ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការស្តីបន្ទោសយ៉ាងខ្លាំងចំពោះអភិបាលខណ្ឌឫស្សីកែវជុំវិញបញ្ហារឿងឡានដឹកដី ដឹកខ្សាច់ ដឹកថ្ម គំពុបធ្លាក់លើផ្លូវ ធ្វើអោយប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់ និងបរិស្ថានក៏ដូចសុខភាពអ្នកធ្វើដំណើរទូទៅ ហើយកិច្ចការងារមួយនេះបើធ្វើមិនបានទេ ប្រាប់មក កុំអាងអាវក្រោះការពារ អាវក្រោះនោះការពារ មិនបានទេ។
ការស្តីបន្ទោសបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២ខែមករា ឆ្នាំ២០១៨ ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងសន្តិសុខ របៀបរៀបរយ ជុំវិញការរៀបចំពិធីបុណ្យជាតិ៧មករា ជាមួយកងកម្លាំងប្រដាប់អាវុធនិងអាជ្ញាធរ ពាក់ព័ន្ធទាំងអស់ចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោកអភិបាលបានមានប្រសាសន៍លើកឡើងថា អាជ្ញាធរខណ្ឌឬស្សីកែវ មិនបានយកចិត្តទុកដាក់ទៅលើវិធានការទប់ស្កាត់រថយន្តដឹកដី ដឹកថ្ម ដឹកខ្សាច់ធ្លាក់លើផ្លូវប៉ះពាល់ខ្លាំងដល់សណ្តាប់ធ្នាប់ និងបរិស្ថានក៏ដូចសុខភាពអ្នកធ្វើដំណើរទូទៅឡើយកន្លងមកនេះ ។
លោកអភិបាលរាជធានីបានបន្តថា រឿងដដែលៗនេះបានកើតមានឡើងនិងមិនបានអនុវត្តតាមការណែនាំដោយបណ្តោយឲ្យកើតមានការដឹកដីយ៉ាងគគ្រឹកគគ្រេងហៀរហូរលើផ្លូវគ្មានការទប់ស្កាត់ ពិសេសលើផ្លូវលេខ៥៩៨ និងកំណាត់ផ្លូវជាតិលេខ៥។
លោកបញ្ជាក់ថា “បើអស់លោកធ្វើមិនបានប្រាប់ឲ្យបានច្បាស់មក ព្រោះមន្ត្រីខណ្ឌឬស្សីកែវនេះ និយាយដដែលៗច្រើនដងពេកហើយហត់ពេកហើយ។សុំអស់លោកកុំអាងអាវគ្រោះ អាវគ្រោះមិនអាចការពារអស់លោកបានទេពេលជ្រមុជក្នុងទឹក។ក្រុមហ៊ុនដឹកដីដឹកខ្សាច់មិនមានច្រើនទេក្នុងមូលដ្ឋានអស់លោកទទួលខុសត្រូវ ចុះហេតុអ្វីក៏ទប់ស្កាត់ ឬណែនាំឲ្យអនុវត្តតាមសេចក្តីជូនដំណឹងមិនបាន។អស់លោកត្រូវចេះទាស់ភ្នែករាល់ចំណុចខុសឆ្គងដែលមានក្នុងមូលដ្ឋាន និងមានឆន្ទៈទទួលខុសត្រូវពិតប្រាកដ”។
លោកឃួង ស្រេង មានប្រសាសន៍បញ្ជាក់ថា ពាក្យថាត្រូវចុះមើលផ្លូវ គឺមានន័យណាស់។ ពេលមើលផ្លូវគឺបានឃើញអ្វីៗច្រើនរឿង ឃើញពីសំណូមពររបស់ប្រជាពលរដ្ឋ។
ក្នុងកិច្ចប្រជុំលើកដំបូងសម្រាប់ឆ្នាំថ្មីឆ្នាំ២០១៨ នាព្រឹកថ្ងៃទី២មករា លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានក្រើនរំលឹកដល់មន្ត្រីរាជការ,អាជ្ញាធរដែនដីក្រោមឱវាទរាជធានីភ្នំពេញត្រូវខិតខំជម្រះរាល់ចំណុចអសកម្មដែលមានពីឆ្នាំចាស់ និងទទួលយកអ្វីដែលថ្មី ជាផលប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ការអភិវឌ្ឍ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌ សង្កាត់ត្រូវពង្រឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវទាំង១១ខ្សែសំខាន់ៗក្នុងក្រុងដែលមានស្រាប់ ក៏ដូចជាការត្រូតពិនិត្យទីតាំងហាងបញ្ចាំដែលមានក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួនឲ្យបានជាប់ជាប្រចាំ។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនាព្រឹកនេះ មិនមានវត្តមានលោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ ចូលរួមទេ គឺលោកបានចាត់តាំង លោកអភិបាលរងខណ្ឌ មួយរូប ចូលរួមប្រជុំជំនួស៕ ដោយ៖កូឡាប