ភ្នំពេញ ៖ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍលើវិស័យមីន ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាសមាជិកនៃក្រុមការងារបច្ចេកទេស។
ក្នុងកិច្ចប្រជុំ តាងនាមឱ្យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន ឯកឧត្ដមបណ្ឌិត លី ធុជ បានសម្តែងនូវការអរគុណ និងកោតសរសើរចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ និងរួមចំណែកប្រកបដោយទឹកចិត្តសប្បុរស ក្នុងបុព្វហេតុមនុស្សធម៌ចូលរួមដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រយៈពេលជាង ៣០ឆ្នាំនេះ វិស័យមីននៅកម្ពុជា បានទទួលការគាំទ្រយ៉ាងពេញទំហឹងពី សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តគាំទ្រយ៉ាងមុតមាំពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ ដែលភាពជោគជ័យនេះ ក៏បានមកពីរួបរួមគ្នាពីគ្រប់ក្រសួងស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ផងដែរ។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជានៅបន្តដំណើរយ៉ាងវែងឆ្ងាយទៀតក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ប្រមាណជា ១.៦៥៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនមានទំហំ ៤៦៩ គីឡូម៉ែត្រក្រឡា ដែលតម្រូវឱ្យមានការចូលរួមគាំទ្របន្ថែម និងមានការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់អះអាងជាថ្មីថា អាជ្ញាធរមីន ដែលជាសេនាធិការឲ្យរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តខិតខំសហការយ៉ាងជិតស្និទ្ធ និងព្យាយាមសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអនុវត្តន៍នូវចក្ខុវិស័យរបស់ សម្តេចធិបតី ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាធានាថារាល់ធនធានបោសសម្អាតមីនទាំងអស់ នឹងត្រូវប្រើប្រាស់ឲ្យចំគោលដៅជាអាទិភាព។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យក្រសួង-ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធទាំងអស់ បន្តគាំទ្រ និងរួមគ្នាដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ជាមួយនឹងភាពជោគជ័យក្នុងប្រទេស ឯកឧត្តមទេសរដ្ឋមន្រ្តី បញ្ជាក់ទៀតថា កម្ពុជា មានមោទនភាពបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) យ៉ាងសកម្ម និងទទួលបានការវាយតម្លៃខ្ពស់លើឆាកអន្តរជាតិ ជាមួយនឹងការដាក់ចេញនូវគោលដៅច្បាស់លាស់ និងម៉ឺងម៉ាត់របស់សម្តេចធិបតី គោរពនូវគោលការណ៍នៃអនុសញ្ញាឱ្យបានខ្ជាប់ខ្ជួន និងមានការប្តេជ្ញាចិត្ត ដើម្បីរួមចំណែកលុបបំចាត់ទុក្ខវេទនាបង្កដោយមីនប្រឆាំងមនុស្ស និងនាំមកនូវសេចក្តីថ្លៃថ្នូរជូនមនុស្សជាតិ។ ជាមួយគ្នានោះ វិស័យសកម្មភាពមីន ក៏បានរួមចំណែកផងដែរ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងពង្រឹងភាពជាដៃគូ បានយ៉ាងទូលំទូលាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




