ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីចែកមួក សុវត្ថិភាពចំនួនជិត៣០០មួក ដល់បងប្អូនប្រជាពលរដ្ឋដែលបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព និងទទួលការផាកពិន័យពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកខេត្ត ពិធីនេះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ពៅ សុភាព អភិបាលរងខេត្ត លោក កឹង ឃន ស្នងការនរគបាលខេត្ត លោកស្នងការរងទទួលផែនចររាចរណ៏ផ្លូវគោកខេត្ត លោកអភិបាលក្រុងស្វាយរៀង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលោកលោកស្រី ប្រធានមន្ទីរអង្គភាពនានាផងដែរ។
មានប្រសាសន៍ទៅកាន់កម្មវិធីនេះលោក អភិបាលខេត្តបានលើកឡើងថា៖ បច្ចុប្បន្ននេះគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកគឺជាឃាតករលាក់មុខដែលពួនស្ទាក់នៅលើដងផ្លូវគ្រប់វិនាទី ដែលធ្វើឱ្យមានការខាតបង ការនិរាស ព្រាត់ប្រាស់ បាត់បង់មនុស្សជាទីស្រលាញ់ព្រមទាំងបន្សល់ទុកនូវ សោកនាកដកម្មដល់គ្រួសារ និងសង្គម។ មានកត្តាជាច្រើនត្រូវបានរកឃើញដូចជា កត្តាមនុស្ស កត្តាផ្លូវ កត្តាយានយន្ត និងកត្តាបរិស្ថាន ដែលក្នុងនោះកត្តាមនុស្សមានរហូតដល់ជាង៩០ភាគរយ។ហើយឃាតករលាក់មុខដែលបានឆក់យកអាយុជីវិតមនុស្សស្ទើររាល់ថ្ងៃនេះវាបានកើតឡើងដោយសារមនុស្សជាអ្នកប្រព្រឹត្ត ដូចនេះការកែប្រែឥរិយាបទរបស់មនុស្សពិតជាអាចធ្វើឱ្យមានការផ្លាស់ប្តូរនូវសោកនាកម្មមួយនេះជាក់ជាមិនខាន។
លោក ម៉ែន វិបុល បានផ្តាំផ្ញើដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវមានការយោគយល់ និងអធ្យាស្រ័យគ្នារាល់ការបើកបរនៅលើដងផ្លូវ។ អ្នកបើកបរគ្រប់រូបត្រូវប្រាកដថា អ្នកមិនបើកបរហួសល្បឿនកំណត់ មិនបើកបរក្រោយពេលហូបគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពគ្រប់ពេលធ្វើដំណើរតាមម៉ូតូ ប្រើប្រាស់ខ្សែរក្រវ៉ាតសុវត្ថិភាព ពេលធ្វើដំណើរតាមរថយន្តជាដើម៕ វ៉ៃកូ