តាកែវ៖ ឆ្លងកាត់ការប្រកួតកីឡាយ៉ាងស្វីតស្វាញអស់រយៈពេលជិតមួយសប្តាហ៏កន្លងមក ចាប់ពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០១៩ មកដល់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩នេះ គណៈកម្មការរៀបចំការប្រកួតនៃមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានរកឃើញម្ចាស់ជ័យលាភីទាំង ២ប្រភេទកីឡានេះហើយ។
ថ្លែងក្នុងឱកាសបិទវគ្គការប្រកួតកីឡាជ្រើសរើសជើងឯកទូរទាំងខេត្តសិស្សមធ្យមសិក្សាឆ្នាំ២០១៨-២០១៩នេះ នារសៀលថ្ងៃទី២២ ខែកក្កដាឆ្នាំ ២០១៩ នៅទីលានបាល់ទាត់គីរីវង់សុខសែនជ័យ លោក ឡោ វីរិទ្ធ បានជំរុញនិងលើកទឹកចិត្តដល់ក្រុមកីឡាករកីឡាការិនីដែលទទួលបានជ័យលាភី ត្រូវតែបន្តហ្វឹកហាត់បន្ថែមទៀត ទៅលើបច្ចេកទេសនៃការលេងកីឡា នីមួយៗ ព្រោះបន្ទាប់ពីការបញ្ចប់នៃការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងខេត្តនេះ គឺក្រុមកីឡាករទាំងអស់និងត្រូវបន្តទៅប្រកួតនៅថ្នាក់ជាតិ នៅរាល់២ឆ្នាំម្តង ដូច្នេះដើម្បីជាកិត្តិយសនៃខេត្តរបស់យើង កីឡាករ កីឡាការិនីទាំងអស់ត្រូវតែខិតខំអោយអស់ពីសមត្ថភាព លើការហ្វឹកហាត់ ដើម្បីដណ្តើមយកជ័យលីភី មកអោយខេត្តរបស់យើង ។ ជុំវិញជាមួយនឹងការត្រៀមទៅប្រកួតថ្នាក់ជាតិនៅឆ្នាំក្រោយនេះ សូមអោយគ្រូបង្គោល ដែលជាអ្នកដឹកនាំក្រុមកីឡាករ នៅពេលត្រឡប់ទៅវិញ ត្រូវតែព្យាយាមបំពេញបន្ថែមនៅចន្លោះខ្វះខាតដែលក្រុមកីឡាកររបស់យើងមានការខ្វះខាត ។
លោកប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បានលើកឡើងថា នេះជាលទ្ធផលមួយដែលធ្វើអោយយើងបានដឹងច្បាស់ថា នៅក្នុងខេត្តរបស់យើងបាននឹងកំពុងតែមានចលនាផុលផុសលើសវិស័យកីឡាបាល់ទាត់ខ្លាំង ក៏ដូចជាអ្នកគាំទ្រផងដែរ ដូច្នេះដើម្បីពង្រឹងការងារកីឡានេះឡើងវិញ គណៈគ្រប់គ្រងនៅការិយាល័យអប់រំកាយនិងកីឡា ចាប់ពីពេលនេះតទៅ ត្រូវតែជម្រុញដល់ការលេងកីឡា នៅតាមមូលដ្ឋានរបស់ខ្លួនអោយបានផុលផសឡើងវិញ ពីព្រោះការលេងកីឡា បានជួយអោយរាងកាយរបស់យើងមានភាពមាំមួន មានសុខភាពល្អ និងបានជៀសឆ្ងាយពីអំពើឧបាយមុខ និងគ្រឿងញៀនផងដែរ ។
សូមបញ្ជាក់ផងដែរថា ចំពោះម្ចាស់ជ័យលាភីលើការប្រកួតកីឡាជ្រើសរើសជើងឯកមហាជនទូរទាំងខេត្តតាកែវ ឆ្នាំ២០១៨-២០១៩នេះវិញ្ញាសារកីឡាបាល់ទាត់បុរស លេខ១ បានទៅលើក្រុមបាល់ទាត់យុវជនស្រុកត្រាំកក់ លេខ២ ក្រុមបាល់ទាត់គជបខេត្ត និងលេខ ៣ បានទៅលើក្រុមកីឡាបាល់ទាត់របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំណែកវិញ្ញាសារប៉េតង់ លេខ ០១បានទៅលើសាលាគរុកោសល្យនិងវិក្រិត្រឹការខេត្ត លេខ២ បានទៅលើស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលេខ ៣ បានទៅលើតំបន់ប្រតិបត្តិការសឹករងខេត្ត ៕ តាកែវ