រាជធានីភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យចរាចរជើងគោក រាជធានីភ្នំពេញ បានសរសេរលិខិតអនាមិកមួយច្បាប់ ដោយស្នើឲ្យក្រុមអ្នកសារព័ត៌មានជួយចុះផ្សាយអំពីសកម្មភាព របស់លោក ចេវ ហាក់ ស្នងការរងនគរបាល រាជធានីភ្នំពេញ ទទួលផែនចរាចរជើងគោក និងលោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ ថាបានដាក់ខែជាមួយក្រុមហ៊ុនរកស៊ីដឹកជញ្ជូនជាច្រើន ដែលមានរថយន្តធុនធំៗ បង់លុយប្រចាំខែ គឺក្នុងមួយខែៗ អ្នកទាំងពីរនេះសល់លុយរាប់ម៉ឺនសែនដុល្លារ។
ខាងក្រោមនេះ គឺជាខ្លឹមសារ នៅក្នុងកម្មវត្ថុ នៃពាក្យបណ្តឹង របស់មន្ត្រីនគរបាលចរ ដែលបានប្តឹងមកប្រព័ន្ធផ្សព្វផ្សាយឲ្យជួយចុះផ្សាយ មានខ្លឹមសារទាំងស្រុងថា៖ ពួកយើងខ្ញុំ ជាមន្ត្រីនគរបាលការិយាល័យចរាចរជើងគោករាជធានីភ្នំពេញ សូមជម្រាបជូនអ្នកសារព័ត៌មានឱ្យបានជ្រាបថា កន្លងមក លោក ចេវ ហាក់ អតីតប្រធានការិយាល័យនគរបាលចរាចរជើងគោក ដែលសព្វថ្ងៃនេះ ជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនចរាចរណ៍ជើងគោក និង លោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញ បច្ចុប្បន្នបានដាក់ខែជាមួយក្រុមហ៊ុនរកស៊ីដឹកជញ្ជូនជាច្រើន ដែលមានរថយន្តធុនធំៗ បង់លុយប្រចាំខែគឺក្នុងមួយខែៗ អ្នកទាំងពីរនេះសល់លុយរាប់ម៉ឺនសែនដុល្លារ។
មន្ត្រីនគរបានបន្តចោទថា ពួកមេៗប៉ូលិសចរាចរទាំងពីរនាក់នេះ បានក្លាយទៅជាអ្នកមានលុយកាក់ច្រើន ជិះឡានទំនើបៗ និងសង់វីឡា ដែលមានតម្លៃខ្ទង់រាប់ម៉ឺនសែនដុល្លារ ដ៏ស្ងាត់ស្ងៀមបំផុត នៅលើគំនរទុក្ខកូនចៅក្រីក្រ និងប្រជាពលរដ្ឋរងគ្រោះថ្នាក់ចរាចរជារៀងរាល់ថ្ងៃ ដោយសាររថយន្តធំៗចូលក្នុងក្រុងភ្នំពេញ ទាំងថ្ងៃទាំងយប់ ដែលមានភ្លើងខៀវបើកដៃឱ្យរថយន្តធំៗចូល ក្រុងភ្នំពេញ តាមអំពើចិត្តគ្មានការហាមឃាត់ ឬប៉ូលិសចរាចរណាមួយហ៊ានរារាំងអនុវត្តន៍ច្បាប់នោះឡើយ។ មានក្រុមហ៊ុនរាប់រយក្រុមហ៊ុន ដែលពួកគេ បានបង់ប្រាក់ប្រចាំខែ ឱ្យទៅលោកមេៗប៉ូលិសចរាចរទាំងពីរនាក់នេះ ក្នុងមួយក្រុមហ៊ុនៗ យ៉ាងតិចអស់ចាប់ពី ៥០០ដុល្លារ ទៅ១០០០ដុល្លារក្នុងមួយខែ។ កន្លងមកនៅពេលពួកប៉ូលិសចរាចរយើងខ្ញុំ អនុវត្តន៍ច្បាប់ចរាចរជើងគោកម្តងៗ ខណៈឃាត់រថយន្ត ធំមិនឱ្យចូលក្នុងរាជធានីភ្នំពេញ ត្រូវបានគេទូរស័ព្ទអន្តរាគមន៍ភ្លាមៗតែម្តង។
