ភ្នំពេញ៖ ក្នុងពិធីបិទសិក្ខាសាលាទស្សនាទានព្រះពុទ្ធសាសនា និងពង្រឹងការផ្សព្វផ្សាយព្រះធម៌ នៃក្រសួងធម្មការនិងសាសនា ជាកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនា គឺមានសារសំខាន់ និងអត្ថន័យធំធេងបំផុតសម្រាប់អប់រំ ទូន្មាន កូនខ្មែរគ្រប់រូប ឲ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម ចៀសផុតពីគ្រឿងញៀន គ្រឿងស្រវឹង ពីការជួញដូរមនុស្ស និងចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។
រសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០១៩លោក ហ៊ឹម ឆែម ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអធិបតីក្នុងពិធីបិទសិក្ខាសាលាទស្សនាទានព្រះពុទ្ធសាសនា និងពង្រឹងការផ្សព្វផ្សាយព្រះធម៌លើកទី២ ដែលមានសិក្ខាកាមជាព្រះសង្ឃចួលរួមចំនួន១៨០អង្គ ដែលសុទ្ធតែជាព្រះសង្ឃ និងជាធម្មកថិក កំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព្រះពុទ្ធោវាទ ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អរិយធម៌ខ្មែរ អប់រំសីលធម៌ ចរិយាធម៌ ដល់មហាជនតាមរយៈធម្មទេសនារបស់ព្រះអង្គ ក្នុងកម្មវិធីបុណ្យទាននានាផងដែរ។
លោកទេសរដ្ឋមន្រ្តី បានសរសើរ ចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងធម្មការ និងសាសនា ជាពិសេសនាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម និងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ បង្កើតឲ្យមានវិវឌ្ឍ និងរីកចម្រើនថ្មីៗបន្ថែមទៀត ទាក់ទងទៅនឹងការអប់រំយុវជន អំពីសីលធម៌ ចរិយាធម៌ គុណធម៌តាមបែបព្រះពុទ្ធសាសនា ឲ្យស្គាល់ពីគុណមាតាបិតា គុណគ្រូ ឲ្យចៀសផុតពីការប្រើប្រាស់គ្រឿងញៀនជាដើម និងការពង្រឹងការគ្រប់គ្រងផ្សព្វផ្សាយព្រះធម៌តាមប្រព័ន្ធផ្សព្វផ្សាយនានា សំដៅរួមចំណែកកសាងធនធានមនុស្ស និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា។
កម្មវិធីទស្សនាទានព្រះពុទ្ធសាសនា នៃក្រសួងធម្មការនិងសាសនា ជាកម្មវិធីអប់រំតាមបែបព្រះពុទ្ធសាសនា គឺមានសារសំខាន់ និងអត្ថន័យធំធេងបំផុតសម្រាប់អប់រំ ទូន្មាន កូនខ្មែរគ្រប់រូប រួមមាន៖ ឲ្យប្រកាន់ខ្ជាប់នូវអំពើល្អ សីលធម៌ គុណធម៌ ចរិយាធម៌ សេចក្តីថ្លៃថ្នូរនៅក្នុងសង្គម។ ចៀសផុតពីគ្រឿងញៀន គ្រឿងស្រវឹង ពីការជួញដូរមនុស្ស។ ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារ និងក្នុងសង្គម។
បង្ការគ្រោះថ្នាក់ចរាចរ។ ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ។ រួមចំណែករក្សា ភូមិ ឃុំ មានសុវត្ថិភាព។
អក្ខរកម្មឆ្ពោះទៅរកការសិក្សាពេញមួយជីវិត។ ការចិញ្ចឹមកូនបែបវិជ្ជមាន។
ក្នុងឱកាសនេះផងដែរ លោកទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងនាមក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការ ឱ្យរាជរដ្ឋាភិបាល សូមគាំទ្រនិងយកចិត្តទុកដាក់ ដល់ផែនការសកម្មភាពទាំងឡាយ របស់នាយកដ្ឋានស្រាវជ្រាវ ផ្សព្វផ្សាយពុទ្ធសាសនាផ្សារភ្ជាប់សង្គម និងជំរុញឲ្យមានការបន្តធ្វើសិក្ខាសាលាបែបនេះជារៀងរាល់ឆ្នាំជាបន្តទៀត។ ដោយអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុងការដឹកនាំវិស័យសាសនា មានតួនាទីភារកិច្ចក្នុងការអនុវត្តកម្មវិធីមុំទី៤ នៃយុទ្ធសាស្ត្រចតុកោណ កំណើនការងារ សមធម៌ និងប្រសិទ្ធភាព សំដៅសម្រេចឲ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងការកសាងសមត្ថភាព និងការអភវឌ្ឍធនធានមនុស្ស។ ទោះជាយ៉ាងណាក្តី ដើម្បីធានាដល់ការសម្រេចបាននូវគោលបំណងខាងលើនេះ គឺតម្រូវឲ្យមានការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់ភាគី អនុវត្តន៍ និងអ្នកពាក់ព័ន្ធទាំងអស់។
ទន្ទឹមនឹងនេះផងដែរ លោកទេសរដ្ឋមន្រ្តី សូមសំណូមពរព្រះតេជព្រះគុណគ្រប់ព្រះអង្គ សូមព្រះមេត្តាយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការចូលរួមសិក្ខាសាលានាពេលនេះ និងចំណេះដឹងដែលមានស្រាប់ទៅធ្វើការផ្សព្វផ្សាយ អប់រំ ដល់ពុទ្ធបរិស័ទ ពិសេសយុវវ័យ ឲ្យយល់ដឹងទាំងច្បាប់រដ្ឋ និងច្បាប់សាសនា មានសីលធម៌ សុជីវធម៌ ក្នុងការរស់នៅ ដឹងគុណមាតាបិតា គុណគ្រូ ស្គាល់បុណ្យ ស្គាល់បាប ជៀសផុតពីការសេពគ្រឿងញៀន គ្រឿងស្រវឹង យល់ដឹងពីច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរជាដើម តាមរយៈការសម្តែងព្រះធម៌ទេសនាក្នុងកម្មវិធីបុណ្យ និងពិធីជួបជុំនានា៕ ដោយ៖បញ្ញាស័ក្តិ