ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានស្នើភាគីចិនធ្វើការអភិវឌ្ឍចង្វាក់តម្លៃបន្ថែម សម្រាប់ដំណាំដំឡូងមី និងមៀនប៉ៃលិន ដើម្បីពង្រីកការនាំចេញផលិតផលទាំងពីរនេះឲ្យបានអតិបរិមា។ លោករដ្ឋមន្ត្រីថ្លែងបែបនេះនៅក្នុងជំនួបជាមួយប្រតិភូកសិកម្មចិន ដឹកនាំដោយលោក ហ៊ឺ ជៀនយ៉ាង (HE Jianxiang) អគ្គនាយករង ទទួលបន្ទុកការិយាល័យកែច្នៃផលិតផលកសិកម្ម នៃក្រសួងកសិកម្មប្រទេសចិន កាលពីរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រី បានជម្រាបប្រតិភូចិន អំពីអត្ថប្រយោជន៍នៃដំឡូងមី ដែលជាដំណាំអទិភាពទី២ និងមានសក្តានុពលនាំចេញខ្ពស់របស់កម្ពុជា បន្ទាប់ពីដំណាំស្រូវ ព្រមទាំងផ្លែមៀនប៉ៃលិន ដែលជាឈើហូបផ្លែមានតម្រូវការខ្ពស់នៅលើទីផ្សារ។លោកបានគូសបញ្ជាក់ថា កម្ពុជាកំពុងចងក្រងគោលនយោបាយដំឡូងមី និងដំណាំផ្សេងៗរួមទាំងមៀនប៉ៃលិន ដើម្បីជំរុញការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញ សំដៅធ្វើពិពិធកម្មវិស័យការងារជូនប្រជាជន និងកាត់បន្ថយភាពក្រីក្រ។
“កម្ពុជាមានដីអំណោយផលសម្រាប់វិស័យកសិកម្ម ជាពិសេសដំឡូងមី និងមៀនប៉ៃលិន ហើយយើងចង់សហការជាមួយវិនិយោគិនចិន ដើម្បីកែច្នៃផលិតផលទាំងពីរនេះ សំដៅនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ ដោយពុំចាំបាច់ឆ្លងកាត់ប្រទេសទីបី ដូចបច្ចុប្បន្ន” លោក ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់។
ជាការឆ្លើយតប លោក ហ៊ឺ ជៀនយ៉ាង បានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រីដែលបានផ្តល់ព័ត៌មានអំពីដំណាំសក្តានុពលរបស់កម្ពុជា ហើយលោកបានសន្យានឹងយកសំណើនេះ ទៅពិភាក្សាឲ្យបានស៊ីជម្រៅ និងសិក្សាបន្ថែម អំពីលទ្ធភាពសហការវិនិយោគលើការអភិវឌ្ឍចង្វាក់តម្លៃនៃផលិតផលទាំងពីរ និងដំណាំសក្តានុពលផ្សេងៗទៀតរបស់កម្ពុជា ដូចជា ពោត ស្រូវ និងស្វាយជាដើម។
ទន្ទឹមគ្នានេះដែរ លោក ហ៊ឺ ជៀនយ៉ាង ក៏បានជូនអនុសាសន៍ដល់ លោករដ្ឋមន្ត្រី លើកយកសំណើនេះ ទៅពិភាក្សាជាមួយរដ្ឋមន្ត្រីកសិកម្មចិន ដែលនឹងអញ្ជើញអមដំណើរ លោក លី គឺឈាំង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នាដើមសប្តាហ៍ក្រោយ។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីសរុបរវាងចិន និងកម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័ស ជាមធ្យម ២៦% ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ កាលពីឆ្នាំ ២០១៦ ប្រទេសទាំងពីរ សម្រេចបានទំហំពាណិជ្ជកម្ម ដល់ទៅ ៤៨០០លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់កម្ពុជាមានទឹកប្រាក់ ៨៣០លានដុល្លារ និងនាំចូល ៣៩០០លានដុល្លារ។ ចិន គឺជាប្រទេសវិនិយោគធំជាងគេនៅកម្ពុជា ដែលគិតត្រឹមឆ្នាំ ២០១៦ វិនិយោគរបស់ចិនមានចំនួន ៥០០០១០០លានដុល្លារ លើវិស័យមួយចំនួនដូចជា កម្មន្តសាល សំណង់ វាយនភ័ណ និងអគ្គិសនី។ ដោយឡែកភ្ញៀវទេសចរណ៍ចិន ដែលមកកម្ពុជាបានកើនដល់ ៨៣ម៉ឺននាក់នៅក្នុងឆ្នាំ ២០១៦ គឺបានកើនឡើង ២០% បើធៀបនឹងឆ្នាំ២០១៥។ នៅក្នុងឆ្នាំ២០១៨នេះ ចិនក៏បានយល់ព្រមឲ្យកម្ពុជានាំចូលអង្ករ ៣០ម៉ឺនតោនផងដែរ៕ ដោយ៖បញ្ញាស័ក្តិ