Wednesday, December 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​អប់រំ​ប្រាប់​ឲ្យ​សិស្ស​និស្សិត​ចូលរួម​ទស្សនា ការតាំងពិព័រណ៍​វត្ថុ​សិល្បៈ​ធ្វើ​អំពី​មាស និង​ប្រាក់ របស់​ខ្មែរ​បុរាណ នៅ​សារមន្ទីរ​ជាតិ​

​ភ្នំពេញ​៖ លោកស្រី​គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចេញ​សេចក្តីជូនដំណឹង ដោយបាន​អំពាវនាវ​ដល់​សាធារណជន ជាពិសេស សិស្ស និង​និស្សិត ឲ្យ​អញ្ជើញ​ចូលរួម​ទស្សនា ការតាំងពិព័រណ៍​វត្ថុ​សិល្បៈ​ធ្វើ​អំពី​មាស និង​ប្រាក់​របស់​ខ្មែរ​បុរាណ នៅ​សារមន្ទីរ​ជាតិ​រាជធានី​ភ្នំពេញ ដែល​មាន​រយៈពេល​១​ខែ ចាប់ពី​ថ្ងៃ​ទី​៥ ខែ​មករា ដល់​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១៨​។​

​បើ​តាម​ការបញ្ជាក់​របស់​លោកស្រី​គឹម សេដ្ឋា​នី ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​រៀបចំ​តាំងពិព័រណ៍ ដើម្បី​ដាក់​បង្ហាញ​នូវ​វត្ថុ​សិល្បៈ​ធ្វើ​អំពី​មាស និង​ប្រាក់​របស់​ខ្មែរ​បុរាណ​ជាពិសេស​គឺ​រំលឹក​នូវ​គ្រឿងអលង្ការ​អំពី​មាស នា​សម័យអង្គរ ជា​សម្បត្តិ​បេតិកភណ្ឌ ជូន​សាធារណជន​ចូល​ទស្សនា​នៅ​សារមន្ទីរ​ជាតិ រាជធានី​ភ្នំពេញ​។​

​ជាមួយគ្នា​នោះ​ដែរ ពិធី​សំពះគ្រូ និង​ការតាំងពិព័រណ៍​គ្រឿងអលង្ការ​ខ្មែរ​បុរាណ រយៈពេល​១​ខែ ពិព័រណ៍​នេះ តាំង​បង្ហាញ គ្រឿងអលង្ការ មាស​សម្រាប់​បំពាក់ ព្រះ​បដិមា​សម័យអង្គរ ដែល​ព្រះរាជាណាចក្រ​កម្ពុជា​ទើប​ធ្វើ​មាតុភូមិនិវត្តន៍​ពី​ទីក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស កាលពី​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៧​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​៤​ខែ​មករា​ឆ្នាំ​២០១៨ ដែល​មាន​លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​ទំនាក់ទំនង​ជាមួយ រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច ជា​អធិបតី ។​

​លោកស្រី ម៉ែន សំអន បានបញ្ជាក់​ថា​៖ ពិព័រណ៍​នេះ បាន​បង្ហាញ​ឲ្យឃើញ​នូវ​វត្ថុ​ពិចិត្រៗ ជា​គ្រឿងអលង្ការ និង​គ្រឿង​លំអ ធ្វើ​ពី​មាស និង​ប្រាក់ ដែល​ជា​ស្នាដៃ​សិល្បៈ​ខ្មែរ បុរាណ​ដ៏​វិចិត្រ និង​គំនិត​ឆ្នៃប្រឌិត​នៃ​គ្រូ និង សិល្បករ​ខ្មែរ​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ​។

​លោកស្រី ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បានបញ្ជាក់​ថា​៖ ពិព័រណ៍​នេះ គឺ​មាន​គោលបំណង​ដ៏​ធំ​មួយ​ដែល ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មាន​មោទនភាព បាន​វត្ថុ​ដែល​មាន​តម្លៃ​មិន​អាច​កាត់ផ្លៃ របស់​ខ្មែរ ពី​បរទេស មក​ដាក់​តាំង ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​ទស្សនា នៅពេលនេះ ដូច​ជា​គ្រឿង អលង្ការ​ដ៏​កម្រ និង​ប្រណិត​ធ្វើ​អំពី​មាស ដែល​ដូនតា​ខ្មែរ បាន​រចនា ដើម្បី​ពាក់​លំអ​ដល់​ព្រះ​បដិមា​ព្រហ្មញ្ញសាសនា និង​ពុទ្ធសាសនា​។ វត្ថុ​បុរាណ​ទាំងនេះ​ពិតជា​គូសបញ្ជាក់​ពី​អរិយធម៌​ដ៏​រុងរឿង និង​យូរអង្វែង​របស់​កម្ពុជា ដែល​ធ្លាប់​ជា​អតីត​អធិ​រាជាណាចក្រ​មួយ​នៅ​អាស៊ី​។ នេះ​ជា​លើក​ទី​១​ហើយ ដែល​កម្ពុជា មាន​មោទនភាព ទទួល វត្ថុ​ដែល​មាន​តម្លៃ​មិន​អាច​កាត់ផ្លៃ​បាន​ពី​បរទេស ហើយ​បាន​មក​ដាក់​តាំង​បង្ហាញ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​យល់ដឹង និង​ស្វែងយល់​កាន់តែច្បាស់ ពី​តម្លៃ​វ​ប្បធ​ម៏​របស់​ខ្មែរ​នា​សម័យ​បុរាណ​។​

​លោកស្រី​ក៏​បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ សូមមេត្តា​ចូលរួម​ថែ រក្សា និង​ការពារ​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​ដែល​តាំង​នៅ​ទីនេះ ក៏ដូចជា​វត្ថុ​បុរាណ​ជាតិ ទាំងអស់​ឱ្យបាន​គង់វង្ស ព្រោះ​វត្ថុ​ទាំងនេះ សុទ្ធតែ​មាន​ប្រវត្តិ​ដ៏​យូរលង់ និង​មាន​បារមី​សក្តិ​សិទ្ធ​ជួយ​ប្រោះព្រំ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ឱ្យបាន សុខក្សេមក្សាន្ត ត្រជាក់ត្រជុំ និង​មាន​ការ​អភិ​វ​ឌ​ន្ឍ​ន៍​តរៀង​ទៅ​៕ ដោយ ៖ កូឡាប​

×