ឧត្តរមានជ័យ៖លោក ស សុខា រដ្ឋលេខាធិការក្រសួង អប់រំយុវជន និង កីឡា មានប្រសាសន៍ថា នឹង ខិតខំធ្វើយ៉ាងណា លុបបំបាត់ឲ្យបាននូវសារធាតុ ដូប៉ា ព្រោះវាជាគ្រឿងញៀន ដែលប្រឈមខ្លាំងបំផុត ក្នុងវិសយ័អប់រំកាយ និង កីឡា ។
ថ្លែងក្នុងពិធីសំណេះសំណេះ ជាមួយមន្ត្រីរាជការ មន្ទីអប់រំ យុវជន និង កីឡាខេត្ត ឧត្តរមានជ័យ និងបិទសិក្ខាសាលាផ្សព្វផ្សាយ ប្រឆាំងការប្រើប្រាស់សារធាតុ ដូប៉ាក្នុងវិស័យកីឡា និងផ្សព្វផ្សាយ ពិគ្រោះបង្ការការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងច្បាប់ចរាចរណ៍ នៅ មន្ទីអប់រំខេត្ត ឧត្តរមានជ័យ នាព្រឹកថ្ងៃទី១១ ខែកកដ្កា ឆ្នាំ២០១៩នេះ ។ លោក បន្តថា ក្នុងនាមយើងជាកូនខ្មែរពិតជាមានមោទនភាពខ្លាំងណាស់ ដែលវិស័យអប់រំ នាពេលបច្ចុប្បន្ន មានការីកចម្រើនខ្លាំង បូករួមទាំងវិស័យកីឡផងដែរ ដែលធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់ ហើយបានបង្ហាញទង់ជាតិ លើឆាកអន្ដរជាតិ តាមរយៈការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា ដោយមានវត្តមានទង់ជាតិកម្ពុជា ជាមួយបណ្ដាប្រទេសនានា លើពិភពលោក ។
ដូច្នេះស្របពេលប្រទេសជាតិ មានកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ និងតែងតែឧបត្តម្ភគំទ្រសម្ភារ ថវិកា សម្រាប់លើកទឹកចិត្ត ក្នុងវិស័យអប់រំ កីឡា និងដល់កីឡាករ-កីឡាការិនី ដណ្ដើមបានជ័យលាភីនានាផងដែរ ។
លោកបានបញ្ជាក់ថា៖ តាមរយៈវគ្គសិក្សានេះ សិក្ខាកាម មន្ត្រីដែលបម្រើការងារក្នុងវិស័យអប់រំទាំងអស់ នឹងទទួលបាននូវចំណេះជំនាញ ហើយយល់ដឹងកាន់តែច្បាស់ ចំពោះផលប៉ះពាល់ពីការប្រើប្រាស់សារធាតុ ដូប៉ា នេះបូករួមទាំងការប្រើប្រាស់គ្រឿងញៀន ក្នុងការប្រកួត និងការហ្វឹកហាត់ផងដែរ។ ដើម្បីជាធាតុផ្សំក្នុងការយកចំណេះជំនាញនេះ ទៅបង្ហាត់បង្រៀននៅតាម មូលដ្ឋានរបស់ខ្លួន។ លោកបន្តថា សារធាតុ ដូប៉ា នេះវាពិតជាសាហាវខ្លាំងណាស់ មិនថាសារធាតុ ដូប៉ា ឬគ្រឿងញៀនប្រភេទណានោះទេ ត្រូវជៀសឲ្យឆ្ងាយ ជាពិសេសត្រូវលុបបំបាត់ឲ្យបានបើសិនរកឃើញមានការប្រើប្រាស់ ព្រោះវាបានបំផ្លាញនូវអ្វីៗទាំងអស់ ទាំងពេលវេលា ប្រាក់កាស អនាគត និងបំផ្លាញសង្គម បើសិនយើងប្រើប្រាស់វា ។
លោកបានបញ្ជាក់ទៀតថា៖ចាប់ពីពេលនេះទៅមុខកម្ពុជា ត្រូវមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានភាពរីកចម្រើនគ្រប់វិស័យ ជាក់ស្ដែក គឺសិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សានេះ គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គម ក្នុងការធ្វើជាគំរូល្អដល់ក្មេងជំនាន់ក្រោយ ឲ្យចេះអភិវឌ្ឍន៍ខ្លួន ទៅមុខ ព្រោះសិក្ខាកាម និងមន្រ្តីអបរំទាំងអស់ គឺជា បន្តវេនក្នុងការ រួមចំណែកអភិវឌ្ឍន៍ និងកំណត់ជោគវាសនាប្រទេសជាតិ។
លោកអភិបាលខេត្តឧត្តរមានជ័យ មានប្រសាសន៍ថា៖ ដើម្បីឲ្យសិក្ខាសាលានេះ ទទួលបានជោគជ័យ គឺត្រូវទាមទារឲ្យមានការចូលរួមពីគ្រូបង្រៀន គ្រូពេទ្យ មន្រ្តីពាក់ព័ន្ធគ្រប់មជ្ឈដ្ឋាន ដើម្បីឲ្យគេដឹងថា ពួកគេបានអនុវត្តន៍ស្របតាមច្បាប់លក្ខខណ្ឌសមស្របក្នុងការជៀសផុត ពីការប្រើប្រាស់គ្រឿងញៀន និងសារធាតុ ដូប៉ា ក្នុងវិស័យកីឡា ដូចមានចែងក្នុងរដ្ឋធមនុញ្ញ មាត្រាទី៧ថា៖ ការកាពារតម្លៃសីលធម៌វិជ្ជាជីវៈ មន្ត្រីអប់កាយនិងកីឡា គឺជាកង្វល់ជាប់ជានិច្ចសម្រាប់យើងទាំងអស់គ្នា។ ក្នុងនាមជាថ្នាក់ដឹងនាំ សូមធ្វើការវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមចូលរួមខិតខំប្រឹងប្រែងរួមគ្នា មានឆន្ទៈខ្ពស់ លះបង់ពេលវេលាធ្វើឲ្យអង្គសិក្ខាសាលាទទួលបានជោគជ័យ៕ដោយ៖បញ្ញាស័ក្តិ