ភ្នំពេញ៖ លោក ម៉ម សូណង់ដូ អ្នកស្នេហាជាតិ បានធ្វើលិខិតលាលែងតំណែង ចេញពីឆាកនយោបាយ និងលាលែងពីប្រធានវិទ្យុសំបុកឃ្មុំ។
ក្នុងលិខិតរបស់ លោក ម៉ម សូណង់ដូ ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ការលាលែងចេញពីឆាកនយោបាយនេះ គឺដើម្បីផ្ទេរវេនជូនអ្នកនយោបាយវ័យក្មេងបន្តកាតព្វកិច្ចស្នេហាជាតិនេះតទៅទៀត។
តាមរយៈលិខិតលាលែងរបស់ លោក ម៉ម សូណង់ដូ នៅថ្ងៃនេះ លោកបានបញ្ជាក់ថា
នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសកលថ្ងៃទី១ខែមករា ឆ្នាំ២០១៨ “ខ្ញុំ ម៉ម សូណង់ដូ ប្រកាសលាលែងចេញឆាកនយោបាយ និងលាលែងចេញពីតួនាទីប្រធានវិទ្យុសំបុកឃ្មុំ ហើយខ្ញុំសូមផ្ទេរតំណែងប្រធានវិទ្យុសំបុកឃ្មុំនេះ ជូនគឺលោកស្រី ឌិន ផាណារ៉ា ដែលជាប្រធានស្តីទី ហើយខ្ញុំសូមរក្សាសកម្មភាពតែមួយគត់ កឺសកម្មភាពសប្បុរសធម៌ មិនប្រកាន់និន្នាការនយោបាយ”។
លោកម៉ម សូណង់ដូ ក៏បានប្រគេនពរដល់ព្រះសង្ឃ ជូនពរដល់រាជរដ្ឋាភិបាល ដល់គណបក្សនយោបាយទាំងអស់ សូមបន្តសកម្មភាពជាអ្នកស្នេហាជាតិតទៅទៀត ដោយភាពស្មោះសរចំពោះជាតិ កុំឲ្យមានភាពវៀចវេរ ត្រូវមានការប្តេជ្ញាចិត្ត ការពារប្រជាពលរដ្ឋដោយភាពយុត្តិធម៌ និងផលប្រយោជន៍ជាតិរបស់ខ្មែរ ការពារទឹកដីមាតុភូមិ និងការពារអនាគតសម្រាប់កូនខ្មែរទៅថ្ងៃមុខ។
សូមបញ្ជាក់ថា លោកម៉ម សូណង់ដូ បានចូលខ្លួនបម្រើសង្គមជាតិខ្មែរ គិតចាប់តាំងពីឆ្នាំ១៩៩៥ រហូតដល់ឥឡូវនេះថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧ គឺបាន២២ឆ្នាំហើយ ដែលស្ថិតក្នុងសកម្មភាពចំនួន៣ធំៗគឺសកម្មភាពសប្បុរសធម៌ដែលមិនប្រកាន់និន្នាការនយោបាយ សកម្មភាពនយោបាយដែលហ៊ានលះបង់សព្វគ្រប់បែបយ៉ាងហ៊ានប្រឈមមុខជាមួយអ្នកមានអំណាច ដើម្បីការពារយុត្តិធម៌ សិទ្ធិសេរីភាព និងការពារអ្នករងគ្រោះ និងសកម្មភាពបង្កើនការចេះដឹងរបស់ប្រជាពលរដ្ឋ ដូចជាការបង្ហាត់បង្រៀននិងពន្យល់ដល់ប្រជាពលរដ្ឋគ្រប់ទិសទី អំពីច្បាប់ សិទ្ធិនិងសេរីភាព ជាដើម៕ ដោយ៖បញ្ញាស័ក្តិ