ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានសមាជរដ្ឋសភានិងព្រឹទ្ធសភា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០នាទី គណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន សមាជរដ្ឋសភានិងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ឯកឧត្តមគតិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាជំនួយការគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភាផងដែរ។
ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានអនុម័តយល់ព្រមលើរបៀបវារៈនៃកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាមានចំនួន ៦សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។ បន្ទាប់ មកអង្គប្រជុំបានពិភាក្សា និងអនុម័តតាមរបៀបវារៈ ដែលមានលទ្ធផលដូចខាងក្រោម៖
-របៀបវារៈទី១ អង្គប្រជុំអនុម័តសេចក្តីស្នើសុំកោះប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា ដើម្បីពិភាក្សាលើ ប្រធានបទសំខាន់ចំនួន៣ របស់ប្រទេសជាតិ ដែលមាន ប្រធានបទ៖ អំពីប្រព័ន្ធគាំពារសង្គម, ប្រធានបទ៖ អំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទ៖ អំពីវិស័យកសិកម្ម។ សំឡេងអនុម័តរបៀបវារៈទី១ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។
-របៀបវារៈទី២ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ជូន ឯកឧត្តម យស ផានីត្តា និងឯកឧត្តម ឈាង វុន ដោយសហការជាមួយ លោកជំទាវ មាន សំអាន និងលោកជំទាវ ឡោក ខេង ជាជំនួយ ការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាធ្វើការពិនិត្យនិងសិក្សាហើយធ្វើរបាយការណ៍ និងសេចក្តីព្រាង សេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី២ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។
-របៀបវារៈទី៣ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូន ឯកឧត្តម អ៊ុ សារឹទ្ធ និងលោកជំទាវ និន សាផុន ដោយសហការជាមួយ លោកជំទាវ មាន សំអាន លោកជំទាវ ឡោក ខេង ឯកឧត្តម យស ផានីត្តា និងឯកឧត្តម ឈាង វុន ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូនគណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៣ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល។
-របៀបវារៈទី៤ អង្គប្រជុំអនុម័តប្រគល់ប្រធានបទអំពីវិស័យកសិកម្ម ជូន ឯកឧត្តម ម៉ុង ឫទ្ធី និង ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ជាជំនួយការគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា ធ្វើការពិនិត្យ និងសិក្សា ហើយធ្វើរបាយការណ៍ និងសេចក្តីព្រាងសេចក្តីសម្រេចរបស់សមាជ ជូន គណៈកម្មាធិការសមាជ រដ្ឋសភានិងព្រឹទ្ធសភា។ សំឡេងអនុម័តរបៀបវារៈទី៤ មានចំនួន ៦សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភានិងព្រឹទ្ធសភាទាំងមូល៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















