាមញ្ញរួចមកហើយ របស់ “អង្គភាពប្រតិកម្មរហ័ស” ពីហេតុផលនៃអង្គសេចក្តី និងអង្គហេតុ ព្រមជាមួយ និងការប្រៀបធៀបពីអ្វីដែលបានកើតឡើងនៅប្រទេសមួយចំនួន។ អ្នកប្រាជ្ញសង្គមអន្តរជាតិបាន ផ្តល់និយមន័យអ្វីដែលហៅថា”បដិវត្តន៍ពណ៌”នោះក៏ដូចជាសារពត៌មានរស្មីកម្ពុជា ក៏បានផ្សព្វផ្សាយពីចលនាបដិវត្តន៍ពណ៌នេះពីរលើក ឬពីរច្បាប់រួច ផងដែរ។
ប្រាកដណាស់លោកស្រីនាយិកាចំណាយពេលច្រើន និងយកចិត្តទុកដាក់ខ្ពស់ស្របជាមួយបណ្តាញព័ត៌មានបរទេសដែលមាននិន្នាការ និងគាំទ្រអោយមានភាព ចលាចលនេះជាមួយ និងការញុះញង់ក្នុងរូបភាពវិទ្ធង្សនាអោយមានកើតឡើង ជាយកថាហេតុនៅកម្ពុជា ។
លោកស្រីនាយិការ ប្រហែលយល់ស្របទាំងស្រុងជាមួយនឹង អ្នកបំពុលព័ត៌មានក្នុងបរិបថនេះ ដែលគេយល់ថា ”ការគៀរគរ ចលនាមហាជនប្រឆាំងទាំងស្រុងនឹងស្លាប់រស់ជាមួយរាជរដ្ឋាភិបាលស្របច្បាប់ គឺជា”សេរីភាពនឹងប្រជាធិបតេយ្យ”។
ក៏ប៉ុន្តែរាជរដ្ឋាភិបាលដែលមានកាតព្វកិច្ចថែរក្សាសណ្តាប់ធ្នាប់សាធារណៈនិងនីត្យានុកូលភាព នៃដំណើរការប្រក្រតីរបស់រដ្ឋ យល់ឃើញថា” ជាចលនាអាណាធិបតេយ្យ និងបដិវត្តន៍ពណ៌” ដូចគ្នាពិតប្រាកដជាមួយ និងអ្នកប្រាជ្ញសង្គមសាស្ត្រ ដែលបានសិក្សាពិតប្រាកដ និងចងក្រងជាឯកសារនៅ វីគីភីឌា (Wikipedia) ដែលលោកនាយិការអាចស្វែងយល់បានយ៉ាងងាយស្រួលបំផុត។
ជាមួយនេះដែលលោកស្រីនាយិការគួរដឹង និងផ្តល់ការគោរពរដ្ឋធម្មនុញ្ញមាត្រា៥១ថ្មី ដែលចែងច្បាស់ថា “ប្រជាពលរដ្ឋប្រើអំណាចរបស់ខ្លូនតាមរយៈរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងសាលាជម្រះក្តី” គឺមិនមែនយកដងថ្នល់ជាការតតាំងរបស់ខ្លួនតាមរយៈចលនា”អំណាចមហាជន”ដែលលោកស្រីនាយិការតែងតែគាំទ្រនោះទ្បើយ។
ភស្តុតាងជាផ្លូវការ នៅក្នុងតុលាការកំពូលដែលបានវិនិច្ឆ័យរួចមកហើយនៅថ្ងៃទី១៦ ខែវិច្ឆកា ឆ្នាំ២០១៧ រំលាយគណបក្ស CNRP ដែលជាមូលដ្ឋានគ្រឹះនៃបដិវត្តន៍នេះ តាមរយៈផែនការប្រកាសសាលដីការួចស្រេចផង ហើយក្រសួងដែលមានសមត្ថកិច្ចពាក់ព័ន្ធកំពុងអនុវត្តន៍ជាបន្តបន្ទាប់សាលដីកាតុលាការកំពូលនេះ។
លោកស្រី មានសិទ្ធិផ្ទាល់មិនឯកភាព និងសាលដីការបស់តុលាការកំពូល ក៏ប៉ុន្តែគ្មានច្បាប់ណាមួយ អនុញ្ញាតអោយលោកស្រីធ្វើសកម្មភាពប្រឆាំងនឹងសេចក្តីសម្រេច ឬវិធានការអនុវត្តន៍សាលដីកានេះឡើយ។
សូមលោកស្រីនាយិកា ពិនិត្យអោយបានច្បាស់លាស់ចំពោះខ្លឹមសារច្បាប់អង្គការមិនមែនរដ្ឋាភិបាល ហើយឆ្លុះបញ្ជាំង និងសកម្មភាពរបស់លោកស្រី ហើយនេះ ក៏មិនមែនជាការបិទសិទ្ធិ នៃការបញ្ចេញយោបល់របស់លោកស្រីនោះឡើយ តែសម្តីនិងសកម្មភាពនេះកំពុងតែ អាចចាត់ទុកបានថាជាការប្រព្រឹត្តិលើសពីសកម្មភាពអង្គការក្រៅរដ្ឋាភិបាលនោះហើយ៕ ដោយ៖បញ្ញាស័ក្តិ