ភ្នំពេញ៖ រាជធានីភ្នំពេញ នាពេលបច្ចុប្បនេះ កំពុងប្រឈមបញ្ហាស្ទះ៣ គឺ៖ស្ទះចរាចរ ស្ទះលូ និងស្ទះសំរាម ដែលអាជ្ញាធររាជធានីភ្នំពេញកំពុងយកចិត្តទុកដាក់ដោះស្រាយ។ នាព្រឹកថ្ងៃទី២៩ កក្កដានេះ លោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារ ជាមួយប្រតិភូទីក្រុងហូជីមិញ ដឹកនាំដោយលោកស្រី ង្វៀង ធីឡេ អនុប្រធានលេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅសាលារាជធានីភ្នំពេញ។
សមភាគីទាំង២បានផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ជុំវិញដំណើការអភិវឌ្ឍទីក្រុងភ្នំពេញ.ហូជីមិញ ក្នុងនាមជាទីក្រុងសម្ព័ន្ធភាពនឹងគ្នា អស់រយៈ ពេល១៥ឆ្នាំកន្លងមក។
លោកប៉ា សុជាតិវង្ស បានលើកឡើងពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញ ដែលបានឆ្លងកាត់ការលំបាករាប់មិនអស់ រហូតទទួលបានការរីកច្រើនដូចពេលបច្ចុប្បន្ន មានការបណ្តាក់ទុនវិនិយោគពីបរទេស និងក្នុងស្រុកកើនឡើងឥតឈប់ឈរ ដោយសារគោលនយោបាយបើកចំហរលើការវិនិយោគរបស់ រាជរដ្ឋាភិបាលដែលក្នុងនោះ ក៏ទទួលបានការវិនិយោគ និងជួយឧបត្ថម្ភគាំទ្រពីវៀតណាម លើច្រើនវិស័យផងដែរ។
លោកបន្តថា៖ តែទោះបីយ៉ាងណារាជធានីភ្នំពេញ ក៏កំពុងប្រឈមបញ្ហាស្ទះ៣គឺ៖ស្ទះចរាចរ ស្ទះលូ និងស្ទះសំរាម ដែលអាជ្ញាធររាជធានីភ្នំពេញកំពុងយកចិត្តទុកដាក់ដោះស្រាយ។ នៅពេលនេះកម្ពុជាកំពុងពង្រឹង ខ្លួនក្នុងការរក្សាស្ថេរភាពនយោបាយ អនុវត្តគោលនយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងបានរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ចំនួន១៣ លើករួចមកហើយទាំងសកល និងអសកលក៏ដូចដំណើរការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ។
លោកស្រី ង្វៀង ធីឡេ បានទទួលស្គាល់ដំណើរការអភិវឌ្ឍន៍រាជធានីភ្នំពេញយ៉ាងឆាប់រហ័ស និងបានគូសបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាទៅមុខទៀត លើដំណើរការអភិវឌ្ឍន៍ទីក្រុង ឬហៅថាទីក្រុងវៃឆ្លាត (Smart city) និងឈានទៅប្រើបច្ចេកវិទ្យាទំនើបទាន់សម័យ។ លោកស្រី បានលើកឡើងពិបទពិសោធន៍នាពេលបច្ចុប្បន្ន រាល់កិច្ចប្រជុំនៅទីក្រុងហូជីមិញ គឺព្យាយាមមិនប្រើក្រដាស តែប្រើ Smart Phone ជំនួសវិញ ដែលកំពុងទទួលបានការគាំទ្រ និងទទួលបានជោគជ័យ៕ដោយ: កូឡាប