ភ្នំពេញ៖ រាជធានីភ្នំពេញគ្រោងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅដើមខែធ្នូឆ្នាំ២០១៩នេះ ដោយផ្តោតសំខាន់លើការអភិវឌ្ឍទីក្រុង និងការរស់នៅរបស់ប្រជាពលរដ្ឋ។
អភិបាលរាជធានីភ្នំពេញបានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមលក្ខណៈរួច រាល់ហើយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៥ ខែធ្នូ ខាងមុខនេះ ដែលនឹងមានសមាជិកចូលរួមជាង១០០ ទីក្រុង ដើម្បីជជែកពិភាក្សានិងចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍទីក្រុងប្រកបដោយ និរន្តរភាព។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាងនៅរសៀលថ្ងៃទី២៣ ខែកក្កដានេះ បានអះអាងថា ការរៀបចំមហាសន្និបាតនេះ គឺជាមោទនភាពរបស់កម្ពុជានៅលើឆាក អន្តរជាតិដែលមានលទ្ធភាពទទួលស្វាគមន៍គណៈប្រតិភូជាច្រើនប្រទេសមកប្រជុំនៅក្នុងរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ហើយបានបង្ហាញពីកត្តាសុខសន្តិភាពពេញបរិបូរណ៍ទៅដល់អន្តរជាតិផងដែរ។
លោកបន្តថា ការងារនេះយើងបានរៀបចំសុំការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល និងជម្រាបជូន ទៅក្រសួងពាក់ព័ន្ធគណៈរដ្ឋមន្រ្តីព្រមទំាងខេត្តចំនួន៣ទៀត មានខេត្តសៀមរាប បាត់ដំបង និងកំពត ដែលជាទីក្រុងនិយាយភាសាបារំាងដែរ អ៊ីចឹងកិច្ចការងារនេះយើងបានរៀបចំបានច្រើនហើយ កិច្ចការចម្បងរបស់យើង គឺការទទួលភ្ញៀវមកពីទីក្រុងផ្សេងៗ ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ហើយភ្ញៀវនេះធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដែលយើងត្រូវធ្វើរៀបចំបដិសណ្ឋារកិច្ច។
លោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាង ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញនេះ បានផ្តោតសំខាន់លើប្រធាន បទខួប៤០ឆ្នាំ គឺ៤០ឆ្នាំនៃការបង្កើតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារំាង និងខួប ៤០ឆ្នាំនៃការរំដោះរាជធានីភ្នំពេញ ចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។
លោក បានបញ្ជាក់ថា តាមរយៈនៃការកំណត់យកប្រធានបទនេះ គឺបានបង្ហាញនូវអ្វីដែលជាភាពអច្ឆរិយៈ របស់រាជធានីភ្នំពេញ ដែលចាប់ផ្តើមពីទីក្រុងខ្មោច ហើយក្លាយទៅជាទីក្រុង ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ នាពេលបច្ចុប្បន្ននេះ។
សូមបញ្ជាក់ថា រាជធានីភ្នំពេញគឺជាទីក្រុងនាំមុខនៅតំបន់អាស៊ី ដោយសារតែរាជធានីភ្នំពេញ មានការិយាល័យអចិន្ត្រៃយ៍តែមួយគត់ នៅក្នុងសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារំាង ខណៈមានការិយាល័យអចិន្ត្រៃយ៍២ផ្សេងទៀត ទៅតំបន់អាហ្វ្រិក និងអឺរ៉ុប៕ ដោយ៖កូឡាប