ភ្នំពេញ ៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៥២,៧២ លានដុល្លារសម្រាប់ គម្រោងពង្រីកបណ្តាញអគ្គិសនីនៅកម្ពុជា។ គម្រោងនេះនឹងបន្ថែមបណ្តាញបញ្ជូនអគ្គិសនីក្នុងប្រទេស ដើម្បីធ្វើសមាហរណកម្ម ថាមពល កកើតឡើងវិញបន្ថែមទៀតទៅក្នុងបណ្តាញអគ្គិសនីជាតិ និងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងជាមួយនឹងថាមពលស្អាត និងផលិតក្នុងស្រុក។
ប្រទេសកម្ពុជា បានបង្កើនការផលិតអគ្គិសនីក្នុងស្រុករបស់ខ្លួន យ៉ាងឆាប់រហ័ស ដោយបន្ថែមបរិមាណផលិតទ្វេដងពី ៨,៦៨ តេរ៉ាវ៉ាត់ម៉ោងក្នុងឆ្នាំ ២០២០ ដល់ ១៧,៨៥ តេរ៉ាវ៉ាត់ម៉ោង ក្នុងឆ្នាំ ២០២៤។ វឌ្ឍនភាពនេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការពឹងផ្អែកលើខ្លួនឯងផ្នែកថាមពល និងសក្តានុពលនៃប្រភពថាមពលកកើតឡើងវិញរបស់កម្ពុជា ដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍របស់ខ្លួន។
លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «សេវាអគ្គិសនីដែលអាចទុកចិត្តបាន និងមានតម្លៃសមរម្យគឺជាឆ្អឹងខ្នងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា។ គម្រោងថ្មីនេះមិនមែនគ្រាន់តែជាការកសាងខ្សែបញ្ជូនអគ្គិសនីនោះទេ វាគឺជាការតភ្ជាប់ប្រជាសហគមន៍ សាលារៀន មន្ទីរពេទ្យ និងអាជីវកម្ម ទៅនឹងអនាគតថាមពលស្អាតនិងធន់ជាងមុន។ តាមរយៈការបញ្ចូលថាមពល កកើតឡើងវិញកាន់តែច្រើនទៅក្នុងបណ្តាញអគ្គិសនី កម្ពុជាអាចផ្គត់ផ្គង់ថាមពលដល់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងការពារបរិស្ថានសម្រាប់មនុស្សជំនាន់ក្រោយ។»
បណ្តាញអគ្គិសនីរបស់កម្ពុជាត្រូវបានសាងសង់ឡើងសម្រាប់ថាមពលធម្មតា ដូច្នេះឥឡូវនេះវាត្រូវពង្រីកដើម្បីបន្ថែមបញ្ចូលថាមពលព្រះអាទិត្យ និងខ្យល់ដែលកំពុងកើនឡើង។ គម្រោងនេះនឹងសាងសង់ខ្សែបញ្ជូនថាមពលអគ្គិសនី ២៣០ គីឡូវ៉ុលប្រវែង ៥៥ គីឡូម៉ែត្រ រវាងខេត្តពោធិ៍សាត់ និង ខេត្តកំពង់ឆ្នាំង និងកែលម្អស្ថានីយរងចំនួន ៩ នៅទូទាំងប្រទេស។ ការវិនិយោគទាំងនេះ នឹងពង្រឹងសមត្ថភាពបញ្ជូនថាមពលដើម្បីផ្តល់ថាមពលកកើតឡើងវិញទៅកាន់ទីតាំងដែលមានតម្រូវការទូទាំងប្រទេស បង្កើនភាពជឿជាក់ និងទាក់ទាញការវិនិយោគឯកជនកាន់តែច្រើន។
ដោយស្របតាមផែនការមេសម្រាប់អភិវឌ្ឍវិស័យថាមពលអគ្គិសនី (២០២២–២០៤០) និងគោលនយោបាយជាតិស្តីពីប្រសិទ្ធភាពថាមពល (២០២២–២០៣០) គម្រោងនេះនឹងជួយកាត់បន្ថយការបាត់បង់ថាមពលក្នុងដំណើរការបញ្ជូន និង បង្កើនសុវត្ថិភាពថាមពល។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយចីរភាព បរិយាបន្ន និង ភាពធន់នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ៖សុទ្ធលី