មន្ត្រីនគរបាលចរាចរបន្តចោទទៀតថា ” មេប៉ូលិសចរាចរទាំងពីរនាក់ នេះមានរហស្សនាមផ្សេងៗគ្នា។ លោក ចេវ ហាក់ មានរហស្សនាម “សេនាសក្ដិ គឺមានអក្សរឡាតាំង PN ធ្វើជាស្ទឹកគ័រ សម្រាប់បិទនៅលើកញ្ចក់រថយន្តដឹកទំនិញធំៗចូលក្រុងភ្នំពេញ។
រីឯលោក សែម សុគន្ធា មានរហស្សនាមថា “គាថា គឺមានអក្សរឡាតាំង KT ធ្វើជាស្ទឹកគ័រ សម្រាប់ បិទនៅលើកញ្ចក់រថយន្តដឹកទំនិញធុនធំៗចូល ក្រុងភ្នំពេញ ដែលខាងក្រុមហ៊ុនរកស៊ីដឹកជញ្ជូន បានបង់លុយប្រចាំខែរួចហើយ។ ស្ទឹកគ័រ អក្សរកាត់ទាំងនេះ មិនត្រឹមតែបិទនៅលើកញ្ចក់ឡានធំៗនោះទេ គឺសូម្បីតែឡានតូចៗសម្រាប់គេជួលឱ្យជនជាតិចិនជិះ ក៏មានបិទស្ទឹកគ័រនេះនឹងគេដែរ។
ត្រង់ចំណុចនេះ យើងខ្ញុំទាំងអស់គ្នាជាមន្ត្រីនគរបាលចរាចរជើងគោក មានក្ដីសង្ឃឹមយ៉ាងមុតមាំថា ខាងសារព័ត៌មាននឹងនាំដំណឹងដ៏រសើបមួយនេះ ឱ្យបានជ្រាប ឬដឹងដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ លោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានបំភ្លឺនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះថា កន្លងមករូបលោកមិនដែលបានស្គាល់ក្រុមហ៊ុនដឹកជញ្ចូនណាមួយ មកបង់លុយដាក់ខែ ឲ្យរូបលោកនោះទេ។ ជាងនេះទៀត រូបលោក ក៏មិនបានដើរដាក់ខែជាមួយអ្នកណានោះដែរ។ ត្រង់ចំណុចនេះ លោក សែម សុគន្ធា ក៏បានស្នើឲ្យអ្នកសារព័ត៌មាន ត្រូវធ្វើអ្វីៗ ឲ្យមានការជាក់ស្តែង ព្រោះរូបលោក មិនមានជាប់ពាក់ព័ន្ធ និងការចោទប្រកាន់ លើករណីចោទប្រកាន់ដាក់ខែ ជាមួយក្រុមហ៊ុនដឹកជញ្ជូនណាមួយនោះទេ។
យ៉ាងនេះក្តី លោក សែម សុគន្ធា បានថ្លែងអរគុណអ្នកសារព័ត៌មាន ដែលបានចោទសួរបញ្ហាខាងលើនេះ ដល់រូបលោកទេ។ ហើយបើមានក្រុមហ៊ុនណាមកអះអាងថា បានជាប់ពាក់ព័ន្ធដាក់ខែ ដាក់ថ្ងៃ ឬបង់លុយកាក់ជាថ្នូរឲ្យរថយន្តដឹកទំនិញធំៗ បើកបរចូលក្រុងភ្នំពេញ ខុសពេលវេលាហាមឃាត់នោះទេ។
យ៉ាងណាក៏ដោយចុះ លោក សែម សុគន្ធា បានបង្វែរសំណួរ របស់អ្នកសារព័ត៌មាន ឲ្យទៅសួរកូនចៅ របស់លោកទៅ គឺពិតជារូបលោកមានភាពស្អាតស្អំ ពោល គឺមិនមានជាប់ពាក់ព័ន្ធការចោទប្រកាន់ថា មានករណីដាក់លុយខែ ជាថ្នូរជួយកាងការពារ ឲ្យក្រុមហ៊ុនដឹកទំនិញធំៗ បើកចូលក្រុងអនាធិបតេយ្យនោះទេ។
