ភ្នំពេញ៖ លោកឧត្ដមសេនីយ៍ទោ មិន សុផេត ស្នងការរងនគរបាល រាជធានីភ្នំពេញបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្នុងចំណោមជនល្មើសទាំង ១២នាក់ គឺជនល្មើសចំនួន ១០នាក់ ត្រូវបាននគរបាលខណ្ឌសែនសុខ នគរបាលខណ្ឌពោធិ៍សែនជ័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស គឺប្រើជើងធាក់យកម៉ូតូពីជនរងគ្រោះជាច្រើនគ្រឿង។
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោ មិន សុផេត ស្នងការរងនគរបាល រាជធានីភ្នំពេញ លោក ម៉ូវ ម៉ានិត ប្រធានគណ:បញ្ជាការឯកភាព រដ្ឋបាលខណ្ឌសែនសុខ និងជាអភិបាលខណ្ឌ និងលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ បានធ្វើសន្និសិទ្ធសារព័ត៌មាន បង្ហាញមុខក្រុមចោរប្លន់ និងអ្នកទិញផលចោរកម្មសរុបចំនួន ១២នាក់ ដែលឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើការស្រាវជ្រាវកំណត់មុខសញ្ញា ។
សូមបញ្ជាក់ថា : ក្នុងចំណោមជនល្មើសទាំង ១២នាក់ គឺជនល្មើសចំនួន ១០នាក់ ត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ និងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កាលពីនៅថ្ងៃទី២ កញ្ញា ២០១៩ នៅចំណុចរង្វង់មូលចោមចៅ ដែលពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្រើជើងធាក់យកម៉ូតូ) ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី៧ មិថុនា ២០១៩ វេលាម៉ោង៣ និង០០នាទី នៅចំណុចមុខខាងហាងពន្លឺពេជ្រ ផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ដោយឡែក ជនល្មើសចំនួន ០២នាក់ទៀត ជាក្រុមទិញផលចោរកម្ម ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២ កញ្ញា ២០១៩ វេលាម៉ោង ១០ និង០០នាទី បន្ទាប់ពីបន្តស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់សមត្ថកិច្ច៕ដោយ៖បញ្ញាស័ក្តិ