ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សង្កេតឃើញថា កងកម្លាំងមានសមត្ថកិច្ច ពិសេសនគរបាលចរាចរណ៍ ទូទាំងប្រទេស បានខិតខំប្រឹងប្រែង បំពេញភារកិច្ចយ៉ាងសកម្ម គួរឲ្យកោតសរសើរ ក្នុងយុទ្ធនាការអប់រំ និងពង្រឹងការអនុវត្តច្បាប់ ធ្វើយ៉ាងណា ឲ្យអ្នកដំណើរតាមម៉ូតូទាំងអស់ ត្រូវតែពាក់មួកសុវត្ថិភាព ជាដាច់ខាត។
សម្តេច ស ខេង មានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវ ដល់សមត្ថកិច្ចនគរបាលចរាចរណ៍ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមក្នុងយុទ្ធនាការរយៈពេល១ខែនេះ ហើយបន្ទាប់ពីបញ្ចប់យុទ្ធនាការនេះ សូមបងប្អូនបន្តអនុវត្តច្បាប់ចរាចរណ៍ ដោយស្មារតីភ្ញាក់រលឹកខ្ពស់ ដើម្បីការពារសុវត្ថិភាពយើងទាំងអស់គ្នា”។
ហ្វេសប៊ុកផេកផ្លូវការរបស់សម្តេច ស ខេង សរសេរនៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ ថា សូមសម្ដែងនូវសេចក្ដីត្រេកអរ ចំពោះលទ្ធផលជាបន្តបន្ទាប់ នៃការអនុវត្តយុទ្ធនាការរឹតបន្តឹងការពាក់មួក សុវត្ថិភាពលើអ្នកធ្វើដំណើរ តាមមធ្យោបាយម៉ូតូទូទាំងប្រទេស ៕ដោយ៖កូឡាប