សៀមរាប ៖ ក្រុមចោរលួចគោឆ្លងខេត្តចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាលស្រុកប្រាសាទបាគង សហការជាមួយកម្លាំងប្រជាការពារភូមិ និងអ្នកភូមឃាត់ខ្លួនជាក់ស្តែង នៅថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង០១នឹង២០នាទី។ ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង។
បន្ទាប់ពីមានសេចក្តីរាយការណ៍ថា មានឡានកូរ៉េពណ៌ស ចំណុះបីតោនកន្លះ ថាមានដឹកគោឆ្លងកាត់តាមផ្លូវភូមិស្ទឹងទ្បើងតាមផ្លូវជាតិលេខ ៦A ឆ្ពោះទៅទិសខាងលិច។ ក្រោយពីទទួលព័ត៌មានបានហើយកម្លាំងសមតិ្តកិច្ចដែលល្បាតកាក់ត្រួតពិនិត្យនៅចំណុច ភូមិត្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ដោយក្នុងឡានមានគោចំនួនបីក្បាល និងមនុស្សបួននាក់។
ពេលសមត្ថកិច្ចកំពុងត្រួតពិនិត្យជនសង្ស័យម្នាក់បានរត់គេច តែត្រូវបានកម្លាំងនគរបាលហ៊ុំព័ទ្ធចាប់ហើយក៏បានយកមកសួរនាំ។ តាមចម្លើយសារភាពរបស់ឈ្មោះ ឆន ចាន់រ៉ា ភេទប្រុស ភូមិដើមរកា ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានសារភាពថាធ្លាប់ធ្វើសារភាពលួចក្នុងខេត្តសៀមរាបចំនួន៤លើក នៅស្រុកពួកមួយលើក និងស្រុកប្រាសាទបាគង ចំនួនបីលើក ដោយឡែកឈ្មោះ កុ លីសា ភេទប្រុស រស់នៅភូមិចំការតាពង ឃុំស្រែស្ដុក ស្រុកកន្ដៀង ខេត្តពោធិ៍សាត់ ជាម្ចាស់ឡាន ឈ្មោះ ម៉ន ចាន់ថា ភេទប្រុស និង ឈ្មោះឌី សៅរ៉ាន់ (ហៅក្ដាម)នៅខេត្តពោធិ៍សាត់ ក៏ធ្វើសកម្មភាពលួចដែរ។
រាល់សកម្មលួចមានការបញ្ជាផ្ទាល់ពីឈ្មោះ ទ ភេទប្រុស មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ តែបានប្រពន្ធនៅម្ដុំផ្សាររលួស។ ចំណែកឈ្មោះណាត ភេទប្រុស ម្ចាស់ឡានកូរ៉េក្បាលពណ៌ខៀវទ្រូងពណ៌សដែលមានស្លាកលេខ ៣A-៨២៨៤ ជាអ្នកខេត្តពោធិ៍សាត់ ក៏ធ្លាប់ចូលរួមធ្វើសកម្មភាពដឹកគោពេលយប់ដែរ។ ក្រោយពីការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចបានកចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាបចាត់ការបន្ត ៕ ដោយ ៖ បញ្ញាស័ក្តិ