ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់មន្ត្រីជាថ្នាក់ដឹកនាំ ជាន់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជាថា បញ្ហាអនុគ្រោះពន្ធ EBA វាហាក់បានក្លាយទៅជាស្រមោលទៅហើយ។ អ្វីដែលជាទិសដៅសម្រាប់ពាណិជ្ជកម្មរបស់កម្ពុជា គឺកិច្ចសហការពាណិជ្ជកម្ម ទ្វេភាគីជាមួយ ប្រជាជាតិ ដែលជាសមាជិកសហគមន៍អឺរ៉ុប។
បើតាមលោក ផៃ ស៊ីផាន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញ ពីលទ្ធផលមួយចំនួន នៃជំនួបជាមួយថ្នាក់ដឹកនាំប្រទេសជាសមាជិកសហគមន៍អឺរ៉ុប (EU)។ ជាពិសេសជំហររបស់ថ្នាក់ដឹកនាំ ប្រទេសជាសមាជិកសហគមន៍អឺរ៉ុប គឺបានផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដោយមិនបានចាប់អារម្មណ៍លើបញ្ហាផ្សេងនោះឡើយ។ “កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីទិដ្ឋភាពនៃទស្សនកិច្ចនៅអឺរ៉ុប ដែលសម្ដេចតេជោ បានជួបជាមួយថ្នាក់ដឹកនាំប្រជាជាតិ EU ហើយអ្វីដែលគេបានលើកនោះ គឺកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មតែប៉ុណ្ណោះ។ រីឯបញ្ហា EBA បានក្លាយជាស្រមោលទៅហើយ។ កិច្ចសហការពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រជាជាតិដែលជាសមាជិកEU គឺជាមូលដ្ឋានគ្រឹះ និងទិសដៅ នៃពាណិជ្ជកម្មកម្ពុជា”។
លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងបែបនេះ។
សូមបញ្ជាក់ថា កាលពីសប្តាហ៍កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូអញ្ជើញបំពេញការងារនៅទីក្រុងហ្សឺណែវ ប្រទេសស្វីសរយៈពេលប្រមាណ ៣ថ្ងៃពីថ្ងៃទី៣ ដល់ទី៥ ខែកក្កដា។ ដំណើរបេសកកម្មការងារនៅប្រទេសស្វីសនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមកិច្ចប្រជុំសំខាន់ៗចំនួនរួមមាន៖ កិច្ចប្រជុំ “ត្រួតពិនិត្យឡើងវិញជាសកល លើជំនួយសម្រាប់ពាណិជ្ជកម្ម ឆ្នាំ២០១៩” ក្រោមមូលបទ “គាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ច សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន តាមរយៈជំនួយសម្រាប់ពាណិជ្ជកម្ម” របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕ ដោយ៖កូឡាប