បាត់ដំបង៖ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានសុខសន្ដិភាពពេញលេញ គ្មានក្រុមកងទ័ពក្រៅច្បាប់ ដើម្បីមកធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាល ដែលនេះជាភ័ព្វសំណាងរបស់ប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
គម្រោងសាងសង់ស្ពានថ្មីជាសមិទ្ធផលអភិវឌ្ឍន៍តំបន់ក្រៅទីប្រជុំជន នៅព្រឹកថ្ងៃទី១៤ សីហានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រើប្រាស់ស្ពានដែលទើបសម្ពោធនេះ ដើម្បីជាប្រយោជន៍ ពិសេសទាញយកនូវផលិតផលដែលបានមកពីការកសាងស្ពាននេះ ក្នុងន័យលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា កំពុងតែមានសុខសន្ដិភាពពេញលេញ គ្មានក្រុមកងទ័ពក្រៅច្បាប់ ដើម្បីមកធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាល ដែលនេះជាភ័ព្វសំណាងរបស់ប្រជាជនកម្ពុជាទាំងអស់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចសង្កត់ធ្ងន់ថា បើស្រុកគ្មានសុខសន្ដិភាព ប្រជាពលរដ្ឋមិនពេលដើម្បីប្រកបមុខរបរប្រចាំថ្ងៃបាននោះទេ។ ស្របពេលដែលប្រទេសជាតិមានសន្ដិភាព ប្រជាពលរដ្ឋត្រូវតែរួមគ្នាគិតដើម្បីកសាងជីវភាព ឲ្យសប្បូរសប្បាយ ហើយកុំទៅជឿការឃោសនាអូសទាញ ពីមជ្ឈដ្ឋានអ្នកនយោបាយខ្លះ ដែលគេមានបំណងដើម្បីគៀរគរប្រមូលប្រជាពលរដ្ឋទៅគាំទ្រគេ ឲ្យទៅប្រឆាំងរាជរដ្ឋាភិបាល តាមរយៈការធ្វើបាតុកម្ម។
សម្តេចក្រឡា ហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា ប្រសិនបើមានការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នាពេលបច្ចុប្បន្នចោលនោះ ប្រៀបដូចជា ប្រទេសកម្ពុជាត្រូវរុះរើសាជាថ្មីអីចឹង ។ ការបញ្ជាក់របស់សម្តេច ស ខេង ខណៈដែលក្រុមប្រឆាំងនៅក្រៅប្រទេសបានកំពុងតែញុះញង់ និងកៀរគរគាំទ្រខ្លួន និងប្រជាពលរដ្ឋ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលបច្ចុប្បន្ន ។ ជាក់ស្តែងនោះ កាលពីថ្ងៃទី១២ សីហាក្រុមប្រឆាំងនៅប្រទេសជប៉ុន បានធ្វើបាតុកម្ម ដើម្បីប្រកាសមិនទទួលរាជរដ្ឋាភិបាលដែលកំពុងដឹកនាំដោយសម្តេចតេជោ ហ៊ុន សែននោះទេ ។ យ៉ាងណាក្តីសម្តេចក្រឡាហោមស ខេង ថ្លែងថា ៖ស្រុកយើងកំពុងមានសន្តិភាពពេញលេញ អត់មានទ័ពក្រៅច្បាប់ ឬហៅ ថាឧទ្ទាមដើម្បីមកធ្វើសង្គ្រាមជាមួយរាជរដ្ឋាភិបាល ដោយកៀរគរកម្លាំងកងទ័ព ឬរើសពីទ័ពពីប្រជាជនទៅច្បាំងទេ ។ នេះជាការជោគជ័យទាំងអស់គ្នា ។
