ខេត្តកំពង់ស្ពឺ ៖ សាលាដំបូងខេត្តកំពង់ស្ពឺ បានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវទ្រព្យសម្បត្តិទាំង ៧៩កន្លែង របស់លោកស្រី ម៉ន ដានី ជាម្ចាស់បុរី ម៉ន ដានី។
លោក សេង រិទ្ធី ចៅក្រមអនុវត្តនៃសាលាដំបូងខេត្តកំពង់ស្ពឺ
-បានឃើញ មាត្រា ៤១៩ កថាខណ្ឌ ១ នៃក្រមនីតិវិធីរដ្ឋប្បវេណី ព្រះរាជាណាចក្រកម្ពុជា ដែលប្រកាសឱ្យ ប្រើតាមព្រះរាជក្រមលេខ នស/រកម/០៧០៦/០២១ ចុះថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០០៦ ។
-បានឃើញ ពាក្យសុំអនុវត្តដោយបង្ខំ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ របស់មេធាវី អោក សឿណារ៉ុង ។
-បានឃើញ សំណុំរឿងអនុវត្តដោយបង្គំលេខ ៩៩ ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ របស់សាលាដំបូងខេត្តកំពង់ ស្ពឺដែលមានម្ចាស់បំណុលនៃការអនុវត្ត ឈ្មោះ ប៊ុន ទៀង ភេទស្រី កើតឆ្នាំ១៩៧៩ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៣៦១ ផ្លូវ៣៣៧ ភូមិ១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
-អ្នកតំណាងដោយអាណត្តិ៖ មេធាវី អោក សឿណារ៉ុង អគ្គលេខ ២៨៤៩ ជាមេធាវី នៃក្រុមមេធាវីកម្ពុជា វិនិយោគ និងប្រឹក្សាយោបល់ មានការិយាល័យស្ថិតនៅផ្ទះលេខ ២៦២A / ២៦២០ ផ្លូវលេខ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ ។
សហកូនបំណុលនៃការអនុវត្ត ៖
ឈ្មោះ ឃុនផាវង្ស ផងផាន់ ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០១១៣៨១១២៥ មានអាសយដ្ឋានភូមិស្រែអំពិល សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ឈ្មោះ ម៉ន ដានី ភេទស្រី ភេទប្រុស រ អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណលេខ ០៤០៤៧០៨៣៩ មានអាសយដ្ឋានភូមិស្រែអំពិល សង្កាត់ស្ងោរ ខណ្ឌកំបូល សង្កាត់ស្ងោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
-កម្មវត្ថុ៖ សុំអនុវត្តដោយបង្ខំចំពោះអចលនវត្ថុ ដី និងផ្ទះ ឬអាគារ ចំនួន ៦៦កន្លែង ស្ថិតនៅភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អចលនវត្ថុ ដី និងផ្ទះ ឬអាគារ ចំនួន ១១កន្លែង ស្ថិតនៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ អចលនវត្ថុ ដី និងផ្ទះ ឬអាគារ ចំនួន ១កន្លែង ស្ថិតនៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និងអចលនវត្ថុ ដី និងផ្ទះ ឬអាគារ ចំនួន ១កន្លែង ស្ថិតនៅភូមិត្រពាំងកន្សែង ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្ត កំពង់ស្ពឺ ។
លោកចៅក្រមអនុវត្តនៃសាលាដំបូងខេត្តកំពង់ស្ពឺ យល់ឃើញថា
-ពាក្យសុំអនុវត្តដោយបង្គំរបស់ម្ចាស់បំណុលនៃការអនុវត្តមានការភ្ជាប់មកជាមួយនូវរូបមន្តអនុវត្តលេខ ៦៧៧ 1.រ.អ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ និងឯកសារចម្លងយថាភូតនៃលិខិតអនុវត្ត សាលក្រមរដ្ឋប្បវេណីលេខ ៨៦៤ ល.រ. “1” “វ” ចុះថ្ងៃទី១៣ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្របតាមបញ្ញត្តិមាត្រា ៣៥៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។
-តាមលិខិតអនុវត្តសាលក្រមរដ្ឋប្បវេណីលេខ ៨៦៤ “វ” ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ចេញដោយសាលា ដំបូងរាជធានីភ្នំពេញ ឃើញថា ម្ចាស់បំណុលនៃការអនុវត្តអាចអនុវត្តដោយបង្គំនូវសិទ្ធិលើបំណុលមានគោលបំណងឱ្យសងជាប្រាក់ត្រង់ចំណុចទី១ នៃសេចក្តីសម្រេចបញ្ចប់នៃសាលក្រមរដ្ឋប្បវេណីលេខ ៨៦៤ ” ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ចេញដោយសាលាដំបូងរាជធានីភ្នំពេញ ។
