ភ្នំពេញ៖ បច្ចុប្បន្នវិស័យហិរញ្ញវត្ថុមានការរីកចម្រើនក្រោមការវិនិយោគពីបណ្តាក្រុមហ៊ុនបម្រើសេវាកម្មផ្ទេរ និងទូទាត់ប្រាក់ ដែលប្រឈមនឹងជនល្មើសក៏ប្រើមធ្យោបាយនេះដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ ក្នុងការឆបោកប្រាក់តាមគ្រប់រូបភាព ដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។
ស្នងការដ្ឋាននគរបាលជាតិជាមួយបណ្ដាក្រុមហ៊ុនផ្ទេរប្រាក់ បានបើកកិច្ចប្រជុំពាក់ព័ន្ធនឹងការឆបោកតាមការវេប្រាក់ ក្រោមអធិបតីភាពលោក នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧។
ក្នុងកិច្ចប្រជុំនេះដែរ លោកនាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ថា បច្ចុប្បន្នវិស័យហិរញ្ញវត្ថុមានការរីកចម្រើនគួរឲ្យកត់សំគាល់ ដែលបានធ្វើឲ្យមានការកើនឡើងនូវការវិនិយោគពីបណ្តាក្រុមហ៊ុនបម្រើសេវាកម្មផ្ទេរ និងទូទាត់ប្រាក់ ដែលទន្ទឹមនឹងអត្ថប្រយោជន៍ពីសេវាកម្មនេះ ក្រៅពីបម្រើសេវាកម្មសេដ្ឋកិច្ច ជនល្មើសក៏ប្រើមធ្យោបាយនេះដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗ ក្នុងការឆបោកប្រាក់តាមគ្រប់រូបភាព ដែលធ្វើអោយប៉ះពាល់ដល់សន្តិសុខសង្គមជាតិ ក្នុងនោះផងដែរជនល្មើសបានប្រើរូបភាពត្រូវឆ្នោតផ្សងសំណាង កម្មវិធីរង្វាន់លើកទឹកចិត្ត ទិញទំនិញអនឡាញ ការគម្រាមទារប្រាក់ ដូច្នេះហើយកងកម្លាំងនគរបាល និងបណ្ដាលក្រុមហ៊ុនផ្ទេរប្រាក់ ត្រូវរួមសហការក្នុងការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសនេះ។
លោកបានមានប្រសាសន៍បន្តថា ជនរងគ្រោះត្រូវបានជនល្មើសតម្រូវឲ្យផ្ទេរប្រាក់តាមភ្នាក់ដែលផ្តល់សេវាកម្មផ្ទេរ និងទូទាត់ប្រាក់ទៅកាន់លេខទូរស័ព្ទរបស់ជនល្មើស ដែលពុំមានអត្តសញ្ញាណ ដែលជាហេតុធ្វើឲ្យសមត្ថកិច្ចមានការលំបាក ក្នុងការកំណត់មុខសញ្ញារបស់ជនល្មើស។
លោកបានបញ្ជាក់ទៀតថា ចំណុចកើតឡើងច្រើនពិបាកស្រាវជ្រាវ ដូចជាការក្លែងសម្លេងជាថ្នាក់ដឹកនាំ ក្នុងការរត់ការដំឡើងតួនាទី បុណ្យស័ក្តិ ការក្លែងធ្វើជាស្រឡាញ់ ដោយតាមរយៈការទាក់ទងតាមប្រព័ន្ធទំនាក់ទំនងសង្គម តាមរយៈការផ្ញើជារបស់របរជាដើម។
ឆ្លើយតបនឹងប្រសាសន៍របស់លោកខាងលើនេះ បណ្ដាក្រុមហ៊ុនផ្ទេរប្រាក់ បានសម្តែងការរីករាយក្នុងការរួមសហការ និងរួមចំណែកក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសនេះ ដើម្បីសេចក្ដីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងសន្តិសុខសណ្ដាប់ធ្នាប់ ប្រទេសជាតិផងដែរ៕ ដោយ៖បញ្ញាស័ក្តិ