សម្តេចបានបន្តថា ប្រសិនមកដល់ពេលនេះមិនទាន់មានសុខសន្តិភាព គឺយើងមិនអាចធ្វើអ្វីបាននោះទេ ។ ពិតនៅតំបន់នេះ (បាត់ដំបង) ប៉ុន្តែក្នុងនាមជាអ្នករួមចំណែកដឹកនាំមួយ ខ្ញុំ បានឆ្លងកាត់តំបន់នេះជាច្រើនលើកច្រើនសារ ដើម្បីមកសួរសុខទុក្ខកងទ័ពដែលឈរជើងនៅកន្លែងនេះ ។ ពេលនេះអត់មានសន្តិភាពទេ គឺមានអារម្មណ៍មួយភ័យ ហើយត្រូវប្រយ័ត្នប្រយែង ព្រោះខ្លាចគេបាញ់តាមផ្លូវ ប៉ុន្តែមកដល់ពេលនេះយើងមានសន្តិភាពមិនបារម្ភនោះទេ ។ ជាមួយគ្នានោះដែរ សម្តេចស ខេង ក៏បានគូសបញ្ជាក់ថា ៖អ៊ីចឹងទេ យើងនាំគ្នា គិតមើលថា ក្នុងពេលយើងមានសុខសន្តិភាពបែបនេះ យើងគួរនាំគ្នាគិតដើម្បីកសាងជីវភាពរបស់យើងឲ្យសម្បូរសប្បាយ ។ យើងបានសុខហើយ យើងត្រូវនាំគ្នាគិតពីជីវភាព បើមិនដូច្នេះមិនត្រឹមត្រូវទេ អ៊ីចឹងត្រូវខិតខំប្រឹងប្រែងដើម្បីលើកស្ទូយជីវភាពរបស់យើង ។
សម្តេចស ខេង ក៏អំពាវនាវដល់ប្រជាពលរដ្ឋកុំជឿការឃោសនាអូសទាញពីមជ្ឈដ្ឋានអ្នកនយោបាយខ្លះ ដែលមានបំណងដើម្បីកៀរគរប្រមែប្រមូលប្រជាពលរដ្ឋដែលគាំទ្រទៅប្រឆាំងរាជរដ្ឋាភិបាលឲ្យសោះ តាមរយៈបាតុកម្ម ឬមហាបាតុកម្មជាដើម ។ សម្តេចបញ្ជាក់ថា ៖ការធ្វើបាតុកម្មនេះប្រវត្តិសាស្ត្របានព្រមានយើងរួចហើយ គឺរដ្ឋាភិបាលសព្វថ្ងៃ គឺជារដ្ឋាភិបាលកើតចេញពីការបោះឆ្នោតដោយប្រជាពលរដ្ឋជាង៨០% ដោយ គ្មានអំពើហិង្សារបួសស្នាម ឬស្លាប់នោះទេ ។ ហើយមានការទទួលស្គាល់ពីលក្ខណៈអន្តរជាតិ បើទោះបីជាប្រទេសមួយចំនួនមិនបានទទួលស្គាល់ តែប្រទេសច្រើនគេទទួលស្គាល់ ។ ជាក់ស្តែងនោះមកដល់ពេលនេះ កម្ពុជាកំពុងធ្វើទំនាក់ទំនងជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក ហើយមិនបានចាត់ទុកប្រទេសណាជាសត្រូវនោះទេ ។
ជាមួយគ្នានោះដែរ សម្តេច សខេង ក៏បានបញ្ជាក់យ៉ាងម៉ឹងម៉ាត់ថា ជំហរនយោបាយរបស់កម្ពុជា គឺស្វាគមន៍មិត្តភក្តិបណ្តាប្រទេសទាំងអស់ នៅលើសកលលោក ដោយមិនប្រកាន់និន្នាការនយោបាយនោះទេ ។ សម្តេចថា ៖ចង់និយាយថា ប្រទេសនោះប្រកាន់របបនយោបាយលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចកម្ពុជាក៏យើងស្វាគមន៍ ប្រទេសប្រកាន់របបកុម្មុយនីស្តក៏យើងស្វាគមន៍ ។ ព្រោះថា ពេលនេះទំនាក់ទំនងអន្តរជាតិចង់ដូរហើយ ដោយពីមុនប្រទេសមហាអំណាច គឺនយោបាយទំនាក់ទំនងការបរទេសគេពឹងផ្អែកលើមនោគមន៍វិជ្ជារបស់គេ ឯរឿងផ្សេងទៀតគេដូរហើយ ។ គេឥឡូវគេគិតគូររឿងរកស៊ីជាមួយគ្នា ប្រទេសសេរីមកធ្វើសម្ព័ន្ធមិត្តជាមួយប្រទេសកុម្មុយនីស្តក៏មានដែរ ហើយប្រទេសប្រទេសកុម្មុយនីស្តយ៉ាងជិតស្និទ្ធជាមួយសេរីក៏មាន ដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចក៏មានដែរ។ សព្វថ្ងៃនេះរាជរដ្ឋាភិបាលបានកំពុងខិតខំពង្រឹងសន្តិសុខ និងស្ថេរភាព ទំនាក់ទំនងឲ្យកាន់តែរឹងមាំបន្ថែម ៕ ដោយ៖កូឡាប