ព្រះសីហនុ៖ ភ្ញៀវទេសចរណ៍ជាង២០ម៉ឺននាក់ នៅតែបន្តសម្រុកមកកម្សាន្តនៅខេត្តព្រះសីហនុ បើទោះបីជាតម្លៃផ្ទះសំណាក់ សណ្ឋាគារ មានការខ្វះខាត និងមានការឡើងថ្លៃបន្តិចក្តី នេះបើយោងតាមការផ្តល់ព័ត៌មានបឋមពីលោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ ប្រាប់បណ្តាញព័ត៌មាន កាលពីថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧។
លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ បានគូសបញ្ជាក់ថា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកល២០១៧ ឈានចូលឆ្នាំ២០១៨ នាឆ្នាំនេះ យោងតាមការបាយការណ៍បឋមចំនួនភ្ញៀវទេសចរណ៍ នៅតែបន្តសម្រុកមកកម្សាន្តយ៉ាងច្រើនកុះករ គ្រាដែលភ្ញៀវមួយចំនួនបានធ្វើដំណើរទៅកម្សាន្តតាមបណ្តាខេត្ត ដូចជាខេត្តសៀមរាប កំពត កែប ព្រះវិហារជាដើម។
បើយោងតាមតួលេខបឋមដែលមន្ទីរទេសចរណ៍បានស្រង់ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល រយះពេល៣ថ្ងៃនេះ គឺមានភ្ញៀវសរុបចំនួនជិត២០ម៉ឺននាក់ បើប្រៀបធៀប ទៅនឹងពិធីបុណ្យឆ្លងឆ្នាំ២០១៦ ឈានចូល២០១៧ គឺមានចំនួនប្រហាក់ប្រហែលគ្នា ឬ អាចថយចុះប្រមាណ៥ ភាគរយតែប៉ុណ្ណោះ ប៉ុន្តែតួលេខនេះ មិនទាន់ជាផ្លូវការណ៍នៅ ឡើយទេ រង់ចាំតួលេខភ្ញៀវនៅថ្ងៃទី០១មករា បន្ថែមទៀត ទើបអាចដឹងពីតួលេខពិតព្រោះនៅឆ្នាំនេះភ្ញៀវទេសចរណ៍ អាចដើរកម្សាន្តរហូតដល់ថ្ងៃទី០១,០២ មករា ដោយសារកាលពីថ្ងៃទី២៩ ធ្នូ ខេត្តព្រះសីហនុ ទទួលភ្ញៀវតែជាង២ម៉ឺននាក់តែប៉ុណ្ណោះ ទើបតែនៅថ្ងៃទី៣០ និង៣១នេះទេ ភ្ញៀវទេសចរណ៍បានសម្រុកមកយ៉ាងគំហ៊ុក ធ្វើឲ្យស្ទះចរាចរណ៍គ្រប់ផ្លូវសំខាន់ៗ។
ទាក់ទិនទៅនឹងតម្លៃម្ហូបអាហារឆ្នាំនេះ ហាក់ពុំមានការឡើងថ្លៃនោះទេ គ្រាដែលផ្ទះសំណាក់ សណ្ឋាការ ពុំមានបន្ទប់គ្រប់គ្រាន់សម្រាប់ភ្ញៀវមកកម្សាន្ត ទើបធ្វើឲ្យតម្លៃមានការឡើងថ្លៃកប់ពពក ពី១៥ដុល្លារ ឡើងរហូត៦០ដុល្លារក្នុងមួយបន្ទប់ ឯតម្លៃតុ អង្គុយក្នុង១តុ មានតម្លៃរហូត៤០ដុល្លារទៅ៥០ដុល្លារ នេះ បើយោងតាមការអះអាងពីភ្ញៀវទេសចណ៍ ជាច្រើនដែលបានមកកម្សាន្តនៅខេត្តព្រះសីហនុ។
ពាក់ព័ន្ធទៅនឹងសន្តិសុខ សុវត្តិភាព រយះពេល៣ថ្ងៃនៃពិធីបុណ្យនេះផងដែរ លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងលោកវរៈសេនីយ៍ឯកឌឹម សំបូរ ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្របានបញ្ញាក់ថា ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលរយះពេល៣ថ្ងៃនេះសម្រាបខេត្តព្រះសីហនុ ពុំមានបញ្ហាអ្វីនោះទេ គឺសន្តិសុខ សុវត្ថិភាព កម្លាំងសមត្ថកិច្ច គ្រប់ផែន គ្រប់ផ្នែក បានសហការណ៍គ្នាបានយ៉ាងល្អ ទៅតាមគោលដៅសំខាន់ៗនិងសមត្ថកិច្ចរៀងៗខ្លួន។
ដោយឡែកជុំវិញបញ្ហាករណី គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល៣ថ្ងៃនេះដែរ ពុំមានអ្វីគួរឲ្យគាត់សំគាល់នោះទេ នេះបើយោងតាមការបញ្ជាក់ ពីលោក ឧត្តមសេនីយ៏ត្រី អ៊ី សុខា ស្នងការរងទទួលបន្ទុកការិយាល័យសណ្តាប់នៃស្នង ការដ្ឋាននគរបាលខេត្តព្រះសីហនុ។ កត្តាដែលទទួល បានលទ្ឋផលល្អទាំងនេះ គឺមកពីការខិតខំយកអស់ពីកម្លាំងកាយចិត្តពីសមត្ថកិច្ចគ្រប់ផ្នែកជាពិសេស គឺបងប្អូនប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ មានការយល់ដឹងខ្ពស់អំពីច្បាប់ចរាចរណ៍ ប្រកបដោយការយោគយល់គ្នា៕ ដោយ៖បញ្ញាស័ក្តិ