ខេត្តព្រះសីហនុ៖ ក្រុមការងារចម្រុះ របស់គណៈកម្មការឆ្នេរសមុទ្រ នៃរដ្ឋបាលសាលាខេត្តព្រះសីហនុ បានចុះរុះរើសំណង់រឹងមាំ ដែលស្ថាបនាពីគ្រោងដែក មានទីតាំងនៅតំបន់ឆ្នេរអូរត្រេះ១ ស្ថិតក្នុងក្រុងព្រះសីហនុ។
សកម្មភាពចុះរុះរើសំណង់រឹងមាំខាងលើនេះ បានចាប់ផ្តើមកាលពីរសៀលថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០១៩។ ហើយថា សំណង់សង់ខុសច្បាប់ ដែលអាជ្ញាធរចុះរុះរើនេះ មានចំនួន២កន្លែងផ្សេងគ្នា គឺត្រូវបានប្រតិបត្តករទេសចរនៅតំបន់អូរត្រេះនេះ នាំគ្នាលួចសាងសង់ និងមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរជំនាញទេ។
សំណង់ទាំងពីរទីតាំងនេះ ត្រូវបានគេបលបលួចសាងសង់ ដោយគ្មានការអនុញ្ញាត ហើយបានប៉ះពាល់ដល់បរិស្ថាន សណ្តាប់ធ្នាប់ នៃតំបន់ឆ្នេរធ្ងន់ធ្ងរថែមទៀតផង។
មន្ត្រីរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សំណង់ខាងលើនេះ បើតាមមន្ត្រីជំនាញបញ្ជាក់ថាកន្លងមកធ្លាប់បានចុះធ្វើការហាមឃាត់មិនឲ្យធ្វើការសាងសង់ទេ និងបានទុករយៈពេលឲ្យរុះរើ ចេញវិញដោយខ្លួនឯង ក៏ប៉ុន្តែម្ចាស់សំណង់នេះ នៅតែបន្តលួចបន្តសាងសង់ ដោយមិនស្តាប់តាមការណែនាំ របស់អាជ្ញាធរនោះទេ ទើបនៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រុមការងារចម្រុះបានសម្រេចដឹកនាំកម្លាំង ចុះនាំយកគ្រឿងចក្ររុះរើសំណង់ខុសច្បាប់ទាំងនោះចេញតែម្ដង។
ទាក់ទិនបញ្ហានេះ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរសមុទ្រខេត្តព្រះសីហនុ បានឲ្យដឹងថា សំណង់រឹងមាំមិននុញ្ញាតឲ្យសាងសង់ ប៉ះពាល់លើតំបន់ឆ្នេរសមុទ្របានទេ។ ប៉ុន្តែលោកថា ចំពោះសំណង់ដែលបានសង់ចាស់ ឬសង់យូរឆ្នាំមកហើយ គឺត្រូវរក្សាឲ្យនៅស្ថានភាពដើមសិន ដោយរង់ចាំចំណាត់ការជាក្រោយ ឲ្យស្របតាមគោលការ របស់គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍ឆ្នេរកម្ពុជា គអឆក(ថ្នាក់ជាតិ) បានដាក់ចេញ។
លោក តាំង សុចិត្តគ្រឹស្នា ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ឆ្នេរអូរត្រេះ នេះ រដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈកម្មាធិការឆ្នេរសមុទ្រកម្ពុជា គ្រោងនឹងរៀបចំជាឆ្នេរគំរូ និងមានគម្រោងយកធ្វើជាកន្លែងប្រារព្ធពិធីបុណ្យសមុទ្រនៅឆ្នាំក្រោយនេះផង។ ហេតុនេះ ទើបរដ្ឋបាលខេត្តព្រះសីហនុ ត្រូវត្រៀមរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន និងសោភណ្ឌភាពឆ្នេរ ឲ្យបានល្អប្រសើរជាមុន ដោយមិនអាចឲ្យមានសង់សំណង់មិនរៀបរយ ខុសច្បាប់ផ្តេសផ្តាស់ថ្មីទៀតនោះទេ។
