Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិធីថ្វាយព្រះពរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រៀបចំថ្វាយពីសហភាពសហព័ន្ធយុវជនកម្ពុជា

ភ្នំពេញ ៖ ក្នុងទឹកចិត្តដ៏ថ្លៃថ្លាដើម្បីសម្ដែងថ្វាយនូវកតញ្ញូកតវេទីតាធម៌ និងដោយទទួលបានព្រះបរមរាជាអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ថ្វាយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ កូនចៅ ចៅទួតនៃមហាគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រារព្ធពិធីថ្វាយព្រះពរព្រះរាជពិធីចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧២ យានចូល ៧៣ព្រះវស្សា នាព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥នេះ នៅខាងមុខព្រះទីនាំងចន្ទច្ឆាយា នៃព្រះបរមរាជវាំង។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមព្រះអធិបតីភាព និងអធិបតីភាព សម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងវត្តមានថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ប្រមាណ ៤០០ នាក់។

នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ ជាអភិរម្យសម័យថ្លៃថ្លា ដែលជាការឈានចូលមកដល់ នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ ព្រះករុណាព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៧២ យាងចូល ៧៣ព្រះវស្សា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាបានប្រារព្ធពិធីថ្វាយព្រះរាជសព្ទសាធុការពរជ័យ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលបានប្រព្រឹត្តទៅនៅបរិវេណខាងមុខព្រះទីនាំងចន្ទឆាយា ព្រះបរមរាជវាំង។ ស្ថិតក្នុងវរោកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនេះ ទូលព្រះបង្គំយើងខ្ញុំជាកូនចៅ សូមលើកអញ្ជលីប្រណម្យបួងសួងដល់អស់វត្ថុសក្តិសិទ្ធិក្នុងលោក គុណបុណ្យរតនត្រៃ កែវទាំងបី បុណ្យបារមីទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ទេវតាថែរក្សាទឹកដីព្រះរាជាណាចក្រកម្ពុជា ជាពិសេសដួងព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីគ្រប់ព្រះអង្គ សូមយាងប្រោះព្រំសព្ទសាធុការពរជ័យ សិរីបវរ មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបនូវព្រះរាជជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះរាជកាយពលមាំមួន ព្រះរាជបញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជុំនៃកូនចៅប្រជានុរាស្រ្តតរៀងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×