-តាមពាក្យសុំអនុវត្តដោយបង្ខំ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ មេធាវីតំណាងដោយអាណត្តិឱ្យម្ចាស់បំណុលនៃ ការអនុវត្តបានស្នើសុំលក់ដោយបង្គំនូវអចលនវត្ថុចំនួន ៧៩ (ចិតសិបប្រាំបួន) ទីតាំង ដើម្បីយកប្រាក់មកសងបំណុល ។ យោង តាមវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំង ៧៩ (ចិតសិបប្រាំបួន) ទីតាំង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកំពង់ស្ពឺ បានបង្ហាញថា ឈ្មោះ ម៉ម ដានី និងឈ្មោះ ឃុនថាវង្ស ផងផាន់ ជាម្ចាស់កម្មសិទ្ធិលើអចលនវត្ថុ ខាងលើ ។
ហេតុដូច្នេះសម្រេច ៖
១-ចាប់ផ្តើមនីតិវីធីលក់ដោយបង្គំ ។
២-រឹបអូសអចលនវត្ថុ(ដី) ចំនួន ៧៩ (ចិតសិបប្រាំបួន) ទីតាំង ដូចមានក្នុងឯកសារឧបសម្ព័ន្ធលេខ ៥៦៧ “ច” ចុះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ ចេញដោយសាលាដំបូងខេត្តកំពង់ស្ពឺ ។
សូមរំលឹកថា ម្ចាស់ក្រុមហ៊ុន ម៉ន ដានី រៀល អ៊ីស្ទេត លោកស្រី ម៉ន ដានី ត្រូវបាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញនារសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីចាប់ខ្លួនបានកាលពីយប់ថ្ងៃទី១៦ ខែមករា នៅត្រង់ចំណុចច្រកព្រំដែនអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ការចាប់ខ្លួនលោកស្រី ម៉ន ដានីនេះជាការអនុវត្តតាមដីកាលើកទី៤ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងការចេញសែកស្អុយប្រមាណ ៦០ម៉ឺនដុល្លារអាមេរិក។
លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា នគរបាលបានបញ្ចូនខ្លួនលោកស្រី ម៉ន ដានីទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធីច្បាប់បន្ថែមទៀត។
ការចាប់ និងបញ្ចូនលោកស្រី ម៉ន ដានីទៅតុលាការពេលនេះ គឺជាការអនុវត្តតាមដីកាលើកទី៤របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយលោកស្រីគេចវេសមិនព្រមចូលទៅបំភ្លឺតាមកាលកំណត់ពាក់ព័ន្ធនឹងការចេញសែកស្អុយប្រមាណ៦០ម៉ឺនដុល្លារអាមេរិកកាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៣។
យោងតាមដីកាចាប់ខ្លួន លោកស្រី ម៉ន ដានី ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» ដែលជាបទល្មើសត្រូវផ្តន្ទាទោសតាមមាតា្រ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរ និងប្រតិបត្តិការ ទូទាត់ប្រាក់។
ក្រៅពីករណីចេញសែកស្អុយនេះ លោកស្រី ម៉ន ដានីក៏ធ្លាប់ត្រូវបានពលរដ្ឋជាអតិថិជនរាប់ពាន់គ្រួសារចេញមកតវ៉ា និងស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍លើករណីដែលពួកគេបានទិញផ្ទះ និងដីពីគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនម៉ន ដានី រៀល អ៊ីស្ទេត តែមិនទទួលបានផ្ទះ និងដី។
ចំណែកកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំបានចេញសេចក្តីជូនដំណឹងមួយដោយស្នើឱ្យលោកស្រី ម៉ន ដានី ពន្លឿនការដោះស្រាយភាពជាប់គាំងគម្រោងអភិវឌ្ឍន៍ផ្ទះបុរីរបស់ខ្លួនឱ្យបានឆាប់ និងធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ផលប្រយោជន៍របស់អតិថិជន៕ រក្សាសិទ្ធដោយ៖សុទ្ធលី












