ស្ទឹងត្រែង៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តស្ទឹងត្រែង បានកោះហៅបុរសម្នាក់ ជាឪពុក មកធ្វើការសួរនាំពីការចោទប្រកាន់ករណីរំលោភកូនស្រីបង្កើតខ្លួនឯង នាពេលកន្លងមក។ ករណីនេះកើតឡើងកាលពីខែមិថុនា ឆ្នាំ២០១៧កន្លងទៅ តែទើបបែកធ្លាយនៅពេលនេះ ដោយសារក្មេងស្រីរងគ្រោះបាននិយាយប្រាប់ម្តាយនាង។ ជនសង្ស័យឈ្មោះ គង់ ភារម្យ អាយុ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ ។ ជនសង្ស័យជាឪពុក បានចាប់រំលោភកូនបង្កើតខ្លួនឯង អាយុ១២ឆ្នាំ បានសម្រេច២ដង ។
លោក ដួង ស៊ីវុត្ថា នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ខេត្តស្ទឹងត្រែង បានថ្លែងថា បន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានឪពុកបង្កើតរំលោភបានសម្រេចចំនួន២ដង រួចមកហើយនោះ ក្មេងស្រីរងគ្រោះ ក៏បានប្រាប់ម្តាយនាងឲ្យបានដឹង ក៏ប៉ុន្តែម្តាយរបស់នាងមិនហ៊ានប្តឹងសមត្ថកិច្ចទេ ព្រោះខ្លាចប្តីរបស់ខ្លួនវាយធ្វើបាប។ លុះដល់ថ្ងៃឃាត់ខ្លួនជនសង្ស័យខាងលើ បានកើតមានឡើងនៅពេលក្មេងស្រីរងគ្រោះ បានទៅលេងផ្ទះអ៊ុំបង្កើតរបស់នាង នៅខេត្តកំពង់ចាម។ បន្ទាប់មកអ៊ុំបង្កើតរបស់នាង ក៏បាននាំនាងទៅដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាល នៅខេត្តកំពង់ចាម ប៉ុន្តែសមត្ថកិច្ចមិនទទួលពាក្យបណ្តឹងនោះទេ ព្រោះខុសទឹកដី។
លោក ដួង ស៊ីវុត្ថា បានបញ្ជាក់ថា បន្ទាប់ពីក្មេងស្រីរងគ្រោះ ត្រូវបានឪពុកបង្កើតរំលោភបានសម្រេចចំនួន២ដងរួចមកហើយនោះ អ៊ុំបង្កើតរបស់ក្មេងស្រីរងគ្រោះ ក៏បានធ្វើដំណើរមកខេត្តស្ទឹងត្រែង ដើម្បីដាក់ពាក្យប្តឹង។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងនេះភ្លាម លោក ដួង ស៊ីវត្ថា ក្រោមការបញ្ជាពីលោកស្នងការ បានបញ្ជាឲ្យកម្លាំងជំនាញ នាំខ្លួនជនសង្ស័យដើម្បីសួរនាំនៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ៕ ដោយ៖បញ្ញាស័ក្តិ