រតនគិរី៖ បន្ទាប់ពីចាប់ខ្លួន ហើយបញ្ជូនខ្លួនទៅដល់ភ្លាម សាលាដំបូងខេត្តរតនគិរី កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ បានដេញដីកាឃុំខ្លួនលោក អ៊ុក សំអុលអតីតអភិបាលក្រុងបានលុង ពីបទ សមគំនិតក្នុងអំពើលួច ហើយបញ្ជូនខ្លួនទៅឃុំក្នុងពន្ធនាគារខេត្តរតនគិរី រង់ចាំជំនុំជម្រះបន្តទៀត។
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនលោក អ៊ុក សំអុល អតីតអភិបាលក្រុងបានលុង ដោយយោងតាមដីការបស់សាលាដំបូងខេត្តរតនគិរី ពីបទ សមគំនិតក្នុងអំពើលួច ដែលប្រព្រឹត្តកាលពីខែមករា ឆ្នាំ២០១៧។
បើតាមលោកហិន វិសិដ្ឋ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តរតនគិរី លោក អ៊ុក សំអុល ត្រូវបានឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី៣ខែមករាឆ្នាំ២០១៨ នៅម្តុំ ពេទ្យលោកសង្ឃ រាជធានីភ្នំពេញ ហើយ ត្រូវបានបញ្ជូនទៅដល់សាលាដំបូងខេត្តរតនគិរីហើយ នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨នេះ ដែលកន្លែងដើមនៃម្ចាស់បណ្តឹង។ លោក អ៊ុក សំអុល អាយុ៣៨ឆ្នាំ ជាមន្ត្រីរាជការ មានទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ជននេះត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ សមគំនិតក្នុងអំពើលួថ តាមបញ្ញត្តិមាត្រា២៩ មាត្រា៣៥៣ និងមាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅភូមិ៤ សង្កាត់កាចាញ ក្រុងបាលុង ខេត្តរតនគិរី កាលពីថ្ងៃទី៩ខែមករាឆ្នាំ២០១៧ ប៉ុន្តែទោះយ៉ាងណា លោកចៅក្រមមិនបានបញ្ជាក់ក្នុងដីកាអំពីមូលហេតុពិតប្រាកដដែលឈានទៅការចោទប្រកាន់ដូចខាងលើនេះទេ។
លោកចៅក្រមយល់ឃើញថា តាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី បានបញ្ជាក់ថាបានទៅដល់លំនៅដ្ឋានរបស់ឈ្មោះអ៊ុក សំអុល ស្ថិតនៅភូមិថ្មដា សង្កាត់បឹងកន្លែង ក្រុងបានលុង ខេត្តរតនគិរី ហើយ ឃើញថាទ្វាររបង និងទ្វារផ្ទះត្រូវបានចាក់សោ គឺមិនមាននរណាម្នាក់នៅទីនោះឡើយ។ តាមកំណត់ហេតុស្តីពីការចុះអនុវត្តបញ្ជាក់ថាជនត្រូវចោទឈ្មោះអ៊ុក សំអុល គឺរត់គេចខ្លួនមិនរស់នៅក្នុងខេត្តរតនគិរីនេះទេ។ គប្បីតុលាការចេញដីកាចាប់ខ្លួន៕ ដោយ៖បញ្ញាស័ក្តិ