ព្រះសីហនុ៖ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ថ្ងៃនេះយើងជួបជុំគ្នា គោលដៅយើង គឺប្រមូលសំរាមចេញ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត ពាក់ព័ន្ធនឹងសំរាមសេសសល់នេះ សុំឲ្យអ្នកប្រើប្រាស់ សំរាមទាំងអស់ ត្រូវមានការយល់ដឹងឲ្យបានច្បាស់អំពីសំរាម។
យុទ្ធនាការសម្អាតអនាម័យបរិស្ថាន នៅខេត្តព្រះសីហនុ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៩។
លោកបានបន្តថា ទោះបីជាមាន យុទ្ធនាការប្រមូលសំរាម ចេញពីក្រុងព្រះសីហនុថ្ងៃនេះ ប្រាកដណាស់ថា ការគ្រប់គ្រងសំរាម មិនទាន់បានល្អនៅឡើយទេ តែយើងចាប់ផ្តើមយល់ដឹង អំពីសំរាមពីពេលនេះតទៅ។ បញ្ហាសំរាមកំពុងរីកធំហួស ពីសមត្ថភាពក្រុមហ៊ុនដឹកជញ្ជូនចេញ តែយ៉ាងណាក៏ដោយ យើងខ្ញុំរួមទាំងមន្ត្រីពាក់ព័ន្ធ នឹងបន្តការខិតខំគ្រប់គ្រងសំរាមនេះ ឲ្យបានច្បាស់លាស់ ដើម្បីរៀបចំផែនការឲ្យបានគត់មុត ក្នុងការដឹកជញ្ជូនចេញឲ្យបានទាន់ ឲ្យបានគ្រប់ចំនួន នឹងបរិមាណដែលបានបញ្ជូនចេញ តែក៏សុំឲ្យមានកិច្ចសហការគ្នា ចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងវេចខ្ជប់ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។
លោកអភិបាលខេត្ត បាននិយាយថា បន្ទាប់ពីការជួបជុំ និងការប្រមូលសំរាមនេះទៅ ខ្ញុំក៏សុំស្នើសុំអ្នកស្ម័គ្រចិត្តទាំងអស់ ចូលរួមនៅទីនេះ បានរួមគ្នាបន្តការអប់រំផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ទៅកាន់បងប្អូន ប្រជាពលរដ្ឋអ្នកបង្កើតសំរាម នៅទូទាំងក្រុងព្រះសីហនុយើង និងសូមឲ្យបងប្អូនអ្នកស្មគ្រចិត្តទាំងអស់នៅទីនេះធ្វើខ្លួនឲ្យក្លាយទៅជាចលករសំខាន់ នៃអ្នកគ្រប់គ្រងសំរាម នៅទីក្រុងព្រះសីហនុរបស់យើង ដោយខិតខំផ្សព្វផ្សាយ ឲ្យទូលំទូលាយទៅកាន់អ្នកបង្កើតសំរាមឲ្យពួកគាត់មានការយល់ដឹង ចូលរួម ដើម្បីយើងមានលទ្ធភាពគ្រប់គ្រងសំរាមឲ្យបានល្អ យើងមានលទ្ធភាពថែទាំអនាម័យ បរិស្ថាននៅក្រុងព្រះសីហនុ ឲ្យបានល្អចាប់ពីថ្ងៃនេះតទៅ៕ ដោយ៖បញ្ញាស័ក្តិ