បន្ទាយមានជ័យ ៖ មន្ត្រីយោធាម្នាក់ត្រូវបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តបុក កិនម៉ូតូរបស់គាត់ ពីក្រុងសិរីសោភ័ណទៅស្រុកព្រះនេត្រព្រះ។ ឧបទ្ទហេតុកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានទី៥ស្ថិតក្នុងភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសរីសោភ័ណ ខេត្ត បន្ទាយមានជ័យ វេលាម៉ោង៥ និង២០ ព្រលប់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៧ ។
លោកវរសេនីយ៍សន គឹមសួគ៌ នាយការិយាល័យនគរបាលចរាណ៍ផ្លូវគោកនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យបានឲ្យដឹងថា : ជនរងគ្រោះមានឈ្មោះឃឹម នុយ ភេទប្រុសអាយុ៦១ឆ្នាំ នៅភូមិរំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ជាមន្ត្រីយោធា រងវរ:សេនាតូចអន្តរាគមន៍នៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ។
មុនពេលកើតហេតុ ជនរងគ្រោះបានបើកម៉ូតូ តែភ្លេចពាក់មួយសុវត្ថិភាព បើកបរក្នុងទិសដៅពី កើតទៅលិច ពេលទៅដល់ចំណុចកើតហេតុ មានរថយន្ត១គ្រឿងបានបុកម៉ូតូគាត់ ។ រួចម៉ូតូបានជ្រុលទៅបុកគោយន្តកន្ត្រៃ ធ្វើដំណើរស្របទិសគ្នា ហើយអ្នកបើកម៉ូតូបានខ្ទាតចូលកងរថយន្ត១គ្រឿងទៀត បណ្តាលឲ្យកិនស្លាប់នៅនឹងកន្លែងតែម្តង។
មន្ត្រីប៉ូលីស និយាយថា ៖ មូលហេតុបង្កឲ្យគ្រោះថ្នាក់នេះ ដោយសាររថយន្តបើកមានល្បឿនលឿននិងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។រថយន្តទាំង២គ្រឿងបានបើកគេចខ្លួន ទុករថយន្តចោល៕ ដោយ ៖ បន្ទាយ