លោក សុចិត្រគ្រឹះស្នា បន្តថា សំណង់ផ្សេងៗ គឺអាចឲ្យសង់ជាប្រភេទតូបស្បូវ ឬខ្យុះតូចៗ សម្រាប់ធ្វើប្រតិបត្តិការទេសចរណ៍ ឲ្យស្របតាមការណែនាំពីមន្ត្រីជំនាញ ដែលបានចុះណែនាំកន្លងមក។
នាឱកាសនោះដែរ លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏បានស្នើដល់ប្រតិបត្តិករទេសចរទាំងអស់ ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត ឲ្យបានស្រុះគ្នា ដើម្បីត្រៀមរៀបចំឆ្នេរអូរត្រះ ឲ្យកាន់តែមានការទាក់ទាញ ប្រយោជន៍ផ្តល់ចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកកម្សាន្ត ខេត្តព្រះសីហនុឲ្យបានតែច្រើន នៅបណ្តាឆ្នាំខាងមុខទៀត។
ទាក់ទិនបញ្ហានេះដែរ លោក អៀម សារិន អភិបាលរងក្រុងព្រះសីហនុ ក៏បាន សំណូមពរដល់ម្ចាស់តូបលក់ដូរចំណីអាហារទាំងអស់ នៅតាមឆ្នេរអូរត្រេះ ត្រូវរួមសហការជាមួយអាជ្ញាធរ ឲ្យបានរលូន។ ជាងនេះទៀត ស្មើកុំឲ្យនាំគ្នាលួចសង់សំណង់រឹងមាំខុសច្បាប់អនាធិបតេយ្យ នៅលើឆ្នេរសមុទ្រតំបន់នេះជាបន្តទៀត ព្រោះថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តព្រះសីហនុ កំពុងរៀបចំឆ្នេរនេះ ឲ្យមានបរិស្ថានស្អាត មានអនាម័យ និងសោភណ្ឌភាព បន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរចម្រុះជាតិសាសន៍ ឲ្យចូលមកទស្សនាកម្សាន្តខេត្តនេះឲ្យបានច្រេីនថែមទៀត។ ជាពិសេសបអាជ្ញាធររដ្ឋបាលខេត្តព្រះសីហនុ មិនអាចបណ្តែតបណ្តោយឲ្យមានសកម្មភាពសាងសង់សំណង់រឹងមាំ ខុសច្បាប់បន្តសាងសង់លើដីចំណីឆ្នេរសមុទ្រ នៃឆ្នេរអូរត្រេះនេះបានទៀតទេ។
ដោយឡែក លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានបញ្ជាក់ថា ករណីរុះរើសំណង់ ទាំង២ទីតាំង ដែលសាងសង់នៅលើដីចំណីឆ្នេរអូរត្រេះនេះ គឺទីតាំងសំណង់គ្រោងដែកទី១ មានប្រកដំបូលក្បឿងក្រហម និងសាងសង់បានប្រមាណ៥០% ត្រូវបានក្រុមការងារយកគ្រឿងចក្រវាយកម្ទេចដល់ដី។ រីឯទីតាំងសំណង់គ្រោងដែកទី២ ដែលសាងសង់បាន៩០%ទៅហើយនោះ ត្រូវបានក្រុមការងារយកគ្រឿងចក្រ រុញបំបាក់ ត្រឹមជើងសសរដែកតែប៉ុណ្ណោះ ព្រោះដោយសារតែមានស្ត្រីម្នាក់ជាម្ចាស់សំណង់ជាជនជាតិចិន បានមកយំអង្វរ និងបានផ្តិតមេដៃ នៅចំពោះមុខក្រុមការងារចម្រុះរួមមាន៖ មន្ត្រីរដ្ឋបាលខេត្ត ព្រះសីហនុ, ប្រធានមន្ទីរទេសចរណ៍, តំណាងមន្ទីររៀបចំដែនដី, មន្ទីរបរិស្ថាន និងមន្ត្រីរដ្ឋបាលក្រុងព្រះសីហនុផង បានស្មើសុំរុះរើដោយខ្លួនឯង ឲ្យអស់ត្រឹមថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ក្រោមហេតុផល គាត់ស្នើសុំយករើយកសម្ភារៈចេញពីអគារសង់អត់ច្បាប់នេះសិន៕ ដោយ៖ ដែន សីមា