ភ្នំពេញ៖ ទិវាបុណ្យជាតិ ៧ មករាលើកទី៣៩ ឆ្នាំ២០១៨នេះ នឹងត្រូវប្រារព្វធ្វើឡើងនៅមជ្ឈមណ្ឌកោះពេជ្រ ហើយបើតាមគម្រោងនឹងមានមហាជនចូលរួមជិត៥ម៉ឺននាក់ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នេះបើតាមការឱ្យដឹងក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងសន្តិសុខ របៀបរៀបរយ ជុំវិញការរៀបចំពិធីនេះនៅសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី កម្លាំងមានសមត្ថកិច្ចទាំង២ប្រភេទនិងអភិបាលខណ្ឌទាំង១២ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២ខែមករាឆ្នាំ២០១៨ នេះលោកឃួង ស្រេង បានជម្រុញអោយកម្លាំងមានសមត្ថកិច្ចទាំងអស់ពង្រឹងសន្តិសុខ និងរបៀបរៀបរយអោយបានល្អ ជាពិសេសថែមទៀតនោះ គឺការណែនាំអោយប្រជាពលរដ្ឋដាក់ទង់ជាតិនៅតាមមុខផ្ទះរបស់ខ្លួន ដើម្បីទទួលបុណ្យ៧មករា ដោយនេះជាបុណ្យជាតិ ហើយទិវាបុណ្យនេះជាបុណ្យកំណើតទី២របស់យើងទាំងអស់គ្នាផងដែរ បើគ្មានថ្ងៃ៧មករាក៏មិនមានថ្ងៃនេះដែរ។
លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញបានអោយដឹងថា ទិវាបុណ្យជាតិ៧មករាលើកទី៣៩ ឆ្នាំនេះនឹងធ្វើឡើង ដោយមានមហាជនចូលរួមចំនួន៤៥០០០នាក់ ហើយក្នុងចំនួននេះសម្រាប់រាជធានីភ្នំពេញមានមហាជនមកពីបណ្តាលខណ្ឌទាំង១២មានចំនួន២៥០០០នាក់។លោកបញ្ជាក់ថា ទិវាបុណ្យជាតិ៧មករាលើកទី៣៩ ឆ្នាំនេះធ្វើឡើងធំជាងបណ្តាលឆ្នាំមុនៗ ។ដោយកន្លងមកនេះយើងធ្លាប់តែធ្វើនៅក្នុងទីតាំងគ៨៥(ទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា នៅចំការមន) ដែលដាក់មហាជនបានតែប្រមាណ១៦០០នាក់ប៉ុណ្ណោះ។ តែឆ្នាំនេះ ជាលើកទី១ហើយ ដែលនឹងធ្វើឡើងដោយមានមហាជនចូលរួមរហូតដល់ចំនួន៤៥០០០នាក់ ៕ ដោយ៖កូឡាប