បន្ទាយមានជ័យ ៖ មួយរាត្រីបន្ទាប់ពីបុណ្យឬពីធីអបអរសាទរ រីករាយក្នុងឱកាសឆ្លងឆ្នាំចាស់ឆ្នាំសាកល២០១៧ ចូលឆ្នាំថ្មី២០១៨ នៅខេត្តបន្ទាយមានជ័យ ក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត មានប្រជាពលរដ្ឋចូលរួមអបអរច្រើនកុះករ។ ប៉ុន្តែនៅស្រុក ដែលជាស្រែ-ចម្ការ ប្រជាពលរដ្ឋ រួមទាំងយុវជន និងយុវនារីផង មិនសូវមានចូលរួមច្រើនទេ។
ភ្ញៀវទេសចរខ្មែរ និងបរទេសខ្លះត្រូវមន្ត្រីសមត្ថកិច្ចស្រង់សំដីដែលនិយាយថ្ងៃទី១មករាថា ៖ ពលរដ្ឋក្នុងខេត្ត, ភ្ញៀវជាតិច្រើន និងភ្ញៀវអន្តរជាតិតិចតួច បាននាំគ្នាទៅលេងកំសាន្តសប្បាយនៅក្រុងសិរីសោភ័ណ និងក្រុងប៉ោយប៉ែត ត្បិតអីទីនោះ តំបន់ផ្សារ មានការរៀបចំទីកម្សាន្ត មានការតាំងលម្អភ្លើង និងការបង្កើតសកម្មភាពប្រគុំភ្លេង ច្រៀងរាំនិងមានអាហារ ក៏ដូចជាទំនិញនានាសម្រាប់ទិញ។ មនុស្សម្នាក្នុងស្រុកនិងភ្ញៀវទេសចរជាតិ និងបរទេសនាំគ្នាទៅលេងកំសាន្តរីករាយច្រើន ព្រោះក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែត ជាទីប្រជុំជន ជាប់ព្រំដែនច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ។
ចំណែកនៅតាមស្រុក៧ផ្សេងទៀត ជាតំបន់ស្រុកស្រែចម្ការ ប្រជាពលរដ្ឋមិនសូវអបអរនឹងឆ្លងឆ្នាំសាកលទេ ពួកគេផ្តោតតែលើបុណ្យនានាតាមប្រពៃណីខ្មែរ-ចិនប៉ុណ្ណោះ។ ប៉ុន្តែនៅតាមរមណីយដ្ឋាននានា គេឃើញមានភ្ញៀវខ្លះដែរ នៅថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ ឆ្លងឆ្នាំសាកលថ្ងៃទី៣១ធ្នូ ២០១៧ និងថ្ងៃច័ន្ទជាថ្ងៃឈប់សម្រាកនេះ។
សូមរំលឹកថា នៅក្រុងសិរីសោភ័ណ ចំថ្ងៃអាទិត្យផងនិងត្រូវជាថ្ងៃឆ្លងឆ្នាំចាស់និងទទួលអំណរឆ្នាំថ្មី នៅសូនមានជ័យ(អតីតវេទិកាខេត្ត) នាក្រុងសិរីសោភ័ណ កាលពីរាត្រីថ្ងៃទី៣១ធ្នូឆ្នាំ២០១៧ រហូតដល់រំលងអាធ្រាត្រថ្ងៃទី១ខែមករាឆ្នាំ២០១៨ រដ្ឋបាលខេត្តបានធ្វើពីធីអបអរផ្លូវការ លៀងអាហារ ចែកអំណោយនិងប្រគុំតន្ត្រីជាច្រើនវង់ផងដែរ។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និយាយនារាត្រីថ្ងៃទី៣១ ខែធ្នូ២០១៧ថា ៖ ការតុបតែងភ្លើងលម្អទាំងឡាយនៅសួនមានជ័យ កណ្តាលក្រុងសិរីសោភ័ណនឹងអាចទុកពន្យាដល់រាត្រីស្រមោលសទីនោះ។
ឯប្រភពពក្រុងប៉ោយប៉ែតវិញ អោយដឹងថ្ងៃទី២ធ្នូថា ៖ ភ្លើងដែលក្រុមហ៊ុនកាស៊ីណូនានាបានតុបតែងពីអំឡុងបុណ្យណូអែល(គ្រឹស្មាស)មក នៅប្លុកកាស៊ីណូក្នុងក្រុងប៉ោយប៉ែតនឹងអាចដាក់បន្តដល់បុណ្យចូលឆ្នាំចិនខាងមុខ៕ ដោយ ៖ បន្ទាយ