កណ្តាល ៖ នគរបាលស្រុកខ្សាច់កណ្តាល បានរាយការណ៍ពីករណីរំលោភសេពសន្ថវៈមួយ ដែលបង្កឡើងដោយឪពុកចុង ចាប់រំលោភកូនដើម បន្ទាប់ពីបានសែនព្រេនយកគ្នាជាប្តីប្រពន្ធជាមួយម្តាយក្មេងរងគ្រោះប្រមាណ៦ខែ។
កើតហេតុការណ៍ចាប់រំលោភនេះបានកើតឡើងថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧ ម៉ោង៥:៣០នាទី ទៀបភ្លឺ ចំណុចភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយជនបង្កជាឪពុកចុងត្រូវចាប់ខ្លួន នាថ្ងៃទី១ខែមករាឆ្នាំ២០១៨ យោងតាមពាក្យបណ្តឹងរបស់ក្មេងស្រីរងគ្រោះ ដែលប្តឹងចូលប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។ ជនរងគ្រោះឈ្មោះ វ.ណ ភេទស្រី អាយុ ១៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ជនសង្ស័យឈ្មោះ វ៉េង ពីវ ហៅ ទ្រី ភេទ ប្រុស អាយុ ៤៤ ឆ្នាំជនជាតិ ខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិតាកែវ២ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន។
នគរបាលក៏បានបញ្ជាក់អំពីសភាពរឿងហេតុថា នៅអំឡុងខែមិថុនា ឆ្នាំ២០១៧ ម្តាយកុមារីរងគ្រោះ នៅភូមិតាកែវ២ ឃុំវិហារសួគ៌ បានលែងលះជាមួយប្តីដើមឈ្មោះ ជា វន បន្ទាប់មកឈ្មោះ ពេញ ខុន បានស្រឡាញ់និងសែនព្រេនជាមួយឈ្មោះ វ៉េង ពីវ ភេទ ប្រុស មានស្រុកកំណើតភូមិស្លា ឃុំស្វាយរមៀត ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាប្តីប្រពន្ធ ហើយបានស្នាក់នៅផ្ទះជួលនៅក្នុងក្រុមហ៊ុន7NG ជាមួយកូនស្រីរងគ្រោះ និងប្ដីចុងឈ្មោះវ៉េង ពីង ដើម្បីប្រកបមុខរបររកស៊ី។ នៅពេលកន្លងមកឈ្មោះ វ៉េង ពីវ តែងតែបៀតបៀនទៅលើឈ្មោះ វ.ណ ជាកូនចុងដូចជា ឱបថើប ច្របាច់សុដន តែជនរងគ្រោះមិនដែលនិយាយរឿងហេតុប្រាប់ម្តាយទេ ព្រោះខ្លាចម្តាយពិបាកចិត្ត រហូតដល់ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៧ វេលាម៉ោង ២០ ជនរងគ្រោះ និងមិត្តភក្ភិ បានចេញពីផ្ទះជួលទៅមើលល្ខោនបាសាក់ នៅជិតផ្ទះនៅក្នុងក្រុមហ៊ុន7NG។ រហូតដល់ម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៧ ជនរងគ្រោះត្រឡប់ពីមើលល្ខោនវិញ ឡើងទៅដេកលើឡៅតឿក្នុងផ្ទះខ្លួន ចំណែកឈ្មោះ វ៉េង ពីវ បានដេកជាមួយប្រពន្ធនៅលើគ្រែ ក្នុងផ្ទះជួលនោះដែរ។ ដល់វេលាម៉ោង ៥ ទៀបភ្លឺ ឈ្មោះ វ៉េង ពីវ បានក្រោកពីដេក លបឡើទៅលើឡៅតឿ កន្លែងក្មេងស្រីរងគ្រោះដេកតែម្នាក់ឯង ពេលនោះឈ្មោះ វ៉េង ពីវ បានថើបជនរងគ្រោះ ដែលកំពុងតែដេកលង់លក់។ ភ្លាមនោះជនរងគ្រោះ បានភ្ញាក់ដឹងខ្លួន ហើយនិយាយថា ធ្វើអីអីចឹង ឈ្មោះ វ៉េង ពីវ និយាយថា ក្រោកឡើងទៅជួយដាក់សាច់ឲ្យម៉ូយ ចំណែកម្តាយឈ្មោះ ពេញ ខុន បានក្រោកទៅលក់សាច់ជ្រូកនៅឯផ្សារវិហារសួគ៌បាត់ហើយ បន្ទាប់ពីឈ្មោះ វ៉េង ពីវ បានឌុបជនរងគ្រោះ ចេញពីផ្ទះជួលថាទៅដាក់សាច់ជ្រូកឲ្យម៉ូយ តែបែរជាឌុបជនរងគ្រោះ ទៅក្រោយរោងចក្រទី៨ កន្លែងស្ងាត់ បានឈប់ម៉ូតូ ហើយធ្វើកល្បិចនិយាយថា គេឲ្យមកយកជ្រូកងាប់នៅនឹង។ ជនរងគ្រោះ បាននិយាយថា ជ្រូកងាប់អីនៅកន្លែងស្ងាត់នឹង ពេលនោះជនរងគ្រោះបាន ចុះពីលើម៉ូតូរត់បម្រុងមកផ្ទះវិញ តែត្រូវឈ្មោះ វ៉េង ពីវ ជិះម៉ូតូដេញតាម ហើយចុះពីលើម៉ូតូស្ទុះទៅចាប់ជនរងគ្រោះជាប់ ហើយខ្ទប់មាត់អូសចូលវាលស្មៅ ចាប់ស្រាតខោជនរងគ្រោះ ហើយធ្វើសកម្មភាពរំលោភសេពសន្ថវៈបានសម្រេច។ លុះថ្ងៃទី១ខែមករាឆ្នាំ២០១៨ វេលាម៉ោង ១៦ ជនរងគ្រោះ បានប្រាប់បងជីដូនមួយ បន្ទាប់មកបាននាំដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារសួគ៌។ ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងប៉ុស្តិ៍បានឃាត់ខ្លួន វ៉េង ពីវ បញ្ជូនមកអធិការដ្នាននគរបាលស្រុកបន្ត អនុវត្តតាមនីតិវិធី៕ ដោយ៖បញ្ញាស័ក្តិ