ចំណែក លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនចរាចរណ៍ជើងគោក ក៏បានបដិសេធន៍ថា រូបលោកមិនមានជាប់ពាក់ព័ន្ធ នឹងការដាក់ខែជាថ្នូរទទួលបានលុយកាក់ពីបណ្តាក្រុមហ៊ុនទំនិញដូចការចោទប្រកាន់នោះទេ។ លោកបន្តថា រាល់ថ្ងៃនេះ សមត្ថកិច្ចនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ បានបង្កើនការយកចិត្តទុកដាក់ នៅតាមគោលដៅនីមួយៗ ដើម្បីទប់ស្កាត់រថយន្តដឹកទំនិញធុនធំ បើកចូលក្រុងខុសពេលម៉ោងកំណត់ ហើយថា រាល់ថ្ងៃនេះ ចំពោះរថយន្តដឹកទំនិញធំៗ ដែលល្មើសនឹងបទបញ្ជាហាមឃាត់ ឬបើកចូលក្រុងពេលថ្ងៃ គឺសមត្ថកិច្ចលោកបានឃាត់ចាប់ទុកនៅតាមគោលដៅចំនួន ៤កន្លែង រួមមាន៖ នៅគោលដៅហ្គ្រែនភ្នំពេញ- ផ្លូវ២០០៤ និងផ្លូវជាតិលេខ១ជាដើម។
ត្រង់ចំណុចនេះ លោក ចេវ ហាក់ បានបញ្ជាក់ថា រាល់ថ្ងៃនេះ កម្លាំងនគរបាលចរាចរបានពង្រឹងនៅគ្រប់គោលដៅទាំងអស់ នៅជុំវិញរាជធានីភ្នំពេញទាំងអស់ ដើម្បីទប់ស្កាត់ការធ្វើចរាចររថយន្តដឹកទំនិញធុនធ្ងន់បើកចូលក្រុងពេលថ្ងៃនេះ ដើម្បីសម្រួលចរាចរណ៍កកស្ទះ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរជាដើម។
លោក ចេវ ហាក់ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា ជាបន្តបន្ទាប់មកនេះ រាល់ការចាប់ឃាត់រថយន្តដឹកទំនិញធុនធ្ងន់ ដែលល្មើសបម្រាមហាមឃាត់បើកចូលទីក្រុងពេលថ្ងៃ គឺទាន់តែមានចំណារ ចេញពីរដ្ឋបាលសាលារាជធានីភ្នំពេញ ទើបកម្លាំងនគរបាលចរាចរ អនុញ្ញាតឲ្យចេញពីទីតាំង ឃាត់ចាប់ និងផាកពិន័យ។
យ៉ាងណាក៏ដោយចុះ លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា រឿងនេះ កន្លងមករូបលោកធ្លាប់ត្រូវមាត់ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ស្ទើរជារៀងរាល់ថ្ងៃដែរ នៅពេលមានព័ត៌មានចុះផ្សាយចោទប្រកាន់ ដែលថា រូបលោកបានអនុញ្ញាត ឬកាងការពារឲ្យក្រុមហ៊ុនដឹកទំនិញធំៗបើកចូលក្រុងនៅថ្ងៃនោះ។ លោក ចេវ ហាក់ បានបដិសេធន៍រាល់ការចោទប្រកាន់ខាងលើថា ជាព័ត៌មានមិនពិតនោះទេ។
យ៉ាងណាក៏ដោយចុះ មន្ត្រីនគរបាលការិយាចរាចរជើងគោករាជធានីភ្នំពេញមួយចំនួន បានទទូចដល់លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំស្ថាប័នប្រឆាំងអំពើពុករលួយ លោកឱម យ៉ិនទៀង ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយពិនិត្យទៅលើសកម្មភាពការងារ របស់លោក ចេវ ហាក់ ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលបន្ទុកចរាចរ និងលោក សែម សុគន្ធា ប្រធានការិយាល័យនគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ ដោយអនុគ្រោះផង៕ ដោយ៖ ដែន